បារាំង-ប៉ាគីស្ថាន-បាតុកម្ម

បារាំង​ជំរុញ​ពលរដ្ឋ​ឲ្យ​ចាក​ចេញ​ពី​ប៉ាគីស្ថាន​ ខណៈ​បាតុ​កម្ម​ប្រឆាំង​បារាំង​កើន​ឡើង

ក្រុមអ្នកគាំទ្រគណបក្ស Tehreek-e-Labaik Pakistan (TLP) ប៉ាគីស្ថានដែលជាក្រុមអ្នកកាន់សាសនាអ៊ីស្លាម បោះបំពង់បង្ហូរទឹកភ្នែកដែលត្រូវបានបាញ់ដោយប៉ូលិសក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំរបស់ពួកគេនៅ Lahore ប្រទេសប៉ាគីស្ថាន នាថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១។
ក្រុមអ្នកគាំទ្រគណបក្ស Tehreek-e-Labaik Pakistan (TLP) ប៉ាគីស្ថានដែលជាក្រុមអ្នកកាន់សាសនាអ៊ីស្លាម បោះបំពង់បង្ហូរទឹកភ្នែកដែលត្រូវបានបាញ់ដោយប៉ូលិសក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងការចាប់ខ្លួនមេដឹកនាំរបស់ពួកគេនៅ Lahore ប្រទេសប៉ាគីស្ថាន នាថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១។ REUTERS - STRINGER

ស្ថានទូត​បារាំង​ប្រចាំ​ប៉ាគីស្ថាន​បាន​ជូន​ដំណឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​ និង​ក្រុមហ៊ុន​បារាំង​ចាក​ចេញ​ពី​ប្រទេស​ប៉ាគីស្ថាន​ជា​បណ្តោះ​អាសន្នសិន​។ សេចក្តី​ជូន​ដំណឹងនេះ​ធ្លាក់មក​ ដោយ​បារាំង​បារម្ភ​ខ្លាច​ក្រែង​មាន​ការ​វាយ​ប្រហារ​ណា​មួយ​ទៅ​លើ​ពលរដ្ឋ​របស់​ខ្លួន​ ខណៈ​បាតុកម្ម​ហិង្សា​ប្រឆាំង​បារាំង​កំពុង​តែ​កើន​ឡើង​នៅ​ទូទាំង​ប៉ាគីស្ថាន​។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​បារាំង​ជាច្រើនខែ​ ស្ថានទូត​បារាំង​ប្រចាំ​នៅ​ប្រទេស​ប៉ាគីស្ថាន​បាន​ព្រមាន​កាលពី​ព្រហស្បតិ៍​ អំពី​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ផល​ប្រយោជន៍បារាំង​នៅ​ប៉ាគីស្ថាន​។ ស្ថិតក្នុង​បរិបទនេះ​ និង​ដោយ​បារម្ភ​ខ្លាច​ក្រែង​មាន​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ណាមួយ​​ផង​ ស្ថានទូត​បាន​ផ្តល់​អនុសាសន៍​ដល់​ប្រជាជន​បារាំង​ឲ្យ​ចាក​ចេញពី​ប៉ាគីស្ថាន​ជា​បណ្តោះអាសន្ន​ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម​ដែល​មានស្រាប់​។

យ៉ាងណាក្តី​ ប្រជាជនបារាំង​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ប៉ាគីស្ថាន​ ហាក់​មិន​ចង់​ចាក​ចេញ​ពី​ប្រទេសនេះ​តាម​ការ​ណែនាំ​របស់​ស្ថានទូត​ឡើយ​។ មាន​ប្រជាជន​ខ្លះ​បដិសេធ​ទៅនឹង​ការ​អំពាវនាវ​ពីខាង​ស្ថានទូត​របស់ខ្លួន​ទៀតផង​។

សហគមន៍​បារាំង​នៅ​ប៉ាគីស្ថាន​កំពុង​មាន​ការខ្វែងគំនិតគ្នា​ដោយ​អ្នកខ្លះ​ មិន​ជឿ​ទុកចិត្ត​ អ្នក​ខ្លះបារម្ភ​ ហើយ​អ្នកខ្លះទៀត​មិនគាំទ្រ​ចំពោះ​ការ​អំពាវនាវ​របស់​ស្ថានទូត​ដែល​ជំរុញ​ឲ្យពួកគេ​ចាកចេញពី​ប៉ាគីស្ថាន​។ ប្រជាជន​បារាំង​ភាគច្រើន​ហាក់បី​ដូចជា​បាន​សម្រេច​ចិត្ត​ហើយ​ថានឹង​បន្ត​ស្នាក់នៅ​ប៉ាគីស្ថាន​ បើទោះបី​ជាមាន​កុបកម្ម​ប្រឆាំង​បារាំង​នៅ​សប្តាហ៍​នេះ​ក្តី​។ នេះ​បើតាម​ព័ត៌មានចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​។

សូមជ្រាបថា​ ចាប់តាំង​ពី​មាន​បាតុកម្មប្រឆាំង​នឹង​បារាំងមក​ មាន​មន្ត្រី​ប៉ូលិស​ប៉ាគីស្ថាន​ចំនួន​ពីរនាក់​បាន​ស្លាប់នៅសប្តាហ៍នេះ​ក្នុង​ហេតុការណ៍​ប៉ះទង្គិចគ្នា​ជាថ្មី​ជាមួយ​ក្រុម​អ្នក​តវ៉ា​។ ការ​តវ៉ា​បាន​កើន​ឡើងកម្តៅ​នៅ​សប្តាហ៍នេះ​ ក្រោយ​រដ្ឋាភិបាល​ប៉ាគីស្ថាន​បានចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​អ៊ីស្លាម​ជ្រុលនិយម តេរីក អ៊ី ឡាប៊េក​ (TLP) លោក​សាអាដ ហ៊ូសាំង រីហ្សវី​ (Saad Hussain Rizvi) ដែលជា​អ្នកបាន​អំពាវនាវឲ្យ​បណ្តេញ​ឯកអគ្គរដ្ឋទូត​បារាំង​ចេញពី​ប៉ាគីស្ថាន​។

ការ​តវ៉ា​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បានចាប់​ផ្ទុះឡើងជាច្រើន​ខែ​កន្លង​មកហើយ​ គឺ​បន្ទាប់ពី​ប្រទេស​បារាំង​ការពារសិទ្ធិ​ក្នុងការ​គូរ​ក៏ដូចជា​បង្ហាញ​រូប​ត្លុក​ព្យាការី​ មហាម៉េត​។ កាលពីខែតុលា​ ឆ្នាំទៅមិញ​ ប្រធានាធិបតី​បារាំង​លោកអេម៉ានុយអែល ម៉ាក្រុង​ បាន​និយាយ​ការពារ​យ៉ាងខ្លាំង​នូវសេរីភាព​នៃការ​បញ្ចេញមតិដែល​ជា​សិទ្ធិមូលដ្ឋាន​មួយ​របស់​បារាំង​ បន្ទាប់ពី​ការ​កាត់ក្បាល​គ្រូ​បង្រៀន​បារាំងម្នាក់​ដែល​បាន​បង្ហាញ​រូបត្លុក​បែបនេះ​ក្នុង​អំឡុង​ពេល​ពិភាក្សា​ក្នុង​ថ្នាក់រៀន​។

ការ​លើកឡើង​របស់​លោក​ម៉ាក្រុងខាងលើ​ បានធ្វើឲ្យ​អ្នក​កាន់​សាសន៍អ៊ីស្លាម​នៅក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​នោះមានទាំង​ ប្រទេស​ប៉ាគីស្ថានដែរ​ បាន​ចេញ​សារប្រឆាំង​លោកម៉ាក្រុង​ និង​បាន​អំពាវនាវ​ឲ្យធ្វើ​ពហិការ​មិនទិញ​ទំនិញ​បារាំង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI