ភូមា-រដ្ឋប្រហារ

ក្រុម​គាំទ្រ​របបសិក បណ្តេញ​ឯកអគ្គរដ្ឋទូត​ភូមា​នៅ​អង់គ្លេស ចេញ​ពី​ស្ថានទូត​ទីក្រុង​ឡុងដ៍

លោក Kyaw Zwar Minn ឯកអគ្គរដ្ឋទូតភូមា ប្រចាំនៅទីក្រុងឡុងដ៍ លើកដៃម្រាម៣ បន្ទាប់ពី​ក្រុម​គាំទ្ររបបសិក បានរារាំងលោក មិនឲ្យ​ចូលធ្វើការនៅក្នុងស្ថានទូត។ ទីក្រុងឡុងដ៍ ថ្ងៃទី ៨ មេសា ២០២១
លោក Kyaw Zwar Minn ឯកអគ្គរដ្ឋទូតភូមា ប្រចាំនៅទីក្រុងឡុងដ៍ លើកដៃម្រាម៣ បន្ទាប់ពី​ក្រុម​គាំទ្ររបបសិក បានរារាំងលោក មិនឲ្យ​ចូលធ្វើការនៅក្នុងស្ថានទូត។ ទីក្រុងឡុងដ៍ ថ្ងៃទី ៨ មេសា ២០២១ AP - Kirsty Wigglesworth

នៅស្ថានទូតភូមា ប្រចាំទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ភាពរញ៉េរញ៉ៃបានកើតឡើង កាលពីថ្ងៃពុធ ទី៧មេសាម្សិលមិញនេះ ដោយក្រុមមន្ត្រីទូតនិងមន្ត្រីយោធាភូមា ដែលគាំទ្ររបបសិក បាន​បណ្តេញលោកអគ្គរដ្ឋទូតភូមា ចេញពីស្ថានទូត ដោយ​សារតែលោកអគ្គរដ្ឋទូតរូបនេះ មានគំនិតគាំទ្រលោកស្រីអ៊ុងសាន ស៊ូជី។ រដ្ឋាភិបាលអង់គ្លេស បានសំដែងការថ្កោលទោស ចំពោះអំពើក្អេងក្អាងរបស់​ក្រុមកងទ័ពភូមា នៅលើទឹកដីអង់គ្លេស។

ផ្សាយពាណិជ្ជកម្ម

លោក Kyaw Zwar Minn គឺជាឯកអគ្គរដ្ឋទូតភូមា ប្រចាំទីក្រុងឡុងដ៍​ប្រទេសអង់គ្លេស ហើយដែល​មានទំនោរគាំទ្រលោកស្រី អ៊ុងសាន ស៊ូជី។ កាលពីថ្ងៃពុធ ទី​៧មេសា លោកត្រូវបាន​ក្រុមមន្ត្រីភូមា ដែលគាំទ្ររបបសិក បណ្តេញចេញពីស្ថានទូត។ លោក Kyaw Zwar Minn បានបញ្ជាក់ថា គឺតំណាងកងទ័ពភូមា ប្រចាំនៅស្ថាទូត ជាអ្នក​បានដណ្តើមកាន់កាប់ស្ថានទូតនៅទីក្រុងឡុងដ៍។ លោកបានចាត់ទុកថា នេះគឺជាអំពើរដ្ឋប្រហារប្លន់អំណាចមួយ​។

លោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានសរសេរលើទំព័រ Twitter ថា​ ការបណ្តេញ​​លោកអគ្គរដ្ឋទូតភូមាដែលគាំទ្រលោកស្រីអ៊ុងសាន ស៊ូជី និងការដណ្តើមស្ថានទូតយកទៅគ្រប់គ្រងបែបនេះ វាគឺជាអំពើគំរាម​យ៉ាងព្រហ៊ើន​របស់​របបសិកភូមា ធ្វើនៅលើទឹកដីអង់គ្លេស។ លោកបន្តថា រដ្ឋាភិបាលអង់គ្លេស សូមប្រកាសថ្កោលទោស​ អំពើគំរាមសំឡុតរបស់កងទ័ពភូមានេះ។

ដោយឡែក​នៅក្នុងស្រុកភូមាឯណោះវិញ របបសិកបានប្រើប្រាស់​ប្រព័ន្ធតុលការ ចោទប្រកាន់​ និងចេញដីកាតាមចាប់ខ្លួន អ្នកសិល្បៈ តារាចម្រៀង​ តារាសម្តែង តារាបង្ហាញម៉ូដ និងអ្នកកាសែត សរុបចំនួន​១២០នាក់។ ជាក់ស្តែង តារាចម្រៀង សម្តែង និងបង្ហាញម៉ូដប្រុស ដ៏ល្បីម្នាក់នៅភូមា ឈ្មោះ Paing Takhon​ ត្រូវបានសមត្ថកិច្ច​ចុះទៅចាប់ខ្លួនដល់ផ្ទះ នៅក្រុងរ៉ង់ហ្គូន នៅព្រឹកថ្ងៃព្រហស្បតិ៍។ នេះបើផ្អែកតាមប្រភពពីអ្នកស្រី Thi Thi Lwin បងស្រីរបស់តារារូបនេះ។  ទំព័រ Facebook និង​ Instagram របស់តារា​ដ៏ល្បី​អាយុ២៤ឆ្នាំរូបនេះ ដែលមានហ្វេនតាមដាន​រាប់លាននាក់នោះ ត្រូវបាន​អាជ្ញាធរភូមា​​បិទខ្ទប់ មិនឲ្យ​ដំណើរការទេ។

គួរកត់សំគាល់ថា ចលនាបាតុកម្មនៅតែបន្តមាន ក៏ប៉ុន្តែគេសង្កេតឃើញថា អ្នកចូលរួមបានចុះថយ ដោយសារពួកគេខ្លាចការបាញ់សម្លាប់។ យោងតាម​អង្គការជួយ​អ្នកទោសនយោបាយភូមា កាលពីថ្ងៃពុធទី​៧មេសា មានបាតុករ១២នាក់ទៀតបានស្លាប់ ដែលធ្វើឲ្យចំនួន​មនុស្ស​ស្លាប់សរុបទាំងអស់ មានប្រមាណ​៦០០នាក់ គិតចាប់ពីពីផ្ទុះបាតុកម្មមក។ មនុស្សដែលជាប់ឃុំវិញ មាន​ប្រមាណ​២៨០០នាក់។ អង្គការនេះ អះអាងថា ការបង្រ្កាប គំរាមសំឡុតប្រជាជន មិនមែនតែនៅតាមទីក្រុងធំៗទេ គឺក្រុមយោធា បានពង្រីកទៅដល់តាមទីជនបទទូទាំងប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI