កូរ៉េខាងជើង

កូរ៉េខាងជើង​បាញ់​មីស៊ីល​២គ្រាប់ ស្វាគមន៍​អាណត្តិ​រដ្ឋបាល​​លោក ចូ បៃដិន

មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន ថ្ងៃទី ៣មីនា ២០២១
មេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន ថ្ងៃទី ៣មីនា ២០២១ AP

បើតាមការឲ្យដំណឹងពីមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងនៅថ្ងៃទី២៤មីនានេះ គឺកូរ៉េខាងជើង ទើបតែ​បាន​បាញ់មីស៊ីលចំនួន​២គ្រាប់។ នេះគឺជាការបាញ់លើកទីមួយហើយ បន្ទាប់ពី​រដ្ឋបាល​ថ្មីរបស់លោក​ចូ បៃដិនបានចូលកាន់តំណែង និងប៉ុន្មានថ្ងៃ ក្រោយ​រដ្ឋមន្ត្រីការបរទេស និងការពារជាតិអាមេរិក បានធ្វើដំណើរទៅទី​ក្រុងសេអ៊ូល។ ភាគីអាមេរិក ទំនងជាមិនសូវផ្តល់សារៈសំខាន់ ដល់ការ​គំរាមកំញើញនេះទេ។

ផ្សាយពាណិជ្ជកម្ម

យោងតាមប្រភពពីមន្ត្រីអាមេរិក ដោយ​សុំមិន​បញ្ចេញឈ្មោះ នៅយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធ កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន​២គ្រាប់ ដែលគឺជាមីស៊ីលចំងាយជិត មិនមែន​ជាបច្ចេកវិទ្យាបាលីស្ទិកទេ។ មន្ត្រីអាមេរិករូបនេះ អះអាងថា រដ្ឋាភិបាលអាមេរិក មិនចាប់អារម្មណ៍ យកចិត្តទុកដាក់​ប៉ុន្មានទេ ព្រោះថាវាស្ថិតនៅក្នុង​ក្របខណ្ឌនៃសកម្ម​ភាពធម្មតា របស់កងទ័ពកូរ៉េខាងជើង។ មួយវិញទៀត ការបាញ់មីស៊ីលប្រភេទនេះ មិនជាប់ក្នុងការហាមឃាត់ របស់អង្គការសហប្រជាជាតិទេ។

ដោយឡែក យោងតាម​ប្រភពពី​កងទ័ពកូរ៉េខាងត្បូង បានឲ្យ​ដឹងថា មីស៊ីលទាំង​២គ្រាប់ដែលកូរ៉េខាងជើងទើបតែបានបាញ់ គឺជាមីស៊ីលក្រ័រស្យែរ (Missile croisière) ដែលបានបាញ់ចេញ​ពីក្នុងសមុទ្រលឿង មានទិសដៅបែរទៅចិន មិនមែនទៅជប៉ុន ដូចសព្វដងទេ។

មន្ត្រីសេតវិមានបានអះអាងថា គេបាន​តាមដឹងអំពីផែនការបាញ់មីស៊ីលរបស់កូរ៉េខាងជើង តែរដ្ឋបាលអាមេរិក​ មិនចង់ផ្សព្វផ្សាយ​ ធ្វើដូចឲ្យ​តម្លៃ​ខ្លាំង​​នោះទេ។ ឆ្លើយនឹងសំណួររបស់​អ្នកកាសែត លោកចូ បៃដិនបានលើកឡើងថា បើតាមអ្វីដែលក្រសួងការពារប្រាប់លោក គឺជាសកម្មភាពធម្មតាៗ ដែលកូរ៉េខាងជើងតែងតែធ្វើ។

ដូចគ្នាដែរ លោក Cheong Seong-chang អ្នកវិភាគនៅវិទ្យាស្ថាន Sejong កូរ៉េខាងត្បូង បានប្រាប់បណ្តាញ​ព័ត៌មានបារាំង AFP ថា គេមិន​ត្រូវ​ ឲ្យតែកូរ៉េខាងជើងបាញ់សាក​មីស៊ីល នាំគ្នាផ្អើល គិតបកស្រាយថាជាការគំរាម​កំញើញនោះទេ ព្រោះថាបើនិយាយពីសមយុទ្ធសាកល្បងវិញ ភាគីកូរ៉េខាងត្បូងឯងណេះ ក៏ធ្វើញឹកញាប់ណាស់ដែរ។

គួររំលឹកថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនេះ គឺជាលើកទីមួយ​ ក្រោយ​ពេលលោក​ចូ បៃដិនចូលកាន់តំណែង។ កាលពីសប្តាហ៍កន្លងទៅ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិអាមេរិក បានធ្វើដំណើរទៅជប៉ុន និងទៅកូរ៉េខាងត្បូង ដើម្បីនិយាយអំពីបញ្ហាកូរ៉េខាងជើងនេះ។ កូរ៉េខាងជើងបាញ់មីស៊ីល ក៏អាចជាការឆ្លើយតប ទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នា របស់អាមេរិកនិងកូរ៉េខាងត្បូង កាលពីសប្តាហ៍មុនដែរ។

គួរបញ្ជាក់ដែរថា ថ្មីៗនេះ នាង គីម យ៉ូជុង ប្អូនស្រីរបស់គីម ជុងអ៊ុន បានចេញមុខគំរាមរដ្ឋបាលលោក​ចូ បៃដិន ថា បើអាមេរិកចង់បិទភ្នែកដេកលក់ស្រួល ត្រូវឈប់រករឿងកូរ៉េខាងជើងតទៅទៀត។ មិនប្រតិកម្មនឹងសម្តី​គំរាមនេះ រដ្ឋបាលលោកចូ បៃដិនបានអះអាងថា នៅតែបើកទ្វារចំហរ រកវិធីចរចាជាមួយកូរ៉េខាងជើង។ តែយ៉ាងណា អាមេរិក នឹងមិនបោះបង់ចោលការធ្វើសមយុទ្ធយោធារួ​មគ្នា ជាមួយ​កូរ៉េខាង​ត្បូងទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI