ភូមា-នយោបាយ

ព្រះសង្ឃភូមា៖ប្រជាជនមិនបោះបង់ការតស៊ូ ទោះមានការបង្រ្កាបឃោរឃៅពីក្រុមប៉ូលិស និងទាហាន

ព្រអសង្ឃភូមា​បាន​ចូល​រួម​ជាមួយ​ក្រុម​បាតុករ​ដើម្បី​ប្រឆាំង​នឹង​របបសឹក​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​តាំង​ពី​ថ្ងៃទី១ កុម្ភៈ ឆ្នាំ ២០២១។
ព្រអសង្ឃភូមា​បាន​ចូល​រួម​ជាមួយ​ក្រុម​បាតុករ​ដើម្បី​ប្រឆាំង​នឹង​របបសឹក​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​តាំង​ពី​ថ្ងៃទី១ កុម្ភៈ ឆ្នាំ ២០២១។ AP

នៅ​ក្នុង​ប្រទេស​ភូមា ជាង ១ខែ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុង សានស៊ូជី ចលនា​បាតុកម្ម​ប្រឆាំង​នឹង​របបសឹក​មិន​បាន​ចុះ​ខ្សោយ​ទេ។ ទន្ទឹម​គ្នា​នេះ កម្លាំង​ប៉ូលិស និង​ទាហាន​ក៏​កំពុង​បង្កើន​យុទ្ធនាការ​វាយបង្រ្កាប​ចាស់​ដៃ​ដោយ​បាញ់​គ្រាប់ពិត និង​ចាប់​ខ្លួន​បាតុករ។ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី១៣ មីនា មាន​មនុស្ស​ស្លាប់​យ៉ាង​ជាង ៧០នាក់ និង​ចាប់​ខ្លួន​ជាង ២ ០០០នាក់។ ការ​វាយបង្រ្កាប​ដ៏​ហិង្សាបំផុត​របស់​ប៉ូលិស និង​ទាហាន​បាន​កើត​មាន​ខ្លាំង​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន និង​នៅ​ក្នុង​ទីក្រុង​ម៉ង់ដាឡេ។ ព្រះសង្ឃ​មួយ​អង្គ​គង្គ​នៅ​ក្នុង​វត្ត​មួយ​ក្នុង​ក្រុង​ម៉ន់ដាឡេ​ដែល​សុំ​លាក់​អត្តសញ្ញាណ​បាន​មាន​សង្ឃដីកា​ថា ទោះ​ជា​មាន​ការ​បង្រ្កាប​ដ៏​ឃោរឃៅ​ពី​ប៉ូលិស និង​ទាហាន​យ៉ាង​ណា​ក៏​ដោយ​ក៏​ប្រជាជន​មិន​បោះបង់​ការ​ទាមទារ តវ៉ា​របស់​ពួក​គេ​ដែរ ពិសេស​ក្រុម​យុវជន​ដែល​ចង់​បាន​អាវុធ​ដើម្បី​ត តាំង​នឹង​ពួក​ទាហាន។

ផ្សាយពាណិជ្ជកម្ម

« ជា​ការ​ពិត ប្រជាជន​មាន​ការ​ភ័យខ្លាច​ខ្លាំង​ណាស់​ពី​ការ​វាយបង្រ្កាប​យ៉ាង​ឃោរឃៅ​របស់​ទាហាន​ដែល​មិន​ញញើត​នឹង​បាញ់គ្រាប់ភ្លើង​ពិត​ដើម្បី​សម្លាប់។ តែ​ប្រជាជន​ទូទៅ ពិសេស​ក្រុម​យុវជន​មិន​បាន​បោះបង់​ចោល​នូវ​ការ​ទាមទារ និង​ការ​តស៊ូ​របស់​ពួក​គេ​ទេ ហើយ​នៅ​ពេល​នេះ​ទៀត ពួក​គេ​ថែម​ទាំង​ចង់​បាន​អាវុធ និង​ព្យាយាម​រក​​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​សងសឹក​នឹង​ពួក​ទាហាន​វិញ។

តែ​ខ្ញុំ​មិន​គិត​ថា នេះ​ជា​ដំណោះស្រាយ​ដ៏​ល្អ និង​ត្រឹមត្រូវ​ទេ។ ការ​ពិត​ទៅ ខ្ញុំ​មិន​ជំទាស់​នឹង​ការ​ប្រើ​អាវុធ​ដើម្បី​ការពារ​ខ្លួន​ទប់​នឹង​ការ​វាយបង្រ្កាប​ដ៏​ឃោរឃៅ​ពី​ក្រុម​ផ្តាច់ការ​ទេ។ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រុម​យុវជន​ទាំង​នោះ​មិន​ចេះ និង​មិន​ដឹង​ពី​របៀប​ប្រើ​អាវុធ​ទេ។ គឺ​មិន​ដូច​ក្រុម​ឧទ្ទាម​ដែល​ជា​ក្រុម​ប្រដាប់អាវុធ និង​បាន​ហ្វឹកហាក់​យ៉ាង​ស្ទាត់​ជំនាញ​ពី​របៀប​ប្រើ​អាវុធ។ ពួក​ឧទ្ទាម​នេះ​អាច​ចូលរួម​ជាមួយ​ក្រុម​យុវជន​ដើម្បី​ប្រយុទ្ធ ត តាំង​ទល់​នឹង​ពួក​យោធា​ផ្តាច់ការ។

បើ​មិន​ដូច្នេះ​ទេ គឺ​ត្រូវ​អន្តរាគមន៍​ផ្លូវយោធា​ពី​អន្តរជាតិ​ដូច​នៅ​ក្នុង​ប្រទេស​លីប៊ី ឬ​នៅ​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ទម្លាក់​របប​ផ្តាច់ការ​យោធា​ភូមា និង​បង្កើត​ឲ្យ​មាន​កម្លាំងទ័ព​ថ្មី​នៅ​ក្នុង​ប្រទេស​ភូមា​មួយ​ប្រជាធិបតេយ្យ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI