ភូមា

ភូមាបិទ​ហាង​ បិទ​រោងចក្រ ក្រោយ​ការ​ប្រកូក​ប្រកាស​ធ្វើ​កុប្បកម្មទូទៅ

បាតុករ​ភូមា​ដែល​ត្រូវ​កង​កម្លាំង​សមត្ថកិច្ច​បំបែក ថ្ងៃទី ៨​មីនា ២០២១
បាតុករ​ភូមា​ដែល​ត្រូវ​កង​កម្លាំង​សមត្ថកិច្ច​បំបែក ថ្ងៃទី ៨​មីនា ២០២១ AP

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​បី​នាក់ នៅ​ថ្ងៃ​ចន្ទ​ទី ៨​មីនា ២០២១​នេះ។ ប៉ុន្តែ​កម្លាំង​​បាតុកម្ម​មិន​ចុះ​ថយ​ទេ។ ធនាគារ ហាង​ទំនិញ និង​រោងចក្រ​​ត្រូវ​បន្ត​បិទ​ទ្វារ ... ក្រុម​សហជីព​បាន​ប្រកូក​ប្រកាស​ធ្វើ​កុប្បកម្ម​ទូទៅ​​ដើម្បី​បន្ថប់​សេដ្ឋកិច្ច​និង​ដាក់​សម្ពាធ​លើ​មេដឹកនាំ​យោធា។ អ្នក​រដ្ឋការ កសិករ​ បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​ នានា​បាន​នាំ​គ្នា​ចុះ​ថ្នល់​ធ្វើ​បាតុកម្មពេញ​ផ្ទៃ​ប្រទេស ​​ជាមួយ​ក្រុម​យុវជន និង​សកម្មជន​ប្រជាធិបតេយ្យ​។​ ប៉ុន្តែ​កង​កម្លាំង​យោធា​ភូមា ក៏​បាន​បញ្ចេញកម្លាំង​សម្បើម​ ឡោម​ព័ទ្ធ​បាតុករ​យ៉ាង​សន្ធាប់​វិញ​ដែរ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្រុងMyitkyina ភាគ​កណ្តាល​នៃ​ប្រទេស បាតុកម្ម​បាន​ក្លាយ​ជា​ការ​ប៉ះទង្គិច​យ៉ាង​ហិង្សា​និង​យ៉ាង​លឿន​បំផុត។ ស្នូរ​ផ្ទុះ​គ្រាប់​បាន​លាន់​ឮ​ឡើង​យ៉ាង​ទ្រហឹង និង​មាន​បាតុករ​ជា​ច្រើន​នាក់​ប្រលាក់​ឈាម​ក្រហម​ឆ្អៅ ខ្លះ​ដេក​ដី ខ្លះ​លើក​ដឹក​ចេញ​ទៅ​រក​ទី​សង្គ្រោះ។ ជា​សរុប​មាន​ស្លាប់​យ៉ាង​ហោច​ណាស់​ពីរ​នាក់ និង​របួស​ជា​ច្រើន​នាក់។ នៅ​ភាគ​​ខាងត្បូង​ទីក្រុង​រ៉ង់ហ្គូន បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់​ ត្រូវ​គ្រាប់​ចំពោះស្លាប់​នៅ​នឹង​កន្លែង​បាតុកម្ម​ដែរ និ​ងមាន​បាតុករ​ជា​ច្រើន​នាក់​​ផ្សេង​ទៀត​រង​របួស។ នេះ​បើ​តាម​ប្រភព​អ្នក​សង្គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ។

តែ​ការ​ចលនា​បាតុកម្ម​មិន​ចុះ​ថយ​ទេ ! សហជីព​ចំនួន​៩ ដែល​ធំ​និង​សកម្មជាង​គេ​នៅ​ក្នុង​ប្រទេស​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​សកម្មភាព​ការងារ​ទាំងស្រុង ចាប់​ពី​ថ្ងៃ​ចន្ទ​ទី ៨​មីនា​ទៅ ដើម្បី​បន្ថប់​សេដ្ឋកិច្ច​ជាតិ​​។ “ដល់​វេលា​ត្រូវ​បញ្ចេញ​សកម្មភាព​ហើយ! ទុក​ឱ្យ​​សេដ្ឋកិច្ចមាន​សកម្មភាព គឺ​ជា​ការ​ជួយ​របប​សឹក​ឱ្យមក​បង្ក្រាប​ថាមពល​របស់​ប្រជាពលរដ្ឋ​”។ នេះ​ជា​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​សហជីព។

ជា​លទ្ធផល​ រោងចក្រ​កាត់​ដេរ​ដែល​វិស័យ​ដ៏​ស្វាហាប់របស់​ភូមា​​មុន​រដ្ឋប្រហារ​ថ្ងៃទី​១​កុម្ភៈ​ មណ្ឌលពាណិជ្ជកម្ម​ ធនាគារ ស្ថាន​ប្រៃសណី បាន​បិទ​ទ្វារ​ទាំង​អស់​​។ ​ក្រៅ​អំពី​ជនជាតិ​ភាគតិច ​អ្នក​រដ្ឋការ កសិករ​ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​នានា​ ក៏​បាន​នាំ​គ្នា​ចុះ​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​យុវជន​និង​សកម្មជន​ប្រជាធិបតេយ្យ​ នៅ​ពេញ​ផ្ទៃ​ប្រទេស​ទាំង​អស់ ដោយ​មិន​ខ្វល់​នឹង​ពាក្យ​ព្រមាន​របស់​មេដឹកនាំយោធា​ទេ។

ការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ងើប​ធ្វើ​បាតុកម្ម​ប្រឆាំង​​នឹង​រដ្ឋ​ប្រហារ ចាប់​មាន​ឥទ្ធិពល​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​ជា​ច្រើន។​ ធនាគារ​មិន​អាច​ដំណើរកា​រ​បាន​ មន្ទីរពេទ្យ​ត្រូវ​បិទ ស្ថាប័ន​រដ្ឋ​ជា​ច្រើន​គ្មាន​បុគ្គលិក​ធ្វើ​ការ។

របប​សឹក​ភូមា បាន​​ព្រមាន​​លុប​ឈ្មោះនូវ​រាល់​​អ្នក​រដ្ឋការដែល​អវត្តមាន​មិន​មក​ធ្វើ​ការ​ ចាប់​ពី​នៅ​ថ្ងៃ ចន្ទ​ទី​៨​មីនា។ ចំណែក​កង​កម្លាំង​សន្តិសុខ​វិញ ត្រូវ​បាន​ដាក់​ពង្រាយ​​តាំង​ពី​ល្ងាច​ថ្ងៃអាទិត្យ​មក នៅ​តាម​ទី​តាំង​ជា​ច្រើន​ក្នុងក្រុង​រ៉ង់ហ្គូន និ​ងបាន​បើក​ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​ជា​ច្រើន​ក្នុង​ក្រុង។

គិត​តាំងពីផ្ទុះ​​ព្រឹត្តិការណ៍​​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​ អ៊ុងស៊ាន ស៊ូជី​មក ​ មានអ្នក​ទទួល​ខុស​ត្រូវ​តាម​មូលដ្ឋាន អ្នកកាសែត សកម្មជន​ប្រជាធិបតេយ្យ សិល្បករ ជា​ច្រើន​រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​។ ​បាតុករ​យ៉ាង​ហោច​៥០​នាក់​បាន​ស្លាប់។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​អង្កការ​ប្រជាជាតិ​កាលពីសប្តាហ៍​មុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI