ហុងកុង-បាតុកម្ម-ច្បាប់

សកម្មជន​ហុងកុង​៩​នាក់​ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​ពាក់​ព័ន្ធ​បាតុ​កម្ម​ឆ្នាំ​២០១៩

ក្រុមអ្នកតវ៉ាបាននាំគ្នាទៅឈរកាន់បដានៅពីមុខតុលាការហុងកុង និងបានថ្កោលទោសចំពោះការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើសកម្មជនប្រជាធិបតេយ្យនៅថ្ងៃព្រហស្បតិ៍ ទី១ មេសា ឆ្នាំ ២០២១នេះ។
ក្រុមអ្នកតវ៉ាបាននាំគ្នាទៅឈរកាន់បដានៅពីមុខតុលាការហុងកុង និងបានថ្កោលទោសចំពោះការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើសកម្មជនប្រជាធិបតេយ្យនៅថ្ងៃព្រហស្បតិ៍ ទី១ មេសា ឆ្នាំ ២០២១នេះ។ REUTERS - TYRONE SIU

សកម្មជន​ប្រជាធិបតេយ្យ​ជើង​ចាស់​ហុងកុង​ចំនួន ៩នាក់ ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ បន្ទាប់ពី​តុលាការហុងកុង​កាត់ឲ្យជាប់ទោស​នៅ​ព្រហស្បតិ៍​ ១ មេសានេះ​ ពាក់ព័ន្ធ​បាតុកម្ម​​ឆ្នាំ​២០១៩​។ តុលាការ​ហុងកុង​បាន​ចោទប្រកាន់ថា​ពួកគេ​មាន​តួនាទី​រៀបចំ​បាតុកម្ម​ប្រជាធិបតេយ្យ​ដ៏​ធំបំផុត​មួយ​ដោយ​ខុសច្បាប់​ដើម្បី​ឡោមព័ទ្ធ​ក្រុង​ហុងកុង​កាលពី​ពីរ​ឆ្នាំមុន​។

ផ្សាយពាណិជ្ជកម្ម

អ្នក​ជាប់​ចោទទាំងអស់​រួមមាន​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​លេចធ្លោ​ជាង​គេ​នៅក្នុង​ដែនដី​ហុងកុង​ និង​លោកជីមី ឡៃ​ អ្នកជំនួញ​និងជា​ចាង​ហ្វាង​កាសែត Apple Daily​ ដែល​ជា​កាសែត​ប្រឆាំង​ដ៏ធំនៅហុងកុង​។ លោកជីមី ឡៃ បច្ចុប្បន្ន​កំពុង​ជាប់​ឃុំឃាំង​។ មហាសេដ្ឋីសារព័ត៌មាន​រូបនេះ​ត្រូវបានចាប់ខ្លួន​ក្រោម​ច្បាប់​សន្តិសុខជាតិ​ដែល​តាក់​តែង​ដោយ​ចិន​។

ក្នុង​ចំណោមនោះ​ក៏មានដែរ​លោក​ម៉ាទីន លី វ័យ​ ៨២ ឆ្នាំ​ ជា​មេធាវី​ការពារក្តី​មួយរូប​និង​ជា​អ្នក​ដែល​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​ហុងកុង​ជ្រើសរើសឲ្យ​ជួយ​សរសេរ​រដ្ឋ​ធម្មនុញ្ញ​ខ្នាតតូច​របស់​ទីក្រុង​ដែល​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុមួយនេះ​។ មួយទៀត​គឺលោកស្រី​ម៉ាហ្គារ៉េត ង៉​ វ័យ ៧៣​ ឆ្នាំ​ជាមេធាវី​និងជា​អតីត​សមាជិក​សភាបក្ស​ប្រឆាំង​។

ពួកគេ​គឺជា​សកម្មជន​ប្រជាធិបតេយ្យ​ចុងក្រោយ​ដែល​ត្រូវ​បាន​កាត់ទោស​ នៅពេល​ដែល​ប្រទេស​ចិន​បង្កើន​សមត្ថកិច្ច​របស់​ខ្លួន​ ដើម្បី​បោសសម្អាត​សកម្មភាព​ប្រឆាំង​តវ៉ា​ផ្សេងៗ​នៅក្នុង​ទីក្រុង​ពាក់​កណ្តាល​ស្វយ័ត​ហុងកុង​ បន្ទាប់ពី​មនុស្ស​រាប់លាននាក់​បាន​នាំ​គ្នា​ចុះផ្លូវ​ធ្វើ​បាតុកម្ម​ក្នុង​ឆ្នាំ​ ២០១៩​ ដើម្បី​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​។​

សកម្មជន​ប្រជាធិបតេយ្យ​ ៧ នាក់​ត្រូវ​តុលាការ​នៅទី​ក្រុងហុងកុង​​រក​ឃើញថា​មាន​ទោស​កំហុស​ពាក់ព័ន្ធការរៀបចំ ​និងចូលរួម​ក្នុង​បាតុកម្ម​ដ៏ធំបំផុត​ដោយ​គ្មាន​ការ​អនុញ្ញាត​កាលពី​ពីរឆ្នាំមុន​ នៅ​ហុងកុង​ដែលជា​ដែនដី​គ្រប់គ្រង​ដោយចិន​។

សកម្មជន​ទាំង ៧ នាក់​ធ្លាប់​បាន​អះអាងថា​ខ្លួន​គ្មាន​កំហុសនោះទេ​។ តែទោះជាបែបនេះក្តី ​ពេលនេះ​ ពួកគេ​ប្រឈម​នឹង​ការជាប់ពន្ធនាគារ​ ក្រោយ​តុលាការ​ហុងកុង​កាត់​ក្តីឲ្យ​ជាប់ទោស​ទាក់ទង​នឹង​បាតុកម្មឆ្នាំ ២០១៩​។ សាល​ក្រមកាត់​ទោស​របស់ពួកគេ​ នឹងចេញ​នៅ​ប៉ុន្មាន​ថ្ងៃទៀត​។ រីឯសកម្មជន​ពីរនាក់ផ្សេង​ទៀត​ បាន​សារភាពថា​ខ្លួន​មានកំហុស​ ហើយ​ពួកគេ​ប្រឈម​នឹងការ​ជាប់​ពន្ធនាគារ​រយៈពេល ៥ ឆ្នាំ​។

គួរជ្រាបថា​ នៅថ្ងៃ​ព្រហស្បិត៍នេះ​ គេឃើញ​ក្រុម​អ្នកតវ៉ា​មួយក្រុមតូច​បាននាំគ្នា​ទៅឈរ​​កាន់បដា​នៅពី​មុខតុលាការ​ហុងកុង​ ដោយបាន​ប្រកាស​ថ្កោលទោស​ចំពោះ​ការធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​ចំពោះ​សកម្មជន​ប្រជាធិបតេយ្យ​ ដែល​ពួកគេយល់ថា​បានរៀបចំ​និង​ចូលរួម​ធ្វើបាតុកម្មកាលពីឆ្នាំ​ ២០១៩ កន្លងទៅដោយ​សន្តិវិធី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI