បង់ក្លាដែស-រ៉ូហ៊ីងយ៉ា

បង់ក្លាដែស៖ភ្លើងឆេះក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបណ្តាលឲ្យស្លាប់មនុស្ស​យ៉ាងតិច ៧នាក់

នៅបង់ក្លាដែស ភ្លើងឆេះក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបណ្តាលឲ្យស្លាប់មនុស្ស​យ៉ាងតិច ៧នាក់។
នៅបង់ក្លាដែស ភ្លើងឆេះក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាបណ្តាលឲ្យស្លាប់មនុស្ស​យ៉ាងតិច ៧នាក់។ AP - Shafiqur Rahman

នៅ​ក្នុង​ប្រទេស​បង់ក្លាដែស អគ្គីភ័យ​ដែល​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នា​ថ្ងៃ​ចន្ទ ទី២២ មីនា​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៧នាក់ និង​មាន​ជាង ៥០ ០០នាក់​បាន​បង្ខំ​ចិត្ត​រត់ចេញ​ពី​កន្លែង​កើតហេតុ។ លោក Mohsin Chowdhury លេខាធិការ​នៃ​ការ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​សង្រ្គោះ​បាន​ថ្លែង​ថា មាន​ជម្រក​របស់​ពួក​រ៉ូហ៊ីងយ៉ា​ជិត ១០ ០០០ជម្រក​ត្រូវ​បាន​ឆេះ​ខ្ទេច​គ្មាន​សល់។ តាម​លោក Mohsin គណៈកម្មាធិការ​មួយ​ដែល​មាន​សមាជិក ៧រូប​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បើក​ការ​ស៊ើបអង្កេត​ពី​ប្រភព​អគ្គីភ័យ​នេះ។

ផ្សាយពាណិជ្ជកម្ម

រដ្ឋអំណាច​បង់ក្លាដែស​បាន​បញ្ជាក់​ថា ភ្លើង​បាន​ឆាបឆេះ​ដំបូង​ចេញ​ពី​ជំរំ​មួយ​ក្នុង​ចំណោម​ជំរំ​ជនភៀសខ្លួន​ទាំង ៣៤ មុន​នឹង​ឆេះ​ឆ្លង​ចូល​ទៅ​ក្នុង ៣ជំរំ​ទៀត។ ព្រឹត្តិការណ៍​មួយ​នេះ​បាន​បង្ខំ​ឲ្យ​ពួក​រ៉ូហ៊ីងយ៉ា​រត់ចេញ​ដោយ​នំា​យក​អីវ៉ាន់​ដែល​ពួក​គេ​អាច​យក​ទៅ​ជាមួយ​បាន។ តាម​អង្គការ​ជនភៀសខ្លួន​អន្តរជាតិ មាន​ពួក​រ៉ូហ៊ីងយ៉ា​យ៉ាង​តិច ៥០ ០០០នាក់​បាន​រត់​គេច​ពី​ការ​ឆាបឆេះ និង​មាន​ជម្រក​របស់​ពួក​គេ​ជា​ច្រើន​ពាន់​ជម្រក​ធ្វើ​ពី​ដើម​ឫស្សី ប្រក់​ផ្ទាំងសំពត់​ត្រូវ​បាន​លេប​ត្របាក់​ដោយ​អណ្តាតភ្លើង។

លោក A.Halim ប្រធាន​នៃ​កិច្ចសហប្រតិបត្តិការ​របស់​កាកបាទក្រហម​បង់ក្លាដែស​បាន​បញ្ជាក់​ថា លោក​បាន​ត្រៀម​ជំនួយ​ជា​ចំណីអាហារ ទឹកស្អាត និង​ជម្រក​បន្ទាន់​សម្រាប់​ពួក​រ៉ូហ៊ីងយ៉ា​ដែល​បាន​បាត់បង់​ទីជម្រក។ តាម​លោក A.Halim ការ​ជួយ​ផ្គត់ផ្គង់​នេះ​នឹង​មាន​កាន់​តែ​ច្រើន និង​ចាំ​បាច់​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ ពិសេស​នៅ​ពេល​រដូវ​ព្យុះ​ខិត​ចូល​ជិត​មក​ដល់។ ចំណែក​អធិការ​ប៉ូលិស​លោក Gazi Salahuddin បាន​អះអាង​ថា អ្នក​ដែល​បាន​រត់គេច​ពី​ការ​អគ្គីភ័យ​បាន​ទៅ​ជ្រកកោណ​បណ្តោះអាសន្ន​ជាមួយ​មនុស្ស​ជំនិត​របស់​ពួក​គេ​នៅ​ក្នុង​ជំរំ​ផ្សេង​ទៀត។

តាម​រូប​អធិការ​ប៉ូលិស​ដដែល អគ្គីភ័យ​មាន​ទ្រង់ទ្រាយ​កាន់​តែ​ធំ​នៅ​ពេល​ដែល​មាន​ការ​ផ្ទុះ​ធុងហ្គាស់​ម្តង​មួយៗ​នៅ​តាម​ជម្រក​ដែល​រង​ការ​ឆាបឆេះ។ ការ​ឆាបឆេះ​មាន​រយៈពេល​ជាង ១០ម៉ោង​ទើប​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​អាច​ពន្លត់​បាន​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​បុគ្គលិក​មនុស្សធម៌​ក្នុង​ការ​រំដោះ​មនុស្ស​ពី​ការ​ឆាបឆេះ។ គួរ​រម្លឹក​ថា នេះ​ជា​លើកទី៣ ក្នុង​រយៈពេល​តែ ៤ថ្ងៃ​ដែល​ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​បាន​រង​ការ​ឆាបឆេះ។

« គឺ​ជា​ការ​ឆាបឆេះ​ទ្រង់ទ្រាយ​ធំ​ជាង​គេ​តាំង​ពី​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ជិត ១លាននាក់​បាន​ភៀសខ្លួន​ចេញ​ពី​ភូមា​ទៅ​ជ្រកកោណ​ក្នុង​ប្រទេស​បង់ក្លាដែស​ក្នុង​ខែ​សីហា ឆ្នាំ ២០១៧ »នេះ​ជា​ការ​ថ្លែង​របស់​លោក Shamsud Douza ស្នងការរង​នៃ​អង្គការ​ជនភៀសខ្លួន​អន្តរជាតិ។ ចំណែក​អ្នក​តំណាង​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​លោក Sayed Ullah បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ស៊ីជម្រៅ​ភ្លាមៗ​ដើម្បី​ស្វែង​រក​ប្រភពដើម​នៃ​អគ្គីភ័យ។ លោក Sayed Ullah បាន​ថ្លែង​ដោយ​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​ឧស្សាហ៍​មាន​ភ្លើង​ឆាបឆេះ​នៅ​ក្នុង​ជំរំ​មិន​ឈប់ឈរ​របៀប​នេះ។

គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល ៤ថ្ងៃ​ចុង​ក្រោយ ជំរំ​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា​ក្នុង​ទឹកដី​ប្រទេស​បង់ក្លាដែស​បាន​រង​ការ​ឆាបឆេះ​ចំនួន ៣ដង។ គ្រាន់​តែ​ក្នុង​ថ្ងៃ​សុក្រ ទី១៩ មីនា មាន​ការ​ឆាបឆេះ​ចំនួន ២ដង​ដោយ​បាន​បំផ្លាញ​ជម្រក​របស់​ពួក​រ៉ូហ៊ីងយ៉ា​អស់​ជា​ច្រើន​ពាន់​ជម្រក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI