សង្រ្គាមពាណិជ្ជកម្ម

អាណត្តិលោកចូ បៃដិន ចាប់ផ្តើម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុមហ៊ុនចិន

ក្រុមហ៊ុនស៊ូពែរកុំព្យូទ័រ Shenwei (Sunway) TaihuLight នៅ​ខេត្ត​Jiangsu ភាគខាងកើត​ប្រទេស​ចិន នៅឆ្នាំ ២០២០
ក្រុមហ៊ុនស៊ូពែរកុំព្យូទ័រ Shenwei (Sunway) TaihuLight នៅ​ខេត្ត​Jiangsu ភាគខាងកើត​ប្រទេស​ចិន នៅឆ្នាំ ២០២០ AP

នៅក្នុង​ហេតុផល គ្រោះថ្នាក់ និង​គំរាមកំហែង​សន្តិសុខ​ជាតិ​អាមេរិក ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​សម្រេច នៅថ្ងៃ​ព្រហស្បតិ៍ ទី​៨​មេសា ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​ចំនួន ៧ ដែលមាន​ជំនាញ ខាង ស៊ូពែរកុំព្យូទ័រ ឬ កុំព្យូទ័រ​យក្ស ដែលមាន​កម្លាំងខ្លាំង​មហាសាល។ ទីក្រុង​ប៉េកាំង បាន​ប្រតិកម្ម​តបវិញ ដោយ​ថ្កោលទោស វិធានការ​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​លើកនេះ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​អាណត្តិដឹកនាំ​របស់​លោក​ចូ បៃដិន ទំនាក់ទំនង​ចិន អាមេរិក​នឹង​មិនងាយ​ចាប់ល្អ​ប្រសើរ​ឡើងវិញនោះទេ។ បន្ទាប់​ពី​ដាក់​ទណ្ឌកម្ម​មន្រ្តីចិន ដោយសារ​សំណុំរឿង រំលោភសិទ្ធិមនុស្ស​នៅ​ខេត្ត​ស៊ីនជាំង រដ្ឋបាល​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ចំនួន​៧ ដែល​ហេតុផល គំរាមកំហែង​ដល់​សន្តិសុខជាតិ​អាមេរិក។

នៅថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ប្រកាស​ចាត់វិធានការ​រឹតបន្តឹង ការធ្វើជំនួញ​ជាមួយ​មជ្ឈមណ្ឌល ក្រុមហ៊ុន ​ចិន​ទាំង ៧ ដែល​មានជំនាញ​ខាង​ស៊ូពែរ កុំព្យូទ័រ។ សម្រាប់​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​អាមេរិក លោកស្រី Gina Raimondo សមត្ថភាព​ស៊ូពែរ​កុំព្យូទ័រ​សំខាន់ណាស់​សម្រាប់​ទ្រទ្រង់ ការអភិវឌ្ឍន៍​ប្រព័ន្ធសន្តិសុខជាតិ ការធ្វើទំនើបកម្ម​វិស័យកងទ័ព ដែលនៅក្នុង​នោះ​មានផងដែរ ការផលិតអាវុធ​នុយក្លេអ៊ែរ និង​អាវុធ​ដែល​លឿនជាង​សំឡេង។ តាម​លោកស្រី​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អាមេរិក ទណ្ឌកម្ម លើកនេះ​សំដៅ រារាំង ចិន​មិន​ឲ្យ​ទាញ​យកប្រយោជន៍​ពីបច្ចេកវិទ្យា​អាមេរិកាំង ដើម្បី ទៅ​ពង្រឹង មហិច្ឆតា ធ្វើទំនើបកម្ម​កងទ័ព​របស់ខ្លួន។

ទៅតាម​ទណ្ឌកម្ម របស់​ក្រសួងពាណិជ្ជកម្ម អាមេរិក ក្រុមហ៊ុន​ស៊ូពែរកុំព្យូទ័រ​ទាំង ៧​របស់​ចិន ត្រូវ ដាក់ពាក្យសុំ​ធ្វើជំនួញ ឡើងវិញ និង​សុំ​អនុញ្ញាត​ពិសេស សម្រាប់​ការនាំចេញ និង​នាំចូល ផលិតផល​អាមេរិក។ នៅក្នុង​ចំណោម​ក្រុមហ៊ុន​ចិន​ទាំង ៧ ដែល​ចូលក្នុង​បញ្ជី​ខ្មៅ​របស់​អាមេរិក កាលពី​ថ្ងៃ ព្រហស្បតិ៍ មាន​ក្រុមហ៊ុន Sunway TaihuLight ក្នុង​ខេត្ត​ជាំងស៊ូ Jiangsu ភាគខាងកើត​ប្រទេស​ចិន។ បង្កើតឡើង នៅ​ឆ្នាំ ២០១៦ ក្រុមហ៊ុនចិន​មួយនេះ ត្រូវ​គេ​ចាត់ទុក ជា​ម៉ាស៊ីន ស៊ូពែរកុំព្យូទ័រ ដែល​លឿនជាងគេ​ក្នុង​ពិភពលោក។ នៅ​ឆ្នាំ ២០២០ ស៊ូពែរកុំព្យូទ័រ​Taihulight ជាប់ចំណាត់ថ្នាក់លេខ ៤ នៅក្រោយម៉ាស៊ីន ស៊ូពែរកុំព្យូទ័រ​របស់​ប្រទេស​ជប៉ុន និង​អាមេរិក។

ទីក្រុង​ប៉េកាំង​បានអភិវឌ្ឍ បង្កើត​ម៉ាស៊ីន ស៊ូពែរកុំព្យូទ័រ សមត្ថភាព ខ្លាំង សម្រាប់​ប្រើ​ក្នុង​វិស័យ​បច្ចេកវិទ្យា (ធ្វើការពីចម្ងាយ) សម្រាប់​សិក្សា​អាកាសធាតុ ឬ​ស្រាវជ្រាវ​ផ្នែក​កងទ័ព។ ធ្លាប់​ចោទប្រកាន់ចិន បាន​លួចបច្ចេកវិទ្យា និង​កម្មសិទ្ធិបញ្ញា របស់​ក្រុមហ៊ុនអាមេរិកាំង រដ្ឋបាល​អាមេរិក ព្រួយបារម្ភ​កាន់តែខ្លាំងថា ចិន មានចេតនា​ប្រើ​ស៊ូពែរកុំព្យូទ័រ ដើម្បី ចូល​ទៅ​ចម្លង​យកគំនិត និង​ចំណេះដឹង ផ្នែក​បច្ចេកវិទ្យា អាមេរិកាំង។

ពីទីក្រុង​ប៉េកាំង ប្រតិកម្ម​ទៅ​នឹង​ទណ្ឌកម្ម​របស់ក្រសួង​ពាណិជ្ជកម្ម​អាមេរិក អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​ចិន បាន និយាយថ្កោលទោស វិធានការ​របស់អាមេរិក និងសន្យា​ចាត់​វិធានការ វាយបកវិញ​ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​ចិន។ សម្រាប់​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន ការដាក់គំនាប និងការប្រឹងប្រឹង​ទាំងឡាយ​របស់​អាមេរិកនឹង​មិនអាចរាំងស្ទះ​បំផ្លាញ​ដំណើរអភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​របស់​ចិន​បាន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI