ភូមា-រដ្ឋប្រហារ

សកម្មជន​ប្រជាធិបតេយ្យ​ភូមា ដង្ហើយ​​ឲ្យ​​​សហគមន៍​​​អ​ន្តរជាតិ​​ជួយ តាម​រយៈ​​ការបិទខ្ទប់​ការ​​នាំចូល​​អាវុធ

ក្រុមគ្រួសារសពបាតុករភូមា ឈ្មោះ អ៊ុង មូថន ដែលស្លាប់ក្រោមគ្រាប់​កាំភ្លើងរបស់សមត្ថកិច្ច នៅក្រុងរ៉ង់ហ្គូន។ ថ្ងៃទី ៣០ មីនា ២០២១
ក្រុមគ្រួសារសពបាតុករភូមា ឈ្មោះ អ៊ុង មូថន ដែលស្លាប់ក្រោមគ្រាប់​កាំភ្លើងរបស់សមត្ថកិច្ច នៅក្រុងរ៉ង់ហ្គូន។ ថ្ងៃទី ៣០ មីនា ២០២១ AP

ការបង្រ្កាបបាតុកម្មនៅភូមា បានសម្លាប់មនុស្ស​កាន់តែច្រើនឡើង ខណៈគេកាន់តែព្រួយបារម្ភ ពីការផ្ទុះសង្រ្គាមស៊ីវីល។ គិតត្រឹមថ្ងៃអង្គារទី៣០មីនានេះ យោងតាមអង្គការជួយ​អ្នកទោសនយោបាយ​នៅ​ភូមា គឺមាន​ប្រជាជ​ន​យ៉ាងហោច​៥១០នាក់បានស្លាប់ ដោយ​ការបង្រ្កាប​បាញ់រះ របស់សមត្ថកិច្ច។ ទន្ទឹមគ្នានេះដែរ ក្រុម​ឧទ្ទាមជនជាតិភាគតិច និងកងប្រដាប់អាវុធនៅតាមរដ្ឋផ្សេងៗ ជាច្រើនក្រុម បានគំរាមថា ខ្លួន​នឹងកាន់អាវុធ ចូលជួយ​ប្រជាពលរដ្ឋភូមា ប្រសិនបើ​កងទ័ពជាតិភូមា មិន​ព្រមបញ្ឈប់ការបង្ហូរឈាម​ទេនោះ។

ផ្សាយពាណិជ្ជកម្ម

បើទោះជាមានការថ្កោលទោស ដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច តែ​របបសិកភូមា​នៅតែ​​ធ្វើមិនដឹងមិនឮ នឹងការអំពាវនាវទាំងនេះទេ។ សកម្មជនប្រជាធិបតេយ្យ​ភូមាម្នាក់ ឈ្មោះ ច វីន (Kyaw Win) ដែលបានភៀសខ្លួនទៅទីក្រុងឡុងដ៍ បានលើកឡើងថា ការថ្កោលទោស និងវិធានការទណ្ឌកម្ម​ហិរញ្ញវត្ថុរបស់ប្រទេសលោកខាងលិច ទៅលើ​ក្រុមកងទ័ពភូមា គឺមិនគ្រប់គ្រាន់ឡើយ​។ លោកអះអាងថា គឺត្រូវតែមាន​វិធានការ​បិទខ្ទប់ការនាំចូលអាវុធ ទើបអាចបំពាក់កម្លាំងរបស់កងទ័ពភូមា។

លោក ច វីន៖

"​ ពួកយើងទាមទារឲ្យ​មានការការពារដល់អាយុជីវិត របស់​ប្រជាជនស្លូតត្រង់។ ក៏ប៉ុន្តែ ផ្ទុយទៅវិញ​ នៅថ្ងៃនេះ ខ្ញុំបានទទួលដំណឹងថា កងទ័ព បាន​បាញ់គ្រាប់រ៉ូកែត ទៅលើបាតុករ។ កងទ័ពកាន់តែសាហាវទៅៗ។ ហើយទន្ទឹមគ្នានេះ ប្រទេសខ្លះ ដូចជាចិន និងរុស្ស៊ី នៅតែបន្តគាំទ្ររបបផ្តាច់ការរបស់កងទ័ពភូមាទៀត។

សំណួរដែលយើងចោទសួរ គឺថាតើមហាអំណាច​លោកខាងលិច អាច​នឹង​ជួយយើងដែរឬទេ? ព្រោះថាក្រុមម្ខាងទៀតនោះ គឺមិនព្រមដកថយជាដាច់ខាត!

បាតុករភូមា បានស្ម័គ្រហ៊ានពលីជីវិត គឺដោយសារពួកគេសង្ឃឹមថា ក្រុម​ប្រទេសលោកខាងលិច នឹងជួយ​ពួកគេ។ ពួកយើងត្រូវការ​ ឲ្យ​មាន​ការបិទខ្ទប់ ការនាំចូលអាវុធទៅភូមាជាបន្ទាន់។ អាវុធទាំងនោះ គឺឥណ្ឌា ចិន រុស្ស៊ី ថៃ និងប៉ាគីស្ថាន ដែល​​ជាអ្នកនាំចូល​ យកទៅលក់ឲ្យ​កងទ័ពភូមា។

កងទ័ពភូមាប្រើប្រាស់យន្តហោះចម្បាំង ទៅទំលាក់គ្រាប់លើភូមិប្រជាជន។ ពួកយើងដង្ហើយ​ឲ្យ​សហគមន៍អន្តរជាតិ រកវិធី​​ដាក់កំហិត ហាមឃាត់ការហោះហើរ ​ពីលើតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់​ជនជាតិភាគតិច។

ឯណាទៅច្បាប់អន្តរជាតិ ដែល​ការពារអាយុជីវិតប្រជាជនស្លូតត្រង់ ពីការសម្លាប់ឥតត្រាប្រណី របស់កងទ័ពនោះ? សហគមន៍អន្តរជាតិត្រូវតែរូតរះឡើង ! អង្គការសហប្រជាជាតិ ដូចជាគ្មាន​បាន​ការអ្វីសោះ បានត្រឹមតែស្រែកគ្រហឹម មិនខុសពីខ្លាក្រដាស។ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនភូមាស្លាប់កាន់តែច្រើន! "

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI