អាហ្វហ្កានីស្ថាន

រដ្ឋមន្ត្រី​ការពារជាតិ​អាេមរិក​ទៅ​អាហ្វហ្កានីស្ថាន ខណៈ​កាល​បរិច្ឆេទ​ត្រូវ​ដកទ័ព កាន់តែ​ខិតជិត​មក​ដល់

លោករដ្ឋមន្រ្តីការពារជាតិអាេមរិក ពេលជួបជាមួយ​លោក ប្រធានាធិបតីអាហ្វហ្កានីស្ថាន​ Ashraf Ghani នៅក្រុងកាប៊ូល ថ្ងៃទី ២១មីនា ២០២១
លោករដ្ឋមន្រ្តីការពារជាតិអាេមរិក ពេលជួបជាមួយ​លោក ប្រធានាធិបតីអាហ្វហ្កានីស្ថាន​ Ashraf Ghani នៅក្រុងកាប៊ូល ថ្ងៃទី ២១មីនា ២០២១ AP

លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ដែលចេញដំណើរពីឥណ្ឌា បានឆៀងចូលអាហ្វហ្កានីស្ថាន ដោយ​ប្រថុចញ៉ុចបំផុត ដើម្បីជួបជាមួយ​ថ្នាក់នាំអាហ្វហ្កានីស្ថាន និយាយអំពីស្ថានការណ៍សន្តិសុខ និងផែនការដកទ័ពរបស់អាមេរិក។ តាមការគ្រោងទុក អាមេរិកត្រូវដកទ័ពនៅដើមខែឧសភា ក៏ប៉ុន្តែ លោកប្រធានាធិតបី ចូ បៃដិន បានបង្ហើប​ឲ្យ​ដឹងថា ការដកទ័ពនេះ​ ប្រហែលជាពិបាកធ្វើណាស់ ព្រោះស្ថានការណ៍សន្តិសុខ នៅ​ដុនដាបខ្លាំង។

ផ្សាយពាណិជ្ជកម្ម

ពេលទៅដល់ក្រុងកាប៊ូលភ្លាម លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិ​អាមេរិក បានចូលទៅជួប​លោក Ashraf Ghani ប្រធានាធិបតីអាហ្វហ្កានីស្ថាន​ ដើម្បីនិយាយពីផែនការដកទ័ពរបស់អាមេរិក។​ នៅក្រោយ​ជំនួប ដែលឥតព្រាងទុកមុននេះ លោក រដ្ឋមន្ត្រីការពារជាតិអាមេរិក បានអះអាងថា ភាគីអាហ្វហ្កានីស្ថាន មានបំណងចង់ឲ្យ​អាមេរិក បន្តទុកកងទ័ពនៅអាហ្វហ្កានីស្ថាន ឲ្យ​បាន​យូរកាលណាល្អកាលណោះ ព្រោះថារដ្ឋាភិបាលអាហ្វហ្កានីស្ថាន ត្រូវការ​ជំនួយការពារពីលើផ្លូវអាកាស របស់​កងទ័ពអាមេរិក។

ដោយឡែក លោករដ្ឋមន្ត្រីការពារជាតិអាមេរិក មិនបានបញ្ជាក់ទេ អំពីកាលវិភាគថ្មី នៃដំណាក់​កាល​ដកទ័ព។ លោកគ្រាន់តែបានប្រាប់អ្នកកាសែតថា នេះគឺជាការសម្រេចរបស់​មេរបស់​លោក គឺលោកប្រធានាធិបតី​ ចូបៃដិន។

សូមបញ្ជាក់ថា បច្ចុប្បន្ន មានទាហានអាមេរិក​ប្រចាំនៅអាហ្វហ្កានីស្ថាន ចំនួន​ប្រមាណ​២៥០០នាក់។ យោងតាមកិច្ចព្រមព្រៀង ចុះហត្ថលេខាដោយ​រដ្ឋាភិបាល​លោកដូណាល់ ត្រាំ ជាមួយ​ក្រុមតាលីបង់ កាលពី​ខែកុម្ភៈ ឆ្នាំ២០២០​ គឺអាេមរិកនឹងដកទ័ពចេញពីអាហ្វហ្កានីស្ថាន ចាប់ពីថ្ងៃទី​១ខែឧសភាខាងមុខ។

ក៏ប៉ុន្តែ ចាប់តាំងពីបានចូលកាន់តំណែង លោកចូ បៃដិន បាន​បង្ហើបឲ្យ​ដឹងថា បើស្ថានការណ៍សន្តិសុខមិនប្រសើរឡើង ហើយ​ក្រុមតាលីបង់ នៅតែមិនផ្តាច់ទំនាក់ទំនង ជាមួយ​ក្រុម​ភេរវកម្មអាល់កៃដាទេនោះ នោះអាមេរិក នឹងពិចារណាឡើងវិញ អំពីការដកទ័ព។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ លោកចូ បៃដិន បានបញ្ជាក់ថា បើតាមស្ថានភាពពេលនេះ គឺអាមេរិកត្រូវតែរក្សាទ័ពឲ្យ​បន្តនៅអាហ្វហ្កានីស្ថានបន្តទៀត។

ដោយឡែក ការចរចា​សន្តិភាពនៅក្រុងដូហា រវាងភាគីរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និងក្រុមតាលីបង់ បាននៅជាប់គាំងមិនទៅមុខទាល់តែសោះ ខណៈដែលក្នុងស្រុកឯណេះ មាន​ការវាយ​ប្រហារគ្នា​កាន់តែញឹកញាប់។ កាលពីថ្ងៃព្រហស្បតិ៍ទី ១៨មីនា រុស្ស៊ីបានរៀបចំសន្និសីតមួយ​ នៅក្រុងម៉ូស្គូ ដើម្បីស្វែងរកសន្តិភាព​ឲ្យ​អាហ្វហ្កានីស្ថាន ដោយ​មានការចូលរួមពីភាគីអាហ្វហ្កានីស្ថាន ចិន អាមេរិក និងប៉ាគីស្ថាន។ សន្និសីទនេះ បានមូលមតិគ្នាអំពាវនាវ ឲ្យ​ភាគីទាំង២របស់អាហ្វហ្កានីស្ថាន ត្រូវ​បញ្ឈប់រាល់ការវាយប្រហារដោយអាវុធ ហើយត្រូវពន្លឿនការចរចាសន្តិភាពនៅដូហា។

លោក  Abdullah Abdullah ប្រធានក្រុមប្រឹក្សាបង្រួបបង្រួមជាតិ​អាហ្វហ្កានីស្ថាន បានអះអាងទាំង​ភាគីរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ទាំងភាគី​តាលីបង់​ សុទ្ធតែបាន​បង្ហាញ​ឆន្ទៈ ពន្លឿនការចរចាសន្តិភាពនៅដូហា កាលពីឱកាសសន្និសីតនៅម៉ូស្គូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI