ភូមា-រដ្ឋប្រហារ

ក្រុមប្រឹក្សាសន្តិសុខ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ ថ្កោលទោស​កងទ័ពភូមា ដែល​​ប្រើអំពើហិង្សា​​រ​ទៅ​លើ​បាតុករ

សមត្ថកិច្ចភូមា កាន់កាំភ្លើងដេញបំបែក​ក្រុម​បាតុករ នៅក្រុងរ៉ង់ហ្គូន ថ្ងៃទី៦ មីនា ២០២១
សមត្ថកិច្ចភូមា កាន់កាំភ្លើងដេញបំបែក​ក្រុម​បាតុករ នៅក្រុងរ៉ង់ហ្គូន ថ្ងៃទី៦ មីនា ២០២១ AP

កាលពីថ្ងៃ​ពុធម្សិលមិញ ក្រុមប្រឹក្សា​សន្តិសុខ នៃអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយ​បាន​ប្រកាសថ្កោលទោសការប្រើ​អំពើហិង្សា ទៅលើបាតុករ ពីសំណាក់កងទ័ពភូមា។ ចិន និងរុស្ស៊ី ដែលពីមុនបាន​បដិសេធមិន​ឲ្យ​មាន​ការថ្កោលទោសនេះ ទីបំផុតទៅ បាន​សម្រេចចិត្តចុះហត្ថលេខាជាមួយ​ប្រទេសសមាជិក​១៣ផ្សេងទៀត។ តែយ៉ាងណាក៏ដោយ យោងតាមព័ត៌មានចុងក្រោយ​បង្អស់ នៅថ្ងៃព្រហស្បតិ៍ទី១១មីនានេះ មានបាតុករភូមា​យ៉ាងហោច ៩នាក់ទៀតបានស្លាប់ ដោយសារតែការ​បង្រ្កាប បាញ់រះពីសំណាក់សមត្ថកិច្ចកងទ័ពភូមា។

ផ្សាយពាណិជ្ជកម្ម

នេះជាលើកទីមួយហើយ ដែល​ប្រទេសទាំង​១៥ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បាន​យល់ស្របគ្នា ចេញសេចក្តីថ្លែងការរួម ថ្កោលទោសក្រុមកងទ័ពភូមា ចំពោះ​អំពើហិង្សាធ្វើទៅលើប្រជាជនភូមា មានទាំងស្ត្រី អនីតជន និងកុមារ ដែលពួកគេបានធ្វើ​បាតុកម្មដោយ​សន្តិវិធី។ ក្រុមប្រឹក្សាសន្តិសុខ បាន​អំពាវនាវ ឲ្យ​កងទ័ពភូមា ត្រូវតែអត់ធ្មត់ បញ្ឈប់រាល់ការបង្ក្រាបដោយ​ហិង្សា ហើយ​ត្រូវ​ងាកមកស្វែងរកដំណោះស្រាយ ដោយ​សន្តិវិធី។ ប្រទេសទាំង​១៥ នៃក្រុមប្រឹក្សាសន្តិសុខ ក៏បាន​ អំពាវនាវ ឲ្យ​របបសិកភូមា ត្រូវដោះលែង អ្នកទោសនយោបាយ​ទាំងអស់ជាបន្ទាន់។

ចិនដែលធ្លាប់ត្រូវបានគេរិះគន់កន្លងមក ថា​បានរារាំងមិនឲ្យ​ក្រុមប្រឹក្សាសន្តិសុខចេញលិខិតថ្កោលទោស ពេលនេះបានទទួលស្គាល់ថា វាជារឿងចំបាច់បំផុត ដែលក្រុមប្រឹក្សាសន្តិសុខ ត្រូវតែ​សាមគ្គីគ្នា មានសម្លេងតែមួយ នៅក្នុងសំណុំរឿងភូមានេះ។ លោក Zhang Jun ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងផងដែរ​ថា វាដល់ពេល​ដែល​កងទ័ពភូមា ត្រូវបញ្ឈប់រាល់​ការប្រើអំពើហិង្សា ហើយងាកមកចរចា។

ដោយឡែក ក្រៅពី​សេចក្តីថ្លែងការរួម​នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ទើបតែបានសម្រេច​អនុវត្តទណ្ឌកម្ម ទៅលើ​មនុស្ស​២នាក់ ដែលជាកូនរបស់​លោក​មេបញ្ជាការ​ មីន អ៊ុងឡាំង។ កាលពីថ្ងៃពុធ ទី​១០មីនា ដោយ​សង្កេតឃើញ ការចល័តទ័ពកាន់តែខ្លាំង ជាពិសេសនៅក្រុងរ៉ងហ្គូន ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅភូមា បានសរសេរលើ Twitter ដោយ​អំពាវនាវឲ្យ​កងទ័ពភូមា ត្រូវដកថយឈប់ឡោមព័ទ្ធប្រជាជន ហើយត្រូវដោះលែងមនុស្ស​ដែលត្រូវគេចាប់ខ្លួន។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ទី១១មីនា អង្គការ​ Amnesty International បានបរិហារថា កងទ័ពភូមា បានធ្វើសកម្មភាព​សម្លាប់​មនុស្ស​ក្រៅប្រព័ន្ធច្បាប់ និងបាន​ប្រើប្រាស់អាវុធ ដែលតាមធម្មតាគេប្រើក្នុងពេល​ធ្វើសង្រ្គាម យកមកបាញ់សម្លាប់បាតុករភូមា។ ក្រុមអ្នកជំនាញ​នៃអង្គការនេះ បានពិនិត្យវិភាគ ទៅលើវីដេអូ ចំនួន ៥៥ ដែលគេថតបាន ចន្លោះពីថ្ងៃ​ ២៨ កុម្ភៈ ដល់ថ្ងៃ៨មីនា ដែលបង្ហាញថា ការប្រើប្រាស់អាវុធគ្រាប់ពិត គឺជា​យុទ្ធសាស្ត្រ​ គ្រោងទុកជាមុន របស់​កងទ័ពភូមា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI