បារាំង​ទៅឥណ្ឌា ហើយ​អាមេរិក​ទៅចិន ដើម្បី​ជជែក​រឿង​អាកាសធាតុ​

A man holds a flare as protesters take part in a demonstration as part of a call for protests worldwide of the Youth For Climate movement in Nantes, western France, on March 19, 2021. (Photo by LOIC VENANCE / AFP)
A man holds a flare as protesters take part in a demonstration as part of a call for protests worldwide of the Youth For Climate movement in Nantes, western France, on March 19, 2021. (Photo by LOIC VENANCE / AFP) AFP - LOIC VENANCE

ថ្ងៃពុធ​ ទី​១៤មេសា ប្រមុខ​ការ​ទូត​បារាំង បានទៅដល់ឥណ្ឌា ដើម្បី​​​​បំពេញទស្សនកិច្ច​៣ថ្ងៃ​។ ចំណែក​លោក John Kerry មន្ត្រី​កំពូល​អាមេរិក​ទទួល​បន្ទុកកិច្ចការ​​អាកាសធាតុ បាន​ទៅដល់​ក្រុង​ប៉េកាំង​  ​ដើម្បី​ធ្វើ​ទស្សនកិច្ចផ្លូវការ​៤​​ថ្ងៃ​។ ទស្សនកិច្ច​នៃ​ប្រទេស​មហាអំណាចបច្ចិមលោក​​ធំៗ ​នៅ​មហាប្រទេស​អាស៊ី​នេះ​ គឺ​ក្នុង​គោល​បំណង​ជជែក​ពិភាក្សា​គ្នា​រឿង​បរិស្ថាន​អាកាសធាតុ។​ ​

ផ្សាយពាណិជ្ជកម្ម

ប្រទេស​ធំៗ​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿនខ្លាំង​ ហើយ​ដែល​​​បំពុល​បរិយាកាសខ្លាំងដែរ​​ បាន​​បង្ហាញមុខ​ចរចា​គ្នា ​រក​ផ្លូវ​ទប់ទល់​បញ្ហាផ្សែងពុល​និងកម្តៅផែនដី​។​  ប្រមុខ​ការ​ទូត​បារាំង ​​ថ្លែងពី​ក្រុង​ញូវ​ដេលី ថា ​បារាំង​គាំទ្រឥណ្ឌា​ពេញ​ទំហឹង​ ​ក្នុងការ​​​​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ។​ ក្នុងការ​ជជែក​ពិភាក្សា​គ្នារៀបចំដោយ​ស្ថានទូត​បារាំង រដ្ឋមន្ត្រី​ Jean-Yves Le Drian ​រម្លឹក​ពី​សេចក្តីប្តេជ្ញាចិត្ត​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា ​ដែល​ចង់​សម្រេច​គោលដៅ​ផលិត​ថាមពល​ស្អាត ឬថាមពល​កកើត​ឡើងវិញ ឲ្យ​បាន​​ ៤៥០ជីហ្គាវ៉ាត់ ពីពេលនេះដល់​ឆ្នាំ​២០៣០។​

ចំណែក​សមភាគី​ឥណ្ឌា រដ្ឋមន្ត្របរិស្ថានទទួល​បន្ទុក​ព្រៃឈើ​និង​ការប្រែប្រួល​អាកាសធាតុ លោក Prakash Javadekar បញ្ជក់ថា « ​​ឥណ្ឌាគោរពតាមខចែង​នៃកិច្ចព្រមព្រៀង​អន្តរជាតិ​នៃ​​ក្រុងប៉ារីស​ស្តី​ពី​អាកាស​ធាតុ និង​​ថា ប្រមុខដឹកនាំ​នៃប្រទេស​ទាំងពីរ គឺ​ លោក ម៉ាក្រុង និង​លោក ម៉ូឌី សុទ្ធតែ​មាន​ចិត្តតែមួយ​ គឺរួមគ្នា​ប្រយុទ្ធទប់​ស្ងាត់​នឹង​បម្រែបម្រួល​អាកាសធាតុ »។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីបរិស្ថាន​ឥណ្ឌា​ថែមទាំង​លើកសរសើរប្រទេសខ្លួនថា​ « ឥណ្ឌា​នៅ​មិនទាន់​បញ្ចេញ​ផ្សែង​បំពុល​បរិស្ថានខ្លាំងទេ ផ្ទុយ​ទៅវិញ​ ទ្វីបអឺរ៉ុប បំពុល​បរិយាកាស​ ជាង​១៥០ឆ្នាំ​ និង​ប្រទេស​ចិន​ ក៏បំពុល​អាកាស​ជាង​៣០ឆ្នាំហើយ » ​។​

តាមរបាយការណ៍ បច្ចុប្បន្ន ​ចិន​ បញ្ចេញ​ឧស្ម័ន​កាបូនិក​ទៅក្នុង​បរិយាកាស ប្រមាណ​ជា​៣០ភាគរយ​ នៃការ​បញ្ចេញ​ផ្សែង​ធៀប​នឹង​​ប្រទេស​ទូទាំងពិភលោក​។ ចិន​និងសហរដ្ឋ​​អាមេរិក ជាប្រទេសពីរនាំមុខគេ​ខាងបញ្ចេញ​ផ្សែងពុល​តាមរយៈ​​ឧស្សាហកម្ម។​ ដូច្នេះហើយ លោក John Kerry មន្ត្រីជាន់ខ្ពស់​អាមេរិកទទួលបន្ទុកបរិស្ថានអាកាសធាតុ បានថ្លែង​ប្រាប់បណ្តាញឃោសនា​អាមេរិកថា « ដើម្បីទប់​ទល់​នឹង​បញ្ហា​អាកាសធាតុ គេ​មិន​អាច​គ្មាន​ការ​ចូលរួម​របស់​ភាគី​ចិននោះឡើយ »។

គួរជ្រាបថា លោក John Kerry នឹងត្រូវ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំចិន ដើម្បី​ត្រៀម​រៀបចំ​កិច្ច​ជំនួប​កំពូលមួយ​​ស្តីពីអាកាសធាតុ នៅសប្តាហ៍​ក្រោយ​នេះ តប​តាម​ការ​អញ្ជើញ​របស់ប្រធានាធិបតី​ ចូ បាយដិន។​ លោក បាយ​ ដិន បាន​អញ្ជើញ​ប្រមុខរដ្ឋ​រុស្ស៊ីនិង​ចិនព្រមទាំងថ្នាក់ដឹកនាំប្រទេស​៤០ ចូលរួម​ប្រជុំ​តាម​អន​ឡាញ​ នៅថ្ងៃទី​២២-២៣មេសា។ តែគិតត្រឹមថ្ងៃពុធ ​លោក ស៊ី ជិនពីង នៅ​មិន​ទាន់​បញ្ជាក់​អឺអើថា​ចូល​​​ប្រជុំ​​ នៅឡើយទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI