សេដ្ឋកិច្ចចិន

វិស័យ​ពាណិជ្ជ​កម្ម​ចិន​មាន​សុខ​ភាព​ល្អ​ដោយ​មាន​ទាំង​កំណើន​នៃ​ការ​នាំ​ចូល​និង​នាំ​ចេញ

ទិន្នន័យពាណិជ្ជកម្មចិនបន្តមានភាពប្រសើរឡើង ក្នុងពេលដែលសេដ្ឋកិច្ចបណ្តាប្រទេសមហាអំណាចជាច្រើនផ្សេងទៀតនៅទូទាំងពិភពលោក កំពុងរងគ្រោះនៅឡើយពីវិបត្តិបង្កដោយជំងឺកូវីដ១៩។
ទិន្នន័យពាណិជ្ជកម្មចិនបន្តមានភាពប្រសើរឡើង ក្នុងពេលដែលសេដ្ឋកិច្ចបណ្តាប្រទេសមហាអំណាចជាច្រើនផ្សេងទៀតនៅទូទាំងពិភពលោក កំពុងរងគ្រោះនៅឡើយពីវិបត្តិបង្កដោយជំងឺកូវីដ១៩។ STR AFP

ការនាំចូល​និង​នាំចេញ​របស់​ចិន​បាន​កើន​ឡើង​ជា​ថ្មី​នៅ​ក្នុង​ខែមីនា​ ឆ្នាំ​២០២១​។ អត្រា​កំណើន​នេះ​បញ្ជាក់​ជាថ្មីទៀត​អំពី​ការ​ស្ទុះងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ចិន​ ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​បណ្តា​ប្រទេស​មហាអំណាច​ជាច្រើន​ផ្សេងទៀត​នៅទូទាំង​ពិភពលោក​ កំពុង​រង​គ្រោះ​នៅ​ឡើយ​ពី​វិបត្តិ​បង្ក​ដោយ​ជំងឺ​​កូវីដ​១៩​។

ផ្សាយពាណិជ្ជកម្ម

កំណើននៃ​ការនាំចូល​និង​នាំចេញ​របស់ចិននេះ​បញ្ជាក់ថា​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ និងការ​បន្ធូរបន្ថយ​វិធានការ​ទប់ស្កាត់​កូវីដ​ ជះ​ផលវិជ្ជមាន​ដល់​វិស័យពាណិជ្ជកម្ម​ចិន​។ គេ​រំពឹងថា​ការ​នាំចូល​ និង​នាំចេញ​របស់​ចិន​ នឹង​ល្អប្រសើរឡើង​បន្ថែមទៀត​នៅ​ប៉ុន្មាន​ខែខាងមុខ​។

ការ​នាំចូល​របស់​ចិននៅ​ក្នុង​ខែមីនា​ ឆ្នាំ២០២១ ​បានកើន​ឡើង​ចំនួន​ ៣៨,១%​ ធៀបនឹង​ខែ​មីនា​ ឆ្នាំ ២០២០​ ជាពេល​ដែល​សេដ្ឋកិច្ច​ចិន​ ត្រូវ​បាន​បង្អាក់​ដោយសារ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ។ ​តម្រូវការ​ក្នុង​ស្រុក​របស់​ចិន ​បាន​វិល​ត្រឡប់​ទៅរក​សភាព​ធម្មតាវិញ​ បន្ទាប់ពី​វិបត្តិ​កូវីដ​កាលពីឆ្នាំ​ទៅមិញ​ បាន​បង្ខំឲ្យ​ជីវកម្ម​ជាច្រើនបិទ​ទ្វារ​និង​បង្ខំឲ្យ​ប្រជាជន​ស្នាក់​នៅតែ​ក្នុងផ្ទះ​។

តួលេខនេះ​ គឺជា​ការកើនឡើងយ៉ាងខ្លាំង​ពី​កំណើន​ចំនួន​ ២២,២ %​ដែល​មាន​កាល​ពី​ខែ​មករា-កុម្ភៈ​។ ហើយនេះ​គឺជា​ការ​កើនឡើង​នៃ​ការនាំចូល​ខ្ពស់បំផុត​ចាប់​តាំងពី​ខែកុម្ភៈ​ឆ្នាំ ២០១៧​។

លោកស្រី​ Iris Pang ជា​សេដ្ឋវិទូ​ម្នាក់បាន​មាន​ប្រសាសន៍​ថា​ កត្តា​សំខាន់​នៅពី​ក្រោយ​ការកើនឡើង​នៃ​ការនាំចូល​របស់ចិនគឺគ្រឿង​អេឡិចត្រូនិក​។ លោកស្រីថា​ ដោយ​សារ​ជួប​បញ្ហា​ក្នុងការផលិត​ កោះតៃវ៉ាន់​ក៏​នាំចេញ​គ្រឿង​បន្លាស់​អេឡិចត្រូនិក​មួយចំនួន​ទៅកាន់​ប្រទេសចិន​ ដើម្បី​បញ្ចប់​ផលិតកម្ម​នៅទីនោះ​។

ដូចគ្នានេះ​ដែរ​ វិស័យ​នាំចេញ​របស់​ចិន​មាន​កើន​ឡើង​ចំនួន​ ៣០,៦%​។ អត្រាកំណើន​ ៣០,៦%​ ថ្វីដ្បិត​ទាប​ជាងអត្រា​ ៣៨% ដែល​ព្យាករណ៍​ដោយ Bloomberg ក្តី​ ក៏​ប៉ុន្តែ​តួលេខ​នេះ​ នៅតែស្ថិត​ក្នុងចំណោម​កំណើនខ្ពស់​បំផុត​ចាប់តាំងពីដើមឆ្នាំ​ ២០១៨ ​មក​។ ជាការ​គួរឲ្យកត់​សម្គាល់​ ការ​នាំចេញ​ទៅក្រៅ​ប្រទេស​របស់ចិន​បាន​កើន​ឡើង​ជាង​ ៦០% នៅក្នុង​ខែ​មករា​ដល់​ខែកុម្ភៈ​។

គួរជ្រាបថា​ កំណើន​វិស័យ​នាំ​ចេញ​បាន​ធ្វើ​ឲ្យ​អតិរេកពាណិជ្ជកម្ម​របស់​ចិន​ កើន​ឡើង​ផងដែរ​។ ទិន្នន័យ​គយ​បានបង្ហាញ​ អតិរេក​ពាណិជ្ជកម្ម​សរុប​របស់​ចិន​មាន​ចំនួនប្រមាណ​ ១៣,៨ ពាន់​លានដុល្លារ​ ចំណែក​ផល​សល់​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ បាន​កើន​ឡើង​ប្រមាណ​ ៤០%​ ស្មើនឹងតម្លៃខ្ទង់​ ២១,៤ ពាន់លានដុល្លារ​។ អតិរេក​ (ផលសល់)​ ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក ដែល​បន្ត​កើន​ឡើង​ជា​ដំណឹង​ល្អ​សម្រាប់​ចិន តែ​មិនមែន​សម្រាប់​អាមេរិកទេ។ ហើយនេះ​ គឺជា​ចំណុច​ខ្វែង​គំនិត​គ្នាខ្លាំង​ នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-អាមេរិក​ ក្រោម​អាណត្តិ​ដឹកនាំ​របស់​លោកដូណាល់ ត្រាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI