អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន ៖ ប្រធានាធិបតី​ត្រៀម​បង្ហាញ ផែនការ​សន្តិភាព​ថ្មី

អាហ្វហ្កានីស្ថាន ៖ ប្រធានាធិបតី​ត្រៀម​បង្ហាញ ផែនការ​សន្តិភាព​ថ្មី
អាហ្វហ្កានីស្ថាន ៖ ប្រធានាធិបតី​ត្រៀម​បង្ហាញ ផែនការ​សន្តិភាព​ថ្មី AFP - WAKIL KOHSAR

ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្កានី Ashraf Ghani បាន​តាក់តែង​ផែនការ​សន្តិភាព​ សម្រាប់​យក​ទៅ​បង្ហាញ​​នៅក្នុង​​អង្គ​​សន្និសីទ​អន្តរជាតិ​​ ស្តី​អំពី​អាហ្វហ្កានីស្ថាន។ សន្និសិទ​អន្តរជាតិ​ដែល​រៀប​ចំ​ឡើង​​ក្រោម​ម្លប់​​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​តួកគី ដោយ​​មាន​កា​រចូល​រួម​ពី​សំណាក់​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ីផង ដើម្បី​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​និង​ពួកតាលីបង់។ ការ​ចរចា​​ដែល​កំពុង​អូស​ជើង​​ជាប់​គាំង ខណៈ​ដែល​ការ​ដក​កងទ័ពអាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន​កាន់​តែ​ខិត​មក​ដល់។​

ផ្សាយពាណិជ្ជកម្ម

គំនិត​ផ្តួច​ផ្តើមស្នើ​​ផែនការ​សន្តិភាព​ថ្មី ប្រព្រឹត្ត​ទៅ​ចំពេល​ដែលសហរដ្ឋ​អាមេរិកព្រម​ទាំងបណ្តាដៃ​គូ​​​អន្តរជាតិ​ទាំង​ឡាយ​ ​គាំទ្រ​ផែនការ​សន្តិភាពមួយ​ផ្សេង​ទៀត ដោយ​គ្រោង​បង្កើត​ឱ្យ​រដ្ឋាភិបាល​អន្តរកាល ចូល​រួម​ដោយ​ភាគី​កាប៊ូល​និង​ភាគី​តាលីបង់។ ​ប៉ុន្តែ​លោកហ្កានី​​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន បាន​អះអាង​ថា​លោក​ទទួល​ស្គាល់​តែ​រដ្ឋបាល​ណា​ដែល​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​តែ​ប៉ុណ្ណោះ។

បើ​តាម​ប្រភព​ផ្លូវការ​ ចំណុច​សំខាន់ៗ​នៃ​ផែនការ​សន្តិភាព​ មាន​បញ្ចូល​ជា​អាទិ៍​កិច្ចព្រមព្រៀង​នយោបាយ​ជាមួយ​ពួក​តាលីបង់ បទ​ឈប់​បាញ់​ដែល​ត្រួត​ពិនិត្យ​ដោយ​ប្រទេស​ផ្សេង និង​ការ​រៀប​ចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​ពួក​តាលីបង់​អាច​ចូល​រួម​​ដើម្បីឈាន​ទៅ​​បង្កើត​រដ្ឋាភិបាល​សន្តិភាព​។ កម្មវិធី​អភិវឌ្ឍ​ប្រទេស​ បន្ត​ដោយ​ការ​ស្ថាបនា​ឡើង​វិញ​នូវ​រចនា​សម្ព័ន្ធ​ធម្មនុញ្ញ​ក៏មាន​​ចែង​ក្នុង​ផែនការ​សន្តិភាពថ្មី​របស់​លោក​​ហ្កានីនេះ​​ដែរ។ ប្រធានាធិបតី​​អាហ្វហ្កានីស្ថាន​បាន​បង្ហើបបង្ហាញ​ផែនការ​នេះ​ប្រាប់​តំណាង​ការទូត​មួយ​ចំនួន​រួច​ទៅហើយ។ នេះ​បើ​តាម​ប្រភពផ្លូវការ​ដដែល។

តាលីបង់​ដែល​ធ្លាប់ដឹកនាំ​រដ្ឋាភិបាល​អភិរក្ស​ជ្រុលនិយម​និង​ដែល​ត្រូវ​បាន​ផ្តួល​រំលំ​ដោយ​អន្តរាគមន៍​អាមេរិក​នៅ​ឆ្នាំ​២០០១ ​ច្រាន​ចោល​គ្រប់​ទម្រង់​នៃ​ការ​បោះឆ្នោត។ តាលីបង់​តែង​រិះគន់​​ការ​បោះឆ្នោត​រៀប​ចំ​ដោយ​រដ្ឋាភិបាល​ក្រុង​កាប៊ូល​ទាំង​អម្បាល​ម៉ាន​ថា​មិន​ត្រឹម​ត្រូវ​ និង​មាន​ការ​លួច​បន្លំ​។ ជា​ការ​បោះឆ្នោត​ក្នុង​បរិបទ​ហិង្សា​ និង​មានអត្រា​​អ្នក​ចូល​រួម​បោះឆ្នោតទាប​ខ្លាំង។

ចំណែក​ឧត្តម​ក្រុមប្រឹក្សា​ជាតិ​ផ្សះផ្សា​អាហ្វហ្កានីស្ថាន​ ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​ទី ៤​មេសា​២០២១​ថា​នឹង​លើកបង្ហាញ​អំពី​ផែនការ​សន្តិភាព​របស់​ខ្លួន​ដែរ។ ជា​សំណើ​ដំណោះស្រាយ​សន្តិភាព​ដែល​ជាកម្រង​​​ឯកសារ​ចំនួន​៣០​ ប្រមូល​បាន​មក​ពី​គណបក្ស​នយោបាយ​​ផ្សេងៗ ពី​សមាជិក​សង្គម​ស៊ីវិល និង​ពី​ប្រធានាធិបតី​ហ្កានី​ផ្ទាល់​ផង ព្រមទាំង​ពីប្រមុខ​​ទីប្រឹក្សា​អាហ្វហ្កានីស្ថាន​លោក អាប់ឌុលឡា អាប់ឌុលឡា​ផង។

ក្នុង​ពេល​នេះ អាហ្វហ្កានីស្ថាន​បន្ត​រង​គ្រោះ​ក្នុង​អំពើហិង្សា​ និង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​រវាង​កង​កម្លាំង​រដ្ឋាភិបាល​និង​ពួក​តាលីបង់​  ជាពិសេស​នៅ​ខេត្ត​ភាគ​ខាង​ត្បូង​ប្រទេស។ ចំណែកប្រធានាធិបតី​អាមេរិក​ លោក ចូ បៃដិន ត្រូវ​ផ្តល់​សេចក្តី​សម្រេច​ចិត្ត​ ថា​ពិត​ជា​ព្រម​ឬ​មិន​ព្រម​ដក​កងទ័ព​អាមេរិក​ពី​ទឹក​អាហ្វហ្កានីស្ថាន ស្រប​តាម​កិច្ចព្រមព្រៀងជាមួយ​ពួក​តាលីបង់​ ​ចុះហត្ថលេខា​ នៅ​ទីក្រុង​ដូហាកាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២០​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI