ចិន-សេដ្ឋកិច្ច

សេដ្ឋកិច្ច​ចិនមាន​សន្ទុះ ការនាំ​ចេញ​បាន​កើន​ឡើង​ដល់​កំរិត​កំពូល នៅ​ខែមករា-កុម្ភៈ

ការនាំចេញ​ចិន​បាន​កើន​ឡើង​៦០,៦% នៅ​ខែមករា​កុម្ភៈ ២០២១
ការនាំចេញ​ចិន​បាន​កើន​ឡើង​៦០,៦% នៅ​ខែមករា​កុម្ភៈ ២០២១ AFP/ROSLAN RAHMAN

មករា​-កុម្ភៈ ២០២០ សេដ្ឋកិច្ច​ចិន​គាំងស្ទើរ​ស្តូកស្តឹង ដោយ​ហេតុ​មានការរាតត្បាត​កូវីដ​១៩ ប៉ុន្តែនៅ​ឆ្នាំ​នេះ សេដ្ឋកិច្ច​ចិន​ចាប់​មានសន្ទុះ​ឡើង​វិញ និង​ជា​សន្ទុះ​ដ៏​ខ្លាំងក្លា​ទៀត។ ក្នុង​ខែ មករា-កុម្ភៈ ២០២១ ការនាំ​ចេញ​របស់​​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទីពីរ​ពិភពលោក បានស្ទុះ​ឡើង​ដល់​ ៦០,៦% នៃការនាំចេញ​ប្រចាំ​ឆ្នាំ។ នេះ​បើ​តាម​តួលេខ​ផ្តល់ដោយ​ស្ថាប័ន​ពន្ធគយ​ចិន។

ផ្សាយពាណិជ្ជកម្ម

ជាល្បឿន​នាំ​ចេញ​ដ៏​ខ្លាំងក្លា​បំផុត​គិត​ចាប់​តាំងពី​ខែ​កុម្ភៈ​ឆ្នាំ​១៩៩៥​មក។ អ្នក​ជំនាញសេដ្ឋកិច្ចនៃ​​ភ្នាក់ងារBloomberg ​បាន​ព្យាករណ៍​ថា​ការ​នាំចេញ​ចិន​នឹង​ស្ទុះ​ឡើង​ខ្លាំង​ ក្នុង​កំរិត​ត្រឹម​ប្រមាណ​៤០%។ ប៉ុន្តែ​តួលេខ​ផ្លូវការ​ផ្សព្វផ្សាយដោយ​ស្ថាប័ន​ពន្ធគយ​ចិន នៅ​ថ្ងៃអាទិត្យ​ទី ៧ មីនា នេះ​បាន​បង្ហាញថា​ការនាំ​ចេញ​ចិន បាន​កើន​ឡើង​ដល់៦០,៦%​ឯណោះ។

តម្រូវ​ការ​ផ្នែក​ផលិត​ផលវេជ្ជសាស្ត្រ និង​តម្រូវការ​ផ្នែក​សម្ភារៈ​សម្រាប់​ការងារពី​ចម្ងាយ (ធ្វើការ​ពី​ផ្ទះ) មាន​អាទិ៍​កុំព្យូទ័រ ជា​កត្តាសំខាន់​ដែល​បាន​​រុញ​ច្រាន​ការនាំចេញ​ចិន​ឱ្យ​មានសន្ទុះ​​ខ្លាំងយ៉ាងដូច្នេះ ព្រោះ​ពេល​នេះ ពិភពលោកមួយ​ភាគ​ធំ​នៅកំពុង​ប​ន្ត​រង​ការ​រាតត្បាត​ពី​​កូវីដ១៩​នៅ​ឡើយ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​ស្ថាប័ន​ពន្ធគយ​ចិន។

ម្យ៉ាង​វិញ​ទៀត សន្ទុះ​នាំ​ចេញ​​ឡើង​ខ្លាំង មក​ពីតួលេខ​ធៀប​ទាប​ខ្លាំង។ កាលពី​ខែ​មករា-កុម្ភៈ​២០២០ សកម្មភាពសេដ្ឋកិច្ច​គាំង​ស្ទើរ​ទាំង​ស្រុង​ អាជ្ញាធរ​ចិន​មិន​ទាំង​ចេញ​របាយការណ៍លម្អិតនៃ​តួលេខ​ពាណិជ្ជកម្ម​​ប្រចាំ​ខែដ៏​ទាប​ខ្លាំង​​ផង។ ចិន​បង្ហាញ​តែ​ទិន្នន័យ​សរុប​ប្រចាំ​ខែ​មករា​និ​ង​កុម្ភៈ​បញ្ចូល​គ្នា​តែម្តង​ផង។ ទាល់​តែបន្ត​បន្ទាប់​មក​ទៀត ទើប​ចិន​ចាប់​ផ្តើម​ផ្សាយ​តួលេខ​ពាណិជ្ជកម្ម​ប្រចាំ​ខែ​ឡើង​វិញ។

ដោយ​ឡែក​ ក្រៅ​អំពី​ការ​នាំ​ចេញ​កើន​ឡើង​ខ្លាំង ចិន​ក៏​បាន​ទិញ​ផលិតផល​បរទេស​ច្រើន​ជាង​ការ​ព្រាង​ទុក​ដែរ។ នៅ​អំឡុង​ពីរ​ខែ​ដើម​ឆ្នាំ​នេះ ការ​នាំ​ចូលរបស់​ចិន​បាន​កើន​ឡើង​​ដល់​ទៅ ២២,២% ទល់នឹង​១៦% បើ​តាម​ការព្យាកររបស់​អ្នក​វិភាគ។ កាលពី​ខែ​ធ្នូ ២០២០ ការនាំ​ចូល​ចិនក៏​បានកើន​ឡើង​៦,៥%​ដែរ។

ស្តី​អំពី​សល់ផល​ពាណិជ្ជកម្ម​វិញ​ នៅ​ខែ​​មករា និង​កុម្ភៈនេះ មហា​អំណាច​សេដ្ឋកិច្ចចិន មាន​សល់ផល​ពាណិជ្ជកម្ម​ឡើង​ដល់​ ១០៣,៣ពាន់​លាន​ដុល្លារ​ និង៧៨,១៧ពាន់​លាន​ប៉ុណ្ណោះ កាលពី​ខែ​ធ្នូកន្លង​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI