សហរដ្ឋ​អាមេរិក-ភូមា

សហរដ្ឋ​អាមេរិក ​ផ្តល់​សិទ្ធិ​ជ្រកកោន​បណ្តោះអាសន្ន​ដល់​ពលរដ្ឋ​ភូមា​

ពលរដ្ឋ​ភូមា​រស់​នៅ​ក្រុង​បាងកក ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃទី ៤ មីនា ២០២១
ពលរដ្ឋ​ភូមា​រស់​នៅ​ក្រុង​បាងកក ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃទី ៤ មីនា ២០២១ AP - Sakchai Lalit

​រដ្ឋបាលអាមេរិក​​បាន​សម្រេច​ផ្តល់​ ការពារ​បណ្តោះអាសន្ន ដល់​គ្រប់​ប្រជាពលរដ្ឋ​ភូមា​ណា​ដែល​កំពុង​ស្ថិត​នៅ​លើ​ទឹក​ដី​អាមេរិកស្រាប់។ ជាលក្ខន្តិកៈ​ពិសេស​ ដើម្បី​ឆ្លើយ​តប​ទៅនឹងរដ្ឋ​ប្រហារ​​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ភូមា​ផង និង​អំពើហិង្សា​បង្ក្រាប​បាតុករពី​សំណាក់​កងកម្លាំង​រដ្ឋាភិបាល​យោធា​ផង។ ​នេះ​បើ​តាមសេចក្តី​ប្រកាស​ជូនដំណឹងរបស់​ក្រសួង​មហាផ្ទៃ​អាមេរិក​នៅ​ថ្ងៃ សុក្រ​ទី ១២​មីនា ២០២១។

ផ្សាយពាណិជ្ជកម្ម

ដោយហេតុ​មាន​រដ្ឋប្រហារ​ និង​អំពើហិង្សា​របស់​កងកម្លាំង​មានសមត្ថកិច្ច​ ប្រជាពលរដ្ឋ​ភូមាត្រូវ​ប្រឈម​នឹង​គ្រោះ​មនុស្សធម៌​យ៉ាងស្មុគស្មាញ និង​ដុនដាបខ្លាំង​នៅ​តាម​តំបន់​ខ្លះ ហេតុ​ដូច្នេះហើយ​បាន​ជាសហរដ្ឋ​អាមេរិក​ត្រូវ​ផ្តល់លក្ខន្តិកៈ​ពិសេស​ ឱ្យ​​ពលរដ្ឋភូមា​ អាច​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​ នៅ​លើ​ទឹក​ដី​អាមេរិក រយៈ​ពេល​ ១៨​ខែ។

សិទ្ធិ​ពិសេស​នេះ​ត្រូវ​ផ្តល់​ជូន​តែ​ពលរដ្ឋ​ណា​ដែល​កំពុង​ស្ថិត​នៅ​លើ​ទឹក​ដី​អាមេរិក​រួច​ស្រាប់​ទៅ​ហើយ និង​មាន​ភស្តុតាងព្រមទាំង​ឯកសារ​គ្រប់​គ្រាន់​បញ្ជាក់​ថា​ពួក​គេ​បាន​មក​ស្នាក់​នៅជាប់​លើ​ទឹក​ដី​អាមេរិក​តាំង​ពី​ថ្ងៃ​ទី ១១​មីនា ២០២១​មក ​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​មហាផ្ទៃ​អាមេរិក​ដែល​លម្អិត​ថា​ជាសរុប​មាន​ពលរដ្ឋ​ភូមា​ប្រមាណ​១៦០០​នាក់​​បាន​ទទួល​ការ​ពារ​ពី​អាមេរិក។

ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី ១​កុម្ភៈ មេដឹកនាំ​យោធា​បានប្រើ​អំពើ​ហិង្សា​​​បង្ក្រាប​​បាតុករ​​យ៉ាង​ខ្លាំង ​រហូត​មាន​ស្លាប់​ ៧០​នាក់ និង​ការ​ចាប់​ខ្លួន​យ៉ាង​ហោច​២០០០​នាក់​។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​ប្រជាជាតិ។​ យោធា​និង​ប៉ូលិសនៃ​រដ្ឋាភិបាល​សឹក មិន​គោរព​សិទ្ធិ​ពលរដ្ឋ​ទេ និងបាន​ដៅ​វាយប្រហារ​លើ​ក្រុម​យុវជន​ ក្រុម​គ្រូពេទ្យ អ្នកកាសែត និង​សកម្មជន​នយោបាយ។ បន្ថែម​ពី​លើ​ការ​បង្ក្រាប​យ៉ាង​ហិង្សា ប្រឆាំង​ពលរដ្ឋ​ស៊ីវិល​ រដ្ឋប្រហារ​របស់​ពួក​យោធា​ភូមា បាន​នាំ​មាន​ការ​កាត់​ផ្តាច់​ជំនួយ​មនុស្សធម៌​ដ៏​ចាំ​បាច់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខ្លះ​ទៀត។នេះ​បើ​តាម​ការ​លម្អិត​បន្ថែម​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃអាមេរិក។ ​

ជា​មួយ​នឹងការ​ប្រកាស​ផ្តល់​ការ​ពារ​មួយរយៈ​ដល់​ពលរដ្ឋ​ភូមា រដ្ឋបាល​អាមេរិក​បាន​ជំរុញ​ជា​ថ្មី​ឱ្យ​របប​យោធា​ភូមា បញ្ចប់​ទង្វើ​ហិង្សា​ និង​ដោះលែង​អ្នក​ដែល​ពួក​គេ​បាន​ចាប់​យក​ទៅឃុំឃាំង​ដោយ​មូលហេតុ​បាតុកម្ម ព្រមទាំង​ប្រគល់​អំណាច​ដឹកនាំ​ទៅ​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល​ប្រសូតចេញពី​ការ​បោះឆ្នោត​តាមបែបលទ្ធិប្រជាធិបតេយ្យ។ អាជ្ញាធរ​អង់គ្លេស​បាន​អំពាវនាវ​ពលរដ្ឋ​អង់គ្លេស​នៅ​ភូមា​ត្រលប់​ចូល​ប្រទេស​វិញ​។ មេ​ដឹកនាំ​​អាមេរិក ឥណ្ឌា​ អូស្ត្រាលី​ និង​ជប៉ុន​បាន​សន្យា​សហការគ្នា​​ធ្វើ​យ៉ាង​ណា​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។ កូរ៉េខាង​ត្បូងបាន​សម្រេច​ផ្អាកកិច្ចព្រមព្រៀង​យោធា​ជាមួយ​ភូមា ចំណែក​​រុស្ស៊ីក៏​កំពុង​ពិចារណា​ចង់​ផ្អាក​ដែរ។

ប៉ុន្តែ​នៅ​ក្នុង​ផ្ទៃ​ប្រទេស សកម្មភាព​បង្ក្រាប​ហិង្សា​នៅ​តែ​បន្ត និង​កាន់​តែ​ខ្លាំង។ ក្នុង​ពេល​​ដែល​សកម្មជន​ប្រជាធិបតេយ្យ​បង្កើន​ការ​អំពាវនាវ​តាម​​ប្រព័ន្ធ​សង្គម​ ធ្វើ​បាតុកម្ម​ទៀត មាន​បាតុករ​​យ៉ាង​ហោចណាស់ ៥​នាក់​ទៀត​ នៅ​ថ្ងៃ​សៅរ៍​ទី ១៣​មីនា​២០១២១​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI