សិង្ហបុរី-អូស្រ្តាលី

សិង្ហបុរី និងអូស្រា្តលីកំពុងចរចាពីគម្រោងបើកព្រំដែនសម្រាប់ការធ្វើដំណើររវាងគ្នាឡើងវិញ

សិង្ហបុរី និងអូស្រា្តលីកំពុងចរចាពីគម្រោងបើកព្រំដែនសម្រាប់ការធ្វើដំណើររវាងគ្នាឡើងវិញ
សិង្ហបុរី និងអូស្រា្តលីកំពុងចរចាពីគម្រោងបើកព្រំដែនសម្រាប់ការធ្វើដំណើររវាងគ្នាឡើងវិញ AFP - TORSTEN BLACKWOOD

នៅ​ថ្ងៃ​អាទិត្យ ទី១៤ មីនា ឧបនាយករដ្ឋមន្រ្តី​អូស្រា្តលី​លោក​មីខាអែល ម៉ាកក័រម៉ាក់​បាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​អូស្រា្តលី ABC ថា អូស្រ្តាលី​កំពុង​ធ្វើ​ការ​ជាមួយ​សិង្ហបុរី​ដើម្បី​បើក​ព្រំដែន​សម្រាប់​ការ​ធ្វើ​ដំណើរ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឡើង​វិញ​ចាប់​ពី​ខែ​កក្កដា​ខាង​មុខ។ គោលដៅ គឺ​ដើម្បី​ផ្តល់​សន្ទុះ​លើ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ដែល​កំពុង​ជាប់គាំង​ដោយ​វិបត្តិ​កូវីដ១៩។ លោក​មីខាអែល ម៉ាកក័រម៉ាក់​បាន​បន្ថែម​ថា នៅ​ពេល​ដែល​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ មាន​កាន់​តែ​ច្រើន​នៅ​អូស្រា្តលី និង​នៅ​ក្នុង​ប្រទេស​ផ្សេង អូស្រ្តាលី​ក៏​នឹង​បើក​ព្រំដែន​សម្រាប់​ការ​ធ្វើ​ដំណើរ​ចេញ ចូល​របស់​ប្រជាជន​នៃ​ប្រទេស​ផ្សេង​ទៀត​ដែរ។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​ផ្ទុះ​ជំងឺ​កូវីដ១៩ ដំបូង និង​ដើម្បី​ទប់​កុំ​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​ក្រោម​ទ្រង់ទ្រាយ​ធំ អូស្រា្តលី​បាន​សម្រេច​បិទព្រំដែន​របស់​ខ្លួន​ភ្លាមៗ។ រហូត​មក​ដល់​ពេល​នេះ មាន​តែ​ប្រជាជន​អូស្តា្រលី​ទេ​ដែល​អាច​ចូល​ក្នុង​ប្រទេស​អូស្រា្តលី​បាន ហើយ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ផ្សេង​ទៀត ការ​អនុញ្ញាត​នឹង​ត្រូវ​ពិនិត្យ​មើល​លើ​ករណី​ជាក់ស្តែង។ តាម​កាសែត​អូស្រ្តាលី The Sydney Morning Herald កិច្ចព្រមព្រៀង​រវាង​សិង្ហបុរី និង​អូស្រា្តលី​នឹង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​បាន​ចាក់​វ៉ាកសាំង​បង្ការ​កូវីដ១៩ រួច​ហើយ​អាច​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​វិញ ទៅ​មក​បាន​ដោយ​មិន​ចាំ​បាច់​ធ្វើ​ចត្តាឡីស័ក​ទេ។

កាសែត​អូស្រា្តលី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ទីក្រុង​កង់បេរ៉ា​ក៏​ចង់​បើ​ទ្វារ​ព្រំដែន​សម្រាប់​អ្នក​ដំណើរ​បរទេស​ដែល​ចូល​អូស្រ្តាលី​ដើម្បី​សិក្សា ឬ​ដើម្បី​ជំនួញ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ តែ​សិង្ហបុរី​បាន​បញ្ជាក់​ថា ខ្លួន​មិនមែន​កំពុង​ចរចា​ដើម្បី​ដាក់​សិង្ហបុរី​ជា​មជ្ឈមណ្ឌល​ចត្តាលីសក ឬ​ក៏​ជា​មជ្ឈមណ្ឌល​សម្រាប់​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ នោះ​ទេ។ ក្រសួង​ការបរទេស​សិង្ហបុរី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ក្នុង​ថ្ងៃ​អាទិត្យ ទី១៤ មីនា​ថា សិង្ហបុរី និង​អូស្រា្តលី​កំពុង​ចរចា​គ្នា​លើ​ប្រធានបទ​ស្តីពី​ការ​ទទួល​ស្គាល់​រវាង​ប្រទេស​ទាំង​ពីរ​លើ​លិខិតបញ្ជាក់​ការ​ចាក់វ៉ាក់សាំង និង​រៀបចំ​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ឡើង​វិញ​សម្រាប់​សិស្ស និស្សិត និង​អ្នកជំនួញ។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែរ សិង្ហបុរី​ក៏​បាន​លើក​ឡើង​ពី​ការ​ជជែក​ជាមួយ​អូស្រា្តលី​ពី​លទ្ធភាព​បង្កើត​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ផ្លូវអាកាស​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ដោយ​មិន​ចាំ​បាច់​ធ្វើ​ចត្តាឡីស័ក។ គួរ​បញ្ជាក់​ថា​នៅ​អូស្រា្តលី ចំណូល​បាន​មក​ពី​ទេសចរណ៍​បរទេស​ក្នុង​មួយ​ឆ្នាំៗ​នៅ​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩ មាន​ទឹកប្រាក់​ប្រមាណ​ជា ៣៥ ០០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI