កូរ៉េខាងជើង

លោក​គីមជុងអ៊ុន ប្រៀបធៀប​វិបត្តិសេដ្ឋកិច្ច​សព្វថ្ងៃ​ទៅនឹង​គ្រោះអត់ឃ្លាន នៅទសវត្សរ៍ ទី​៩០

រូបថតផ្តល់ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង បង្ហាញ​លោក​គីម ជុងអ៊ុន​នៅក្នុង​ពិធីបិទ​សន្និសីទ​របស់​បក្ស​ពលករ​កូរ៉េខាងជើង ថ្ងៃ​ព្រហស្បតិ៍ទី ៨ មេសា ២០២១
រូបថតផ្តល់ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង បង្ហាញ​លោក​គីម ជុងអ៊ុន​នៅក្នុង​ពិធីបិទ​សន្និសីទ​របស់​បក្ស​ពលករ​កូរ៉េខាងជើង ថ្ងៃ​ព្រហស្បតិ៍ទី ៨ មេសា ២០២១ AP

មេដឹកនាំកូរ៉េខាងជើង លោក​គីម ជុងអ៊ុន​បាននិយាយតឿន ជំរុញ ឲ្យ​បក្សពលករ​កូរ៉េខាងជើង ខំប្រឹង​ធ្វើការ​ខ្លាំងជាងមុន និង​ធ្វើពលិកម្ម សម្រាប់​ប្រជាជន។ នៅក្នុង​ឱកាស​ថ្លែង​បិទសន្និសីទ ដែលរៀបចំឡើង​សម្រាប់​មន្រ្តីបក្ស​ពលករ​កូរ៉េខាងជើង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨មេសា មេដឹកនាំ​កូរ៉េខាងជើង បាន​លើកឡើង​ជាលើកទី១​ពី​វិបត្តិ​គ្រោះអត់ឃ្លាន​កាលពី​ទសវត្សរ៍ ឆ្នាំ ៩០ ដើម្បី និយាយ​ប្រៀបធៀប ដល់​វិបត្តិសេដ្ឋកិច្ច​ដែល កូរ៉េខាងជើង កំពុង​ជួបប្រទះសព្វថ្ងៃនេះ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ នៅថ្ងៃ​ព្រហស្បតិ៍ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បានជំរុញ​ឲ្យ​អ្នកទទួលខុសត្រូវគ្រប់ជាន់ថ្នាក់​របស់ បក្ស​កុម្មុយនិស្ត សកម្មជាងមុន និង អនុវត្ត​ផែនការ​សេដ្ឋកិច្ច​ថ្មី រយៈពេល​៥ឆ្នាំ ដែល​មហាសន្និបាត​របស់​បក្ស​បាន​សម្រេច កាលពី​ខែ មករា​ដើម​ឆ្នាំនេះ។

តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានផ្លូវរដ្ឋ​កូរ៉េខាងជើង KCNA ថ្លែង​ទៅកាន់​មន្រ្តីគ្រប់​ជាន់ថ្នាក់​របស់​បក្ស​ពលករកូរ៉េខាងជើង រាប់ពាន់នាក់ លោក​គីម ជុងអ៊ុន​បាន​និយាយថា លោក​បាន​សម្រេចចិត្ត​ស្នើ​សុំ​ឲ្យ​បក្ស​ពលករ​កូរ៉េខាងជើង អនុវត្ត “Marché Forcée” ឬ​ដំណើរបង្ខំ ដែលលំបាកជាងមុន ដើម្បី​សម្រាល​បន្ទុក​របស់​ប្រជាជន។

“ដំណើរបង្ខំ” ជា​ពាក្យ​ដែល​អ្នកទទួល​ខុសត្រូវ​កូរ៉េខាងជើង ធ្លាប់ ប្រើ​សម្រាប់​ប្រមូលផ្តុំ កម្លាំង​ ប្រជាជន​កូរ៉េខាងជើង នៅក្នុង​សម័យ​ដែល​ប្រទេស​ស្គាល់​គ្រោះអត់ឃ្លាន​ខ្លាំង ក្នុង​ទសវត្សរ៍ ឆ្នាំ ១៩៩០។

នៅថ្ងៃ​បើក​សន្និសីទ​កាលពីថ្ងៃ​អង្គារ មេដឹកនាំ​កូរ៉េខាងជើង​បាន​និយាយ​ថា ប្រទេស​របស់​លោក​កំពុង​ប្រឈម​នឹង​ស្ថានភាព​អាក្រក់ ដែលបណ្តាល​មកពី កត្តាច្រើនយ៉ាង​ដូចជា វិបត្តិកូវីដ ១៩ ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែលដឹកនាំ​ដោយ​អាមេរិក ហើយនិង​គ្រោះមហន្តរាយធម្មជាតិ កាលពី​ខែ ពាក់កណ្តាល​ឆ្នាំមុន។ ប៉ុន្តែ នេះ​ជាលើកទី ១ ដែល​មេដឹកនាំ​កូរ៉េខាងជើង និយាយ​ប្រៀបធៀប​ស្ថានភាព​សេដ្ឋកិច្ច របស់​កូរ៉េខាងជើង​បច្ចុប្បន្ន ទៅនឹង គ្រោះទុរ្ភិក្ស ដែល​បាន​សម្លាប់​មនុស្ស ប្រមាណ ៣លាននាក់ នៅកូរ៉េខាងជើង។ គ្រោះទុរ្ភិក្ស ដែល​កើតឡើង ដោយសារ ការដួលរលំ​សហភាព​សូវៀត ដែលជាជំហរបង្អែក​ខ្លាំង​របស់​កូរ៉េខាងជើង និង​

នៅក្នុង​មហាសន្និបាត​របស់បក្ស នៅ​ខែ​មករា មេដឹកនាំ​កូរ៉េខាងជើង ធ្លាប់​បាន​បញ្ជា​ឲ្យ​មន្រ្តីរដ្ឋាភិបាល​ពង្រឹង​សេដ្ឋកិច្ច បង្កើនការផលិត​ក្នុងស្រុក ដោយ​កាត់បន្ថយការនាំចូល។ ប៉ុន្តែ តាមអ្នកជំនាញ បញ្ហា​របស់​កូរ៉េខាងជើង សព្វថ្ងៃ​គឺ​ជាលទ្ធផល​នៃការគ្រប់គ្រង​មិន​បាន​ល្អ កន្លងមក ការដាក់ខ្លួន​ឲ្យនៅឯកោរ ហើយនិង​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ដោយសារ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ។

វិបត្តិសេដ្ឋកិច្ច​កូរ៉េខាងជើង កាន់តែ​ធ្លាក់ធ្ងន់ធ្ងរ មួយកម្រិតទៀត ដោយសារ​វិធានការ​បិទខ្ទប់​ព្រំដែន​ទាំងស្រុង រួមទាំង​ជាមួយ​ប្រទេស​ចិន ដើម្បីទប់ស្កាត់​ការឆ្លង​ជំងឺកូវីដ។ ការណ៍នេះធ្វើឲ្យ ការនាំចេញ​របស់​ចិន ទៅ​កូរ៉េខាងជើង បានធ្លាក់ថយចុះ​៨០%​នៅ​ឆ្នាំ ២០២០។ សម្រាប់អ្នកជំនាញ ដោយ​មើល​ទៅលើ​ប្រព័ន្ធ​សុខាភិបាល ខ្សត់ខ្សោយ របស់ខ្លួន កូរ៉េខាងជើង គ្មានជំរើស​អ្វី​ផ្សេង ក្រៅពី​បិទព្រំដែន ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ​ក្នុង​ប្រទេស​នោះទេ។

ទោះមេដឹកនាំ​កូរ៉េខាងជើង បាន​លើកឡើង​ពីវិបត្តិសេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ ដូច​កាល​ទសវត្សរ៍ ឆ្នាំ ១៩៩០ ប៉ុន្តែ​គេ​មិនបាន​ឃើញ​សញ្ញា​ថា កូរ៉េខាងជើង​នឹង​អាច​ជួប​គ្រោះអត់ឃ្លាន​នោះទេ។ នៅក្នុង​សំបុត្រ ឆ្លងឆ្លើយ រវាង ​លោកគីមជុងអ៊ុន និង​ប្រធានាធិបតីចិន កាលពី​ខែ​មីនមុន លោក​ស៊ី ធ្លាប់​បាន​សន្យា​ថា នឹង​ធ្វើ​ឲ្យ​ប្រជាជន​របស់​ប្រទេស​ទាំងពីរ មាន​ជីវភាព​ល្អប្រសើរឡើង។ ប្រទេស​ចិន ដែល​ជាសម្ព័ន្ធមិត្ត​សំខាន់ របស់​ព្យុងយ៉ាង នឹង​មិនបណ្តោយ​ឲ្យ​មាន​រឿងនេះ​កើតឡើង​នោះទេ ព្រោះថា បើកូរ៉េខាងជើង ជួបគ្រោះទុរ្ភិក្ស នោះ ចិន​នឹង​ពិបាក គ្រប់គ្រង ទប់ លំហូរចូល ប្រជាជន​កូរ៉េខាងជើង ក្នុងទឹកដី​របស់ខ្លួន។

ថ្មីៗនេះ ក្រុមអ្នកជំនាញ​ឯករាជ្យ​ទទួលបន្ទុក​តាមដាន ការដាក់ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញថា ក្រុមផ្តល់ជំនួយ​ពិបាក​នឹង​ចូលទៅជួយ​ស្រ្តី និង​កុមារ ដែលកំពុងជួបការលំបាក នៅកូរ៉េខាងជើង ដោយសារ​វិធានការ​បិទខ្ទប់ប្រទេស។

ប៉ុន្តែ មន្រ្តី​ទទួលខុសត្រូវ​របស់​ក្រសួងសុខាភិបាល​កូរ៉េខាងជើង​ម្នាក់ បាន​និយាយ​នៅ​ថ្ងៃ​អង្គារថា គ្មាន​កុមារកូរ៉េខាងជើង​ដែល​ខ្វះអាហារូបត្ថម្ភនោះទេ និង​ថា របាយការណ៍​របស់​អ្នកជំនាញ​ខាងលើ បង្កើតឡើង​ដើម្បី​បំផ្លាញ​រូបភាព​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI