ភូមា-អ្នកទោស

របប​យោធា​ភូមា​ដោះ​លែង​អ្នក​ទោស​ ២៣ ០០០នាក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី

របបសឹកភូមា បានប្រកាសនៅថ្ងៃសៅរ៍ ១៧ មេសានេះថា នឹងដោះលែងអ្នកទោសជាង ២៣ ០០០ នាក់នៅទូទាំងប្រទេស។
របបសឹកភូមា បានប្រកាសនៅថ្ងៃសៅរ៍ ១៧ មេសានេះថា នឹងដោះលែងអ្នកទោសជាង ២៣ ០០០ នាក់នៅទូទាំងប្រទេស។ STR AFP

របប​សឹកភូមា​បាន​ប្រកាស​នៅ​ថ្ងៃសៅរ៍​ ១៧ មេសា​នេះថា​នឹង​ដោះលែង​អ្នក​ទោស​ជាង​ ២៣ ០០០​ នាក់​នៅ​ទូទាំងប្រទេស​ក្នុង​ឱកាស​ប្រារព្ធ​បុណ្យ​ចូលឆ្នាំ​ថ្មី​ ទោះបីជា​យោធា​ភូមា​នៅតែ​បន្ត​ឃុំខ្លួន​ និង​ចេញ​ដីកា​តាម​ចាប់ខ្លួន​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ​ក៏ដោយ​។

ផ្សាយពាណិជ្ជកម្ម

ជាទម្លាប់​ រដ្ឋាភិបាល​ភូមា​ផ្តល់​ការ​លើកលែង​ទោសដល់​អ្នកទោស​រាប់ពាន់​នាក់​ដើម្បី​ប្រារព្ធ​ពិធី​ឈប់​សម្រាកបុណ្យ​ចូលឆ្នាំថ្មី​តាម​ប្រពៃណីព្រះពុទ្ធ​សាសនា​។ ការ​ដោះលែង​អ្នកទោស​កាលពីឆ្នាំទៅមិញ​ប្រព្រឹត្តទៅ​ដោយ​មាន​ការ​សាទរ​ប្រកប​ដោយ​ក្តីរីករាយ​អម​ជាមួយ​ល្បែងបាញ់ទឹក​ដាក់គ្នា​របស់​ប្រជាជន​ភូមា​។

ប៉ុន្តែ​ បរិយាកាស​នៅឆ្នាំ​ ២០២១នេះ​ បាន​ផ្លាស់ប្តូរ​លែង​រីករាយ​ដូចមុន​ទៀតហើយ​ ដោយសារ​ពួក​យោធា​បាន​បណ្តេញ​មេដឹក​នាំ​ស៊ីវិល​លោកស្រីអ៊ុង​ សានស៊ូជី​ និង​ឡើងកាន់​អំណាច​វិញ​។ ក្រុម​សកម្មជន​ប្រឆាំងរដ្ឋប្រហារ​បានប្រើ​ថ្ងៃឈប់​សម្រាក​ក្នុងពេល​ប្រារព្ធបុណ្យចូលឆ្នាំថ្មីនេះ​ ជាឱកាស ដើម្បី​ប្រឆាំង​នឹង​ការ​សម្លាប់​ជនស៊ីវិល​ដែលកំពុង​កើនឡើង​ និង​ការ​ចាប់ខ្លួន​មនុស្សជាច្រើន​ផ្សេងទៀត។

គេនៅ​មិនទាន់ច្បាស់នៅឡើយទេ​ថាតើ​ ក្រុមអ្នកតវ៉ា​ប្រឆាំង​នឹង​របបយោធា​ ឬ​អ្នកកាសែត​ ដែល​ជាប់​ពន្ធនាគារ​ ដោយសារ​បាន​យក​ព័ត៌មាន​អំពី​ការ​ធ្វើរដ្ឋប្រហារ​ នឹង​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែលត្រូវបានដោះលែងនោះទេ​ឬក៏អត់​។

មន្ត្រី​ពន្ធនាគារ​ភូមាម្នាក់​បាន​ប្រាប់ទីភ្នាក់ងារព័ត៌មាន​ AFP ក្នុង​លក្ខខណ្ឌ​សុំមិន​បញ្ចេញ​ឈ្មោះ​ថា ពន្ធនាគារនៅទូទាំងប្រទេស​នឹង​ចាប់ផ្តើមដោះលែងអ្នកទោស​ជាង​ ២ ៣០០០ នាក់​នៅថ្ងៃសៅរ៍នេះ​។

គួរជម្រាបជូនថា​ រហូតមកទល់នឹងពេលនេះ ​ប្រទេសភូមា​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​របប​យោធាអស់​រយៈពេល ១១ សប្តាហ៍ហើយ​។ យោងតាម​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ (AAPP) ចាប់​ពី​ថ្ងៃ​១ កុម្ភៈ​មក បាតុករ​ភូមា​ស្លាប់អស់​ជាង ​៧០០ ​នាក់ ហើយ​មនុស្សជាង​ ៣ ១០០ នាក់ដែល​ភាគច្រើន​នៃពួកគេ​ជា​សកម្មជនប្រឆាំងរដ្ឋប្រហារ​ ត្រូវ​បាន​ចាប់ឃុំខ្លួន​។

គួរជ្រាបទៀតថា​ ខណៈបានប្រកាសពី​គម្រោងដោះលែងអ្នកទោសជាច្រើននាក់​ មេដឹកនាំ​យោធា​លោកឧត្តមសេនីយ៍មីន អ៊ុងឡាំង បាន​អះអាងដែរថា​ នឹង​ចូលរួម​ជាមួយ​មេដឹកនាំ​អាស៊ីអាគ្នេយ៍​ នៅក្នុង​កិច្ចប្រជុំកំពូលពិសេសមួយ​ ដែលរៀបចំ​ឡើង​នៅឯ​ក្រុ​ង​ហ្សាការតា​ប្រទេសឥណ្ឌូណេស៊ី​នាសប្តាហ៍ក្រោយ​។ ហើយវា​នឹងក្លាយជាដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​បង្អស់របស់មេដឹកនាំរដ្ឋប្រហារ​ចាប់​តាំងពី​យោធា​បាន​ទម្លាក់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសានស៊ូជី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI