កូរ៉េខាង​ជើង

កូរ៉េ​ខាងជើង ព្រមនិយាយ​ជាមួយ​ ដរាបណា​អាមេរិកបោះបង់​ « នយោបាយអរិភាព »

កូរ៉េ​ខាងជើង ព្រមនិយាយ​ជាមួយ​ ដរាបណា​អាមេរិកបោះបង់​ « នយោបាយអរិភាព »
កូរ៉េ​ខាងជើង ព្រមនិយាយ​ជាមួយ​ ដរាបណា​អាមេរិកបោះបង់​ « នយោបាយអរិភាព » AP

ក្នុង​ពេលដែល​​រដ្ឋមន្ត្រីការបរទេស និង​ការពារ​ជាតិ​អាមេរិក​កំពុង​បំពេញ​ទស្សនកិច្ច​ នៅក្នុង​ប្រទេសកូរ៉េខាង​ត្បូង កូរ៉េខាង​ជើង​បាន​ប្រកាសនៅ​ថ្ងៃព្រហស្បតិ៍​ទី ១៨​មីនា​នេះ បដិសេធ​មិន​ជជែក​ជាមួយ​សហរដ្ឋ​អាមេរិក​ទេ ដរាប​ណា​អាមេរិក​មិន​បោះបង់​នយោបាយ​អរិភាព​ ប្រឆាំង​ព្យុងយ៉ាង​នោះ។ នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍​របស់​លោកស្រី ជើ សុនហ៊ុយ Choe Son Hui ​អនុរដ្ឋមន្ត្រីក្រសួងការបរទេស​កូរ៉េខាង​ជើង​ ដែល​​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង KCNA បាន​លើក​មក​ចុះផ្សាយ។

ផ្សាយពាណិជ្ជកម្ម

ដរាបណា​អាមេរិកមិន​​បោះបង់​​នយោបាយ​អរិភាព គ្មានទេ​ការ​ភ្ជាប់​ទំនាក់ទំនង ការ​ចរចា រវាង​កូរ៉េខាង​ជើង​និង​សហរដ្ឋអាមេរិក​ ហើយ​​កូរ៉េខាង​ជើងនឹង​​​បន្ត​ធ្វើ​មិន​ដឹង​មិនឮ​​ទៀត​ចំពោះរាល់​គ្រប់​ការ​សាកល្បង​របស់​អាមេរិក។ នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​អនុរដ្ឋមន្ត្រីការបរទេស​កូរ៉េខាង​ជើង ដោយសង្កត់​ធ្ងន់​​ថា កូរ៉េខាង​ជើង​ព្រមជជែក​ជាមួយ​អាមេរិក​តែ​ក្នុង​នាមជាភាគី​ស្មើ​ភាព​គ្នា​ប៉ុណ្ណោះ តែ​សូម​កុំសង្ឃឹម​ថា​នឹង​អាច​ឃើញកូរ៉េខាង​ជើង​ខិត​ជិត​អាមេរិក​ដូច​អ្វី​ធ្លាប់​បាន​កើត​ឡើង ជាមួយ​លោក​ត្រាំ នៅ​​ហាណូយ និង​សិង្ហបុរី លែង​ជា​បច្ចុប្បន្នភាព​ទៀត​ហើយ។

លោកស្រី​ប្រមុខ​ការ​បរទេស​រង​បាន​អះអាងបន្ថែមដោយ​​មិន​ហៅ​ឱ្យ​​ចំឈ្មោះ​​ប្រធានាធិបតី​អាមេរិក​​ចូ​បៃដិន ​ថា រដ្ឋបាលអាមេរិក​ថ្មី​ ចេះ​តែ​ប្រើ​ទ្រឹស្តី​​គំរាមកំហែង និងសូត្រ​កោកៗដោយ​គ្មាន​មូលដ្ឋាន​ឱ្យ​កូរ៉េខាង​ជើង​រំសាយ​កម្មវិធីនុយក្លេអ៊ែរ​ទាំង​ស្រុង។ ​

ជា​ការ​ពិត តាំង​ពី​ពាក់កណ្តាល​ខែ​កុម្ភៈ​២០២១​មក រដ្ឋបាល​លោក​បៃដិន បានសាកល្បងភ្ជាប់​ទំនាក់ទំនង​ជាមួយកូរ៉េខាង​ជើង​តាម​គ្រប់​វិធី​ តែ​គ្មាន​ចម្លើយ​តបពី​ព្យុងយ៉ាង​វិញសោះ។

 

សូម​បញ្ជាក់​ថា សេចក្តី​ថ្លែងការណ៍​បដិសេធ​របស់​កូរ៉េខាង​ជើងនេះ ធ្លាក់មកជួន​ចំពេល​ដែល​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក លោក Antony Blinken និងលោក Lloyd Austin រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ ក្នុង​ក្របខ័ណ្ឌនៃ ទស្សនកិច្ច​មួយ​ជុំ​នៅ​អាស៊ី​ដើម្បី​រួម​កម្លាំង​ជាមួយ​​សម្ព័ន្ធមិត្ត ប្រឈម​នឹង​កូរ៉េខាង​ជើង​ដែលមានកម្មវិធីនុយក្លេអ៊ែរ និងចិន​ដែល​ពង្រីក​ឥទ្ធិពល​ឥត​ឈប់។ នៅក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ ដែល​ផ្តើម​នៅ​ប្រទេស​ជប៉ុន លោក ប្លីនគីន និង​អូស្តាំង បាន​លើក​ឡើង​ជា​ញយ​ដង​នូវ​ភាព​ចាំបាច់​តម្រូវ​ឱ្យ​​កូរ៉េខាង​ជើង​រំសាយ​ទាំង​ស្រុង​កម្មវិធី​នុយក្លេអ៊ែរ។ អ្នក​ទទួលខុសត្រូវ​អាមេរិក​ទាំង​ពីរ​រូប​នេះ​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ម៉ូន ចែអ៊ីននៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI