អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន ៖ ដើម្បី​​​​សន្តិភាព រដ្ឋាភិបាល​និង​តាលីបង់​ ដឹកនាំ​រដ្ឋបាល​អន្តរកាល​រួម​គ្នា ?

ប៉ូលិស​អាហ្វហ្កានីស្ថាន នៅ​ខេត្ត​ Herat ដែល​ទើប​រង​ការ​បំផ្ទុះ​រថយន្ត​សម្លាប់​៨នាក់
ប៉ូលិស​អាហ្វហ្កានីស្ថាន នៅ​ខេត្ត​ Herat ដែល​ទើប​រង​ការ​បំផ្ទុះ​រថយន្ត​សម្លាប់​៨នាក់ REUTERS - JALIL AHMAD

កិច្ចខិត​ខំប្រឹង​ប្រែង​ដើម្បី​សន្តិភាព​អាហ្វហ្កានីស្ថាន កំពុង​មានសកម្មភាព​ខ្លាំង។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ សុក្រ​ទី ១២មីនា ២០២១ ទាមទារ​ឱ្យ​បញ្ចូល​ស្ត្រី​ឱ្យ​បាន​ច្រើន​ និង​ពេញ​លេញ​ក្នុង​ការ​ចរចា​នយោបាយ​ដើម្បី​ស្វែងរកសន្តិភាព​ឱ្យ​អាហ្វហ្កានីស្ថាន។ ចំណែករុស្ស៊ី​វិញ​ បាន​បង្ហាញ​ការ​គាំទ្រ​គំនិតចង់​ឱ្យ​ពួក​តាលីបង់​មាន​អំណាច​​​ក្នុង​រដ្ឋបាល​​អន្តរកាលដើម្បី​ឈាន​ដល់​​សន្តិភាព។

ផ្សាយពាណិជ្ជកម្ម

សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ទទួលស្គាល់​ថា​សន្តិភាព​ជា​និរន្ត​អាច​កើត​មាន​បាន ដរាប​ណា​តែ​មាន​ដំណើរការ​សន្តិភាព​សកល​ សំដៅ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​និរន្ត និង​ទូទៅ ព្រមទាំង​មាន​វិធាន​នយោបាយ​បញ្ចូល​គ្នា ទើប​អាច​បិទ​បញ្ចប់​ជម្លោះ​នៅ​អាហ្វហ្កានីស្ថាន​បាន។ នេះ​បើ​តាម​សេចក្តី ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​សន្តិសុខ ដែល​បាន​លើក​ទឹក​ចិត្ត​ឱ្យ​គ្រប់​ភាគីចរចា ប្រកាន់​យក​វិធានការ​ប្រកប​ដោយ​ទំនុក​ចិត្ត​ កាត់​បន្ថយ​អំពើ​ហិង្សា និង​ផ្តល់​សិទ្ធិ​ពេញ​លេញ ស្មើភាព និង​សកម្ម​ដល់​ស្ត្រី​ក្នុង​ដំណើរ​ការ​ចរចា​សន្តិភាព។

​ដំណើរការ​ចរចា​ ដែល​វ៉ាស៊ីនតោន បាន​លើ​សំណើ​គម្រោង​កិច្ចព្រមព្រៀង ទៅ​ឱ្យ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​តាលីបង់​ កាលពី​ពេល​ថ្មីៗ​នេះ ដោយ​គ្រោង​បង្កើត​រដ្ឋាភិបាល​អន្តរកាលថ្មី​បញ្ចូលគ្នា​។ នេះ​លិខិត​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែល​សារព័ត៌មាន​ក្នុង​ស្រុក​អាហ្វាហ្កានីស្ថាន​បានទម្លាយ​ឱ្យ​ដឹង។

​​មាន​រដ្ឋបាល​អន្តរកាល​ ដែលតាលីបង់​ក៏​មានអំណាច​ដឹកនាំ​ប្រទេស​ជាមួយ​រដ្ឋាភិបាលអាហ្វហ្កានីស្ថាន បាន​ទទួល​ការ​គាំទ្រ​ភ្លាម​ពី​រស្ស៊ី​ នៅល្ងាចថ្ងៃ​សុក្រ​​ទី ១២​មីនា  ដោយ​យល់​ថា​នេះ​ជា​ដំណោះស្រាយ​ឡូស៊ិក។

សេចក្តីប្រកាស​នេះ ធ្លាក់​មួយ​តែមួយ​សប្តាហ៍​មុន ជំនួប​​ចរចាសន្តិភាព​​នៅម៉ូស្គូ​រវាង​អាហ្វហ្កានីស្ថាន​និង​តាលីបង់​ព្រមទាំង​តំណាង​អន្តរជាតិ​ (លើកលែង​តែ​អាមេរិក​ដែល​មិនទាន់​បញ្ជាក់)។ សហរដ្ឋ​អាមេរិក​ក៏បាន​រៀប​ចំ​ជំនួប​ចរចាមួយអន្តរអាហ្វហ្កានីស្ថាន ក្រោម​ម្លប់​អង្គការ​សហប្រជាជាតិ​នៅ​តួកគី នៅ​ខែ​មេសា​ដោយ​មានការចូលរួម​ពី​គ្រប់​ភាគី​ដូច​ជា អាមេរិក រុស្ស៊ី ចិន​ ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់​។

សហរដ្ឋ​អាមេរិក​សម្រុក​រក​ដំណោះស្រាយ​ និង​ផ្តល់​សន្ទុះ​ដល់​ការ​ចរចា​រក​សន្តិភាព​​តាម​ផ្លូវនយោបាយ​ ព្រោះ​ពេលវេលា​កាន់​តែ​ខោចណាស់​ហើយ។ នៅ​ថ្ងៃទី ១​ឧសភា ២០២១​ ដល់​ឱសានវាទ​ដែល​អាមេរិកត្រូវ​ដកកងទ័ព​ទាំង​ស្រុង​ចេញ​ពី​អាហ្វហ្កានីស្ថាន។ ការ​ដកកងទ័ព​អាមេរិក ជាប្រភពនៃ​ក្តី​ព្រួយ​បារម្ភរបស់​ក្រុង​កាបូល​​ខ្លាច​ពួក​តាលីបង់បង្កើនការវាយ​ប្រហារ។ ​​ការវាយប្រហារ​ហិង្សា​ដែល​មាន​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ ជាក់​ស្តែង​នៅ​ថ្ងៃសុក្រ​ម្សិលមិញ​​នេះមាន​ស្លាប់​យ៉ាង​ហោច​ណាស់​៨នាក់ របួស​ជិត​៥០នាក់ នៅក្នុង​បំផ្ទុះ​រថយន្តក្បែរ​ទីស្នាក់ការប៉ូលិស នៅក្រុង​Harat ភាគខាងលិច​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI