អូស្រា្តលី-នូវែលសេឡង់

អូស្រា្តលី និងនូវែលសេឡង់ត្រៀមបើកការធ្វើដំណើររវាងប្រជាជនទាំងពីរដោយមិនបាច់ធ្វើចត្តាឡីស័ក

​នាយករដ្ឋមន្រ្តី​នូវែលសេឡង់​លោកស្រី Jacinda Ardern។
​នាយករដ្ឋមន្រ្តី​នូវែលសេឡង់​លោកស្រី Jacinda Ardern។ AP - Mark Mitchell

នៅ​ថ្ងៃ​អង្គារ ទី៦ មេសា ប្រទេស​អូស្រ្តាលី និង​ប្រទេស​នូវែលសេឡង់​បាន​ព្រមព្រៀង​បើក​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឡើង​វិញ​ចាប់​ពី​ថ្ងៃទី១៨ មេសា​ខាង​មុខ​ទៅ។ ដំណឹង​នេះ​ត្រូវ​បាន​សាទរ​ដោយ​ប្រមុខរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ។ គួរ​រម្លឹក​ថា ជាង ១ឆ្នាំ​ដែល​នូវែលសេឡង់​បាន​បិទ​ព្រំដែន​ដោយសារ​ជំងឺ​ឆ្លង​កូវីដ១៩។ អវត្តមាន​ទេសចរណ៍​បរទេស​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​នូវែលសេឡង់​ជួប​វិបត្តិ​ធ្ងន់ធ្ងរ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា នូវែលសេឡង់ និង​អូស្រា្តលី​ជា​ប្រទេស​ពីរ​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ទប់​ការ​ឆ្លង​រាលដាល​កូវីដ១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​អាច​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ចត្តាឡីស័ក​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី១៨ មេសា » នេះ​ជា​ការ​ប្រកាស​របស់​នាយករដ្ឋមន្រ្តី​នូវែលសេឡង់​លោកស្រី Jacinda Ardern។ នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក Scott Morrison បាន​ឆ្លើយ​តប​វិញ​នៅ​ក្នុង​សន្និសីទកាសែត​ដោយ​សរសើរ​លើ​ការ​សម្រេចចិត្ត​របស់​រដ្ឋាភិបាល​នូវែលសេឡង់។ គួរ​រម្លឹក​ថា អស់​រយៈពេល​ជាង ១ឆ្នាំ​ដែល​នូវែលសេឡង់​បាន​បិទព្រំដែន​ជា​មួយ​អូស្រ្តាលី​ដោយសារ​ជំងឺ​កូវីដ១៩។ ចំណែក​អូស្រា្តលី​ក៏​បាន​បិទ​ដែរ តែ​បាន​បើក​មួយ​ភាគ​កាល​ពី ៦ខែ​មុន​ដោយ​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នូវែលសេឡង់​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​អូស្រា្តលី​ខ្លះ​ដោយ​មិន​ចាំ​បាច់​ធ្វើ​ចត្តាឡីស័ក។

ការ​សម្រេច​បើក​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឡើង​វិញ​នឹង​អនុញ្ញាត​ផ្តល់​សន្ទុះ​ជា​ថ្មី​លើ​វិស័យ​ទេសចរណ៍។ សម្រាប់​នូវែលសេឡង់ អវត្តមាន​ទេសចរណ៍​បរទេស​ជាង ១ឆ្នាំ​កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។ វិស័យ​ទេសចរណ៍​នូវែលសេឡង់​សង្ឃឹម​ថា ការ​បើក​ព្រំដែន​ជាមួយ​អូស្រា្តលី​នឹង​អាច​ទទួល​បាន​ចំណូល​រហូត​ដល់​ទៅ ៦០០លានអឺរ៉ូ​សម្រាប់​សេដ្ឋកិច្ចជាតិ។ លោកស្រី Jacinda Ardern បាន​ជំរុញ​ប្រជាជន​អូស្រា្តលី​ឲ្យ​ឆ្លៀត​ឆក់ឱកាស​នៃ​ការ​ព្រំដែន ពិសេស​នៅ​ពេល​ដែល​រដូវកីឡា​ខែ​ត្រជាក់​ឈាន​ចូល​ជិត​មក​ដល់។ តាម​លោកស្រី Jacinda Ardern នូវែលសេឡង់​ជា​កន្លែង​សុវត្តិភាព​សម្រាប់​ទៅ​លេង​ជា​លក្ខណៈ​គ្រួសារ។

ក្រោយ​ការ​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ក្រុមហ៊ុន​អាកាសចរណ៍​នូវែលសេឡង់ Air New Zealand បាន​ប្រកាស​ពី​ការ​បង្កើន​ជើងហោះហើរ​ទៅ​កាន់​អូស្រ្តាលី​ពី ៤ជើង​ក្នុង​មួយ​សប្តាហ៍​នា​ពេល​បច្ចុប្បន្ន​ទៅ ២០ជើង​នា​ពេល​ខាង​មុខ។ សូម​ជម្រាប​ថា នូវែលសេឡង់ និង​អូស្រា្តលី​ជា​ប្រទេស​ពីរ​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ប្រយុទ្ធប្រឆាំង និង​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​កូវីដ១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​តាម​រយៈ​បិទព្រំដែន​ខាង​ក្រៅ។ គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី៥ មេសា នូវែលសេឡង់​មាន​មនុស្ស​ស្លាប់​ដោយ​កូវីដ១៩ តែ ២៦នាក់​ប៉ុណ្ណោះ។ ចំណែក​នៅ​អូស្ត្រាលី ចំនួន​មនុស្ស​ស្លាប់​ដោយ​កូវីដ១៩ មាន​តិច​ជាង ១ ០០០នាក់​នៅ​ក្នុង​ចំនួន​ពលរដ្ឋ​សរុប ២៥លាននាក់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI