ភូមា-UN-សិទ្ធិមនុស្ស

អ្នក​ជំនាញ​ UN​ ថា​ចំណាត់​ការ​របស់​ពិភព​លោក​ឆ្លើយ​តប​វិបត្តិ​នៅ​ភូមា​មិន​ខ្លាំង​គ្រប់​គ្រាន់

ក្រុមអ្នកប្រឆាំងរដ្ឋប្រហារប្រឈមនឹងប៉ូលិសប្រឆាំងកុបកម្មនៅទីក្រុងរ៉ង់ហ្គូនប្រទេសភូមា កាលពីថ្ងៃសុក្រទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១។
ក្រុមអ្នកប្រឆាំងរដ្ឋប្រហារប្រឈមនឹងប៉ូលិសប្រឆាំងកុបកម្មនៅទីក្រុងរ៉ង់ហ្គូនប្រទេសភូមា កាលពីថ្ងៃសុក្រទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១។ AP

មួយរយៈចុងក្រោយនេះ សហគមន៍អន្តរជាតិរួមមានសហរដ្ឋអាមេរិក និង​​សហភាព​អឺរ៉ុបជាដើម បាន​ទម្លាក់​​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​ទៅ​លើ​រដ្ឋាភិបាល​សឹក​ភូមា​។ យ៉ាងណាក៏ដោយ​ ការ​ឆ្លើយ​តប​របស់​ពិភពលោក​នេះ​នៅមាន​កម្រិត​និង​គ្មាន​ទម្ងន់​គ្រប់​គ្រាន់​ឡើយ​ដើម្បី​អាច​ជួយ​ទប់​ស្កាត់​​កុំឲ្យ​ស្ថានការណ៍​នៅក្នុង​ប្រទេស​ភូមា​កាន់តែ​ធ្លាក់​យ៉ាប់​យ៉ឺន​ខ្លាំង​។ នេះ​គឺជា​សម្តី​របស់​អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​ភូមា​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ២៥ មីនា​ ២០២១​។

ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ​ សហរដ្ឋអាមេរិក​ អង់គ្លេស​ និង​សហភាព​អឺរ៉ុប​ជាដើម​ បាន​និង​កំពុង​បង្កើន​សម្ពាធ​ដាក់​រដ្ឋាភិបាល​ភូមា​ដែលបច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ពួកយោធា​។ ក៏ប៉ុន្តែ​ សម្ពាធ​ទាំង​នោះ​ហាក់​មិនអាច​ធ្វើឲ្យ​របបសឹក​ភូមា​ខ្លាច​រអា​ឡើយ​។

ហេតុដូចនេះទើប​អ្នក​រាយការណ៍​ពិសេស​អង្គសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ភូមា​ លោក​ Tom Andrews បាន​អំពាវនាវ​ឲ្យ​មាន​ជំនួប​កំពូល​បន្ទាន់​មួយ​ដើម្បី​ពង្រឹង​វិធាន​ការ​ឆ្លើយតប​ នឹង​វិបត្តិ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍មួយនេះ​។ លោក​ Andrews បាន​គូស​បញ្ជាក់​ទៀត​ថា​កិច្ចប្រជុំ​គួរតែ​រួមបញ្ចូល​ផងដែរ​ប្រទេស​ជិត​ខាង​ភូមា និង​ប្រទេស​មហា​អំណាច​ពិភពលោក​។

យោធាភូមា​បាន​ប្រើ​កម្លាំង​វាយ​បង្ក្រាបយ៉ាង​ហិង្សា​លើ​ចលនា​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​របស់​ប្រជាជន​ដើម្បី​ប្រឆាំង​ទៅ​នឹង​រដ្ឋប្រហារ​ និង​ការ​ចាប់​ខ្លួន​លោកស្រី អ៊ុងសាន​ ស៊ូជី​ ព្រមទាំង​មន្ត្រីគណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ជាច្រើន​រូប​ផ្សេងទៀត​។

"ស្ថានភាព​នៅក្នុង​ប្រទេសភូមា​កាន់តែ​យ៉ាប់យ៉ឺន​ ហើយ​វា​ទំនង​ជា​នឹង​កាន់តែ​វិវត្ត​អាក្រក់​ទៅៗ​ ប្រសិនបើគ្មាន​ការឆ្លើយតប​ជាបន្ទាន់​ និងដោយ​មាំទាំ​ពី​សហគមន៍​អន្តរជាតិ​ ប្រឆាំង​ទៅ​ប្រភព​ទ្រទ្រង់​របប​សឹកភូមានោះទេ​។ នេះ​គឺជា​ការលើកឡើង​របស់​ លោក Andrews ដោយ​បន្ថែមពីក្តីបារម្ភ​ដែល​ថា​អន្ដរជាតិ​នៅសល់​ពេល​មិនច្រើន​នោះទេ​ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅភូមានេះបាន​។

គួរជ្រាបថា​ ក្រុមអ្នកតវ៉ាភូមា​បាននិងកំពុងបន្ត​ចេញ​តវ៉ាទាមទារ​ឲ្យ​យោធា​ចុះចេញ​ពី​តំណែង​។ ចំណែកឯ​កងទ័ព​និង​ប៉ូលិសភូមា​វិញ​ ក៏​កំពុង​បន្ត​ចេញ​ប្រតិបត្តិការ​បង្ក្រាប​យ៉ាងចាស់ដៃ​ទៅលើ​ចលនា​បាតុកម្ម​រហូត​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាច្រើន​រយនាក់​។

ដោយមើលថាកងទ័ពភូមា​នៅតែ​បន្ត​យុទ្ធនាការបង្ក្រាប​ឃោរឃៅ​បែបនេះ​ និង​ដើម្បី​ឲ្យ​សម្ពាធ​លើ​របបយោធា​កាន់​តែ​មានទម្ងន់​ សហរដ្ឋអាមេរិក​និង​ប្រទេស​អង់គ្លេស​ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ប្រឆាំងនឹង​ក្រុមហ៊ុនដ៏ធំមួយ​ដែល​គ្រប់គ្រង​ដោយ​យោធា​នៅក្នុង​ប្រទេស​ភូមា​ នាថ្ងៃព្រហស្បតិ៍​ ទី២៥ មីនា​។ ក្រសួង​ការ​បរទេស​អង់គ្លេស​បាន​លើក​ឡើង​ថា​ “ទណ្ឌកម្មថ្មី​នេះ​ ផ្តោតជាពិសេសលើ​ប្រភព​សេដ្ឋកិច្ច​ទ្រទ្រង់​របប​យោធា​ភូមាសម្រាប់​យុទ្ធនាការ​បង្ក្រាប​របស់​ពួកគេ​ប្រឆាំងនឹង​ស៊ីវិល​”។

គួររំឭកថា​ ចាប់តាំងពី​មាន​រដ្ឋប្រហារ​នាដើមខែកុម្ភៈមក​ មនុស្ស​ជាង​ ២៨០ នាក់​ត្រូវ​បាន​សម្លាប់​នៅភូមា​។ ​នេះបើយោងតាម​សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​ដែលជា​ក្រុមឃ្លាំ​មើលក្នុងតំបន់​ តាមដានចំនួនអ្នកស្លាប់​ និង​អ្នក​ដែលត្រូវបានចាប់ខ្លួន​។ ប៉ុន្តែ​ របប​យោធា​បាន​បន្ទាប​ចំនួន​អ្នកស្លាប់ឲ្យចុះមកត្រឹម​ ១៦៤ នាក់​ និង​បាន​ចាត់ទុក​ជនរង​គ្រោះថា​ជាក្រុមភេរវករ​ហិង្សាទៅវិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI