អាមេរិក-កូរ៉េខាងជើង-កូរ៉េខាងត្បូង

រដ្ឋមន្ត្រីការបរទេស​ និង ​ការពារជាតិ ​អាមេរិក ​ទៅ​សេអ៊ូល ដើម្បី​និយាយ​ពី​បញ្ហា​​កូរ៉េ​ខាងជើង

លោក Antony Blinken និងលោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Chung Eui-yong ជួបគ្នានៅសេអ៊ូល ថ្ងៃទី ១៧ មីនា ២០២១
លោក Antony Blinken និងលោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Chung Eui-yong ជួបគ្នានៅសេអ៊ូល ថ្ងៃទី ១៧ មីនា ២០២១ AP - Lee Jin-man

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាេមរិក និងលោក Lloyd Austin ការពារជាតិអាេមរិក បានទៅដល់ទីក្រុងសេអ៊ូល នៅថ្ងៃទី១៧មីនានេះ ដើម្បីជួបជាមួយ​សមភាគីកូរ៉េខាងត្បូង​។ នេះគឺជាការធ្វើដំណើរទៅជាលើកទីមួយ បន្ទាប់ពួករដ្ឋមន្ត្រីថ្មីទាំងនេះ ចូលកាន់មុខដំណែង ក្នុងរដ្ឋបាលថ្មីរបស់​លោកចូ បៃដិន។ ក្រៅពី​កម្មវត្ថុរិតចំណងសហការដើម្បីទប់ទល់ជាមួយចិន សំណុំរឿងកូរ៉េខាងជើង ក៏គឺជាកម្មវត្ថុចំបងមួយ​ដែរ នៃជំនួបនៅក្រុងសេអ៊ូល​នេះ។

ផ្សាយពាណិជ្ជកម្ម

តាមរយៈការទៅដល់ទីក្រុងសេអ៊ូល របស់រដ្ឋមន្ត្រីការបរទេសថ្មី និង រដ្ឋមន្ត្រីការពារជាតិថ្មី រដ្ឋបាលថ្មី របស់​លោក ចូ បៃដិន​ មានចេទនា បញ្ជាក់ប្រាប់កូរ៉េខាងត្បូង អំពីចំណងសហការគ្នា ដែល​នៅតែរឹងមាំ។

រដ្ឋបាលលោកចូ បៃដិន កំពុងតែ​ផ្តើមយុទ្ធនាការ គៀងគរ​ប្រទេសសម្ព័ន្ធមិត្តទាំងអស់ នៅតំបន់អាស៊ី ឥណ្ឌូប៉ាស៊ីហ្វិក ឲ្យ​ចូលរួម ក្នុង​ការបង្កើតសម្ព័ន្ធភាព ឲ្យរឹងមាំ ដើម្បី​ទប់ទល់ជាមួយ​នឹង សកម្មភាពវាទទីរបស់ចិន មិនថាផ្នែកជំនួញ និងផ្នែកសន្តិសុខ។ នៅទីក្រុងតូក្យូ កាលពី​ថ្ងៃអង្គារ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាេមរិក បានលើកឡើងថា ចិនកំពុងតែបញ្ចេញសាច់ដុំ កាន់តែខ្លាំង នៅតំបន់ស៊ីនជាំង នៅក្នុងលំហរសមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ និងហុងកុងជាដើម។ លោកបាន​បញ្ជាក់ថា គ្រប់ប្រទេសត្រូវតែ​រួមគ្នាជាមួយ​សហរដ្ឋអាេមរិក ដើម្បី​ប្រាប់ទៅចិន ថា ចិនមិនអាចធ្វើបំពាន​ ខុសច្បាប់តទៅទៀតបានទេ។

ក្រៅពីសំណុំរឿងចិននេះ សំណុំរឿងដ៏សំខាន់មួយ​ទៀត សម្រាប់រដ្ឋបាល​លោកចូ បៃដិន គឺ​ ករណីកូរ៉េខាងជើង។ រដ្ឋមន្ត្រីអាេមរិកទាំង២ នឹង​ចូលជួប​លោកមូន ជាអ៊ីន នៅថ្ងៃព្រសហ្បតិ៍ទី​១៨មីនា។ លោក Antony Blinken បានអះអាងថាលោកកំពុងពិចារណា ទៅលើ​វិធានការ​មួយចំនួនទៀត ដើម្បីដាក់សំពាធទៅលើកូរ៉េខាងជើង ឲ្យ​មានប្រសិទ្ធភាព ប្រសិនបើការចរចាផ្លូវទូតពិតជាមានខ្លឹមសារមែននោះ។

គួររំលឹកថា​ នៅរវាងឆ្នាំ​២០១៨ លោកប្រធានាធិបតី​កូរ៉េខាងត្បូង មូន ជាអ៊ីន បានព្យាយាមរំងាប់កំហឹងនិងជំលោះបានច្រើន ជាមួយ​នឹងកូរ៉េខាងជើង តាមរយៈការជួបគ្នា ចាប់ដៃគ្នាជាមួយ​ មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន។ ក៏ប៉ុន្តែចាប់តាំងពីពេលនោះមក ការចរចាត្រូវបានបិទខ្ទប់ទាំងស្រុង ដោយ​ភាគីកូរ៉េខាងជើង បានដកខ្លួន ផ្តាច់ទំនាក់ទំនងទាំងអស់។

សូមបញ្ជាក់ថា បច្ចុប្បន្ន មានទាហានអាមេរិក ឈរជើងនៅ​កូរ៉េខាងត្បូង ចំនួន ២៨៥០០នាក់។ កាលពីសប្តាហ៍មុន កងទ័ពអាមេរិក និងកងទ័ពកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា ដែល​សមយុទ្ធនេះ ត្រូវបាន​ភាគីកូរ៉េខាងជើងប្រតិកម្ម​មកភ្លាម។ យោងតាម ការចុះផ្សាយរបស់​បណ្តញព័ត៌មាន Rodong Sinmun នាង Kim Yo Jong ដែលជាប្អូនស្រី របស់គីម ជុងអ៊ុន បានផ្ញើសារគំរាម​ថា "អាេមរិកត្រូវនៅឲ្យស្ងៀម ប្រសិន​បើចង់ដេកលក់ស្រួល ក្នុងរយៈពេល​៤ឆ្នាំ​ទៅមុខ"។ លោក Shin Beom-chul សាស្ត្រាចារ្យនៅវិទ្យាស្ថានស្រាវជ្រាវសន្តិសុខជាតិកូរ៉េ បានលើកឡើងថា កូរ៉េ​ខាងជើង ចង់ឲ្យ​អាមេរិកធ្វើសម្បទានច្រើនជាងនេះ។ តាមយោបល់លោក កូរ៉េខាងជើង អាចនឹងធ្វើសកម្មភាព​អ្វីមួយ ដើម្បី​ជាការគំរាម នៅក្រោយ​ពេល​​រដ្ឋមន្ត្រីអាេមរិកទាំង២ មកក្រុងសេអ៊ូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI