កូរ៉េខាងជើង-កីឡា

កូរ៉េ​ខាងជើង​មិនបញ្ជូន​កីឡាករ​ទៅ​កម្មវិធី​ប្រកួត​​កីឡាអូឡាំពិក​ក្រុងតូក្យូ​ ព្រោះ​ខ្លាច​ឆ្លង​កូវីដ១៩

រូបថត​ផ្តល់​ឲ្យ​ដោយ​ទីភ្នាក់ងារព័ត៌មាន​ផ្លូវការកូរ៉េខាងជើង KCNA:  លោក គីម អ៊ីលហ្គុក រដ្ឋមន្ត្រី​ក្រសួងកីឡា​កូរ៉េខាងជើង និយាយនៅក្នុង​ការប្រជុំគណកម្មាធិការជាតិ​​អូឡាំពិក​កូរ៉េខាងជើង ថ្ងៃទី ២៥ មីនា ២០២១ ។
រូបថត​ផ្តល់​ឲ្យ​ដោយ​ទីភ្នាក់ងារព័ត៌មាន​ផ្លូវការកូរ៉េខាងជើង KCNA: លោក គីម អ៊ីលហ្គុក រដ្ឋមន្ត្រី​ក្រសួងកីឡា​កូរ៉េខាងជើង និយាយនៅក្នុង​ការប្រជុំគណកម្មាធិការជាតិ​​អូឡាំពិក​កូរ៉េខាងជើង ថ្ងៃទី ២៥ មីនា ២០២១ ។ AP

កូរ៉េខាងជើង នឹងមិនបញ្ជូនកីឡាករ ឲ្យទៅចូលរួម ក្នុង​កម្មវិធីប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូទេ។ នេះគឺជាការ​ប្រកាស​ របស់​ភាគីកូរ៉េខាងជើង នៅថ្ងៃអង្គារទី​៦មេសានេះ ដោយលើកហេតុផល ថា ខ្លាចឆ្លងជម្ងឺកូវីដ​១៩។ អវត្តមាន​របស់​កីឡាករកូរ៉េខាងជើង នៅក្នុងវេទិកា​ប្រកួតអន្តរជាតិដ៏សំខាន់នេះ បាន​ធ្វើឲ្យ​គេសោកស្តាយផងដែរ ថាវានឹងធ្វើ​ឲ្យ​បាត់បង់ឱកាស ជំរុញការបើក​ផ្លូវចរចាជាមួយ​របប​ផ្តាច់ការនេះ។

ផ្សាយពាណិជ្ជកម្ម

ក្រសួងកីឡាកូរ៉េខាងជើង បានប្រកាសថា គណកម្មាធិការជាតិកីឡាអូឡាំពិក​កូរ៉េខាងជើង បាន​សម្រេចថា នឹងមិនបញ្ជូន​ក្រុមកីឡាករ ឲ្យទៅចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក លើកទី៣២​នៅទីក្រុងតូក្យូទេ ដើម្បី​ការពារសុខភាព​និងអាយុជីវិតកីឡាករ ពីការឆ្លងជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ​អវត្តមាន​របស់កីឡាករកូរ៉េខាងជើង ក្នុងឱកាសការប្រកួតអូឡាំពិកនៅតូក្យូខាង​មុខនេះ ត្រូវបាន​អ្នកវិភាគខ្លះ ចាត់ទុកថា ជាការបាត់បង់ឱកាសមួយដ៏សំខាន់ ក្នុង​ការបើកផ្លូវ ភ្ជាប់ទំនាក់ទំនងរវាង​កូរ៉េខាងជើង និងពិភពលោក​ខាងក្រៅ។

គួររំលឹកថា កាលពីឆ្នាំ​២០១៨ កូរ៉េខាងជើងបានបញ្ជូនកីឡាករ ឲ្យ​ចូលរួម​ក្នុងការប្រកួតកីឡាអូឡាំពិក​រដូវរងារ​នៅ​ ក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង។ គីម ជុងអ៊ុន បានទាំងបញ្ជូនប្អូនស្រី ឲ្យ​ដឹកនាំគណប្រតិភូ និងតាមដានការប្រកួតថែមទៀតផង។ គឺឱកាសនោះហើយ ដែលបានបើកច្រកផ្លូវ ឲ្យ​មាន​ការចរចាចាប់ដៃគ្នា រវាងកូរ៉េខាងជើងនិងខាងត្បូង និងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ការចរចាសន្តិភាព បានជាប់គាំងលែងទៅមុខវិញ តាំងតែពី​លោកដូណាល់ ត្រាំ បានជួបជាមួយ​ គីម ជុងអ៊ុន នៅក្រុងហាណូយ ខែកុម្ភៈ​ ឆ្នាំ​២០១៩។

កាលពីក្នុងសន្ទរកថា ថ្ងៃបុណ្យជាតិកូរ៉េខាងត្បូង ១ឧសភា ២០២០ លោក​ប្រធានាធិបតី មូន​ ជាអ៊ីន បាន​លើកឡើងថា លោក​សង្ឃឹមថា កម្មវិធី​ប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ នឹងក្លាយ​ជាឱកាសដ៏មានអត្ថប្រយោជន៍ ដើម្បី​ចាប់ដៃចូលកៀក ជាមួយ​កូរ៉េខាងជើងជាថ្មីម្តងទៀត។

យ៉ាងណាក៏ដោយ លោក Katsunobu Kato អ្នកនាំពាក្យ​រដ្ឋាភិបាលជប៉ុនបានអះអាងថា ភាគីជប៉ុន នឹងប្រឹងប្រែងឲ្យ​អស់ពីសមត្ថភាព ចាត់វិធានការ​ឲ្យ​ម៉ឺងម៉ាត់បំផុត ដើម្បីការពារ​សុខភាព​របស់កីឡាករទាំងអស់ ដែលមកចូលរួម​ប្រកួតនៅខែ​កក្កដាខាងមុខ។

ដោយឡែក លោក​Yang Moo-jin សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យសិក្សាកូរ៉េខាងជើង បានលើកឡើងថា បញ្ហា​កូវីដ​១៩ មិនមែនជា​មូលហេតុតែមួយ​នោះទេ។ កូរ៉េខាងជើងមិនបញ្ជូន​កីឡាករ ឲ្យ​មកចូលរួម​ប្រកួតនៅ​កម្មវិធីប្រកួតកីឡាអូឡាំពិកតូក្យូ គឺ​ដោយសារ​កូរ៉េខាងជើង ចង់​បង្ហាញ​ជំហរប្រឆាំងនឹងជប៉ុន ព្រោះមួយរយៈចុងក្រោយនេះ ជប៉ុន​មាន​ភាពល្អូកល្អឺនខ្លាំងជាមួយ​សហរដ្ឋអាមេរិក រួមដៃគ្នាដាក់ទណ្ឌកម្ម និងរិះគន់​រឿងបញ្ហាសិទ្ធិមនុស្ស​ មកលើកូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI