ឥណ្ឌា-កូវីដ១៩

កូវីដ១៩ ៖ ឥណ្ឌា​ប្រកាស​បិទ​ខ្ទប់​រដ្ឋធានី​ញូវដេលី ជា​ថ្មី រយៈពេលមួយ​សប្តាហ៍

ប៉ូលិស​ដាក់​រនាំង​ចាំ​ឆែក​ការ​ចេញ​ចូល ពេល​បិទ​ខ្ទប់​ក្រុង​ New Delhi
ប៉ូលិស​ដាក់​រនាំង​ចាំ​ឆែក​ការ​ចេញ​ចូល ពេល​បិទ​ខ្ទប់​ក្រុង​ New Delhi Sajjad HUSSAIN AFP

ប្រឈម​នឹង​ការកើន​ឡើង​ខ្លាំង​នៃ​ចំនួន​អ្នក​ឆ្លង​កូវីដ​១៩ និង​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​​មន្ទីរពេទ្យ​ដែល​ណែន​​លែង​មាន​គ្រែ និង​អ៊ុកស៊ីហ្សែន​គ្រប់​គ្រាន់​សម្រាប់​ទទួល​អ្នក​ជំងឺ ឥណ្ឌា​បាន​សម្រេច​បិទ​ខ្ទប់ជា​ថ្មី ​រដ្ឋធានី​ញូវដេលី​ ដែល​មាន​​ប្រជាជន​ជាង​២០​លាន​នាក់ ​ ចាប់​ពី​ល្ងាច​ថ្ងៃ ចន្ទ​ទី ១៩ មេសាទៅ សម្រាប់​រយៈ​ពេល​យ៉ាង​ហោច​មួយ​សប្តាហ៍។

ផ្សាយពាណិជ្ជកម្ម

មន្ទីរ​ពេទ្យ​នៅក្រុង​ញូវដេលី ចាល់​ណែន​ និង​ខ្វះ​សព្វខ្វះ​គ្រប់ ខ្វះ​ទាំង​គ្រែ​សម្រាប់​ឱ្យ​អ្នក​ជំងឺ​ដេក ខ្វះ​ទាំង​សម្ភារៈ​បរិក្ខារ​ពេទ្យ ​ខ្យល់​អុកស៊ីហ្សែន​ ព្រមទាំង​ថ្នាំ​ Remdesivir ដ៏​ចាំ​បាច់​សម្រាប់​ព្យាបាល​​អ្នកជំងឺកូវីដ ...

ការ​ឆ្លង​រាតត្បាត​កំពុង​​ផ្ទុះ​ឡើង​ខ្លាំង​ និង​ក្នុង​ល្បឿន​លឿន​ស្លេវ​ខ្លាំង ស្ទើរ​ទប់​លែង​រួច​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាជ្ញាធរ​​ឥណ្ឌា​សម្រេចបិទខ្ទប់​ក្រុង​ញូវដេលី ចាប់​ពី​ល្ងាច​ថ្ងៃ​ចន្ទទី ១៩​មេសា​នេះទៅ​តែ​ម្តង សម្រាប់​រយៈ​ពេលមួយ​សប្តាហ៍។ ការរ​បិទខ្ទប់​នេះ​ មិន​អាច​បញ្ឈប់​ការ​ចម្លងរាត​ត្បាត​បាន​ទេ គឺ​បាន​ត្រឹម​ពន្យឺត​ និង​ជួយ​សម្រាល​សម្ពាធ​នៅ​តាម​មន្ទីរ​ពេទ្យ​តែ​ប៉ុណ្ណោះ ព្រោះ​ប្រព័ន្ធ​សុខភាព​ឥណ្ឌា​ទ្រទ្រង់​ស្ទើរ​លែង​រួច​ហើយ។

​ជា​សរុប​ឥណ្ឌា​មាន​អ្នក​ឆ្លង​កូវីដ​ដល់​ទៅ​ជាង​១៥លាន​នាក់។ ​ចំនួន​អ្នក​វិជ្ជមានកូវីដ​បាន​កើន​ឡើងជា​លំដាប់ ក្នុង​ល្បឿន​ជាង​២០​ម៉ឺននាក់ក្នងមួយ​​ថ្ងៃៗ​តាំង​ពីតាំង​ពី​៥​ថ្ងៃ​ជាប់​គ្នា​កន្លង​មកហើយ។ ​ក្នុង​រយៈ​ពេល​២៤ម៉ោង​ចុងក្រោយ​នេះ ឥណ្ឌា​រាប់​ឃើញ​មានអ្នក​ឆ្លង​ថ្មី​ជាង ២៧​ម៉ឺន​នាក់ និង​ជាង​២៥០០០នាក់​ នៅក្រុង​ញូវដេលី ហើយ​ក្នុង​ចំណោម​អ្នក​មក​ធ្វើ​តេស្ត មួយ​ភាគ​បី​ (៣០%)ទទួល​លទ្ធផល​វិជ្ជមាន​កូវីដ​១៩។

បើ​តាម​អ្នក​វិទ្យាសាស្ត្រ ឥណ្ឌា​រង​ការ​​រាតត្បាត​ខ្លាំង​និង​លឿន​លើក​នេះ ដោយ​ហេតុ​តែ​មេរោគ​កូវីដ១៩​បំប្លែង​ខ្លួន​ថ្មី​ ដែល​មាន​លក្ខណៈ​ឆ្លង​ខ្លាំង​ជាង​វីរុស​ដើម។ ក្នុង​ស្ថានភាព​បែប​នេះ ឥណ្ឌា​ក៏កំពុង​ពិចារណា​អំពី​ភាព​ចាំបាច់​នៃ​ការ​ពង្រឹង​វិធានការ​គ្រប់​គ្រង​អ្នក​ដំណើរ​មក​ពី​តំបន់​ផ្សេង។

ប៉ុន្តែ​ទោះ​បី​ស្ថានភាព​កំពុង​ធ្ងន់ធ្ងរ​ខ្លាំង​យ៉ាង​នេះក៏​ដោយ ក៏​អ្នក​នយោបាយ​នៅ​តែរក្សា​កម្មវិធី​មិទ្ទិញនយោបាយ​​របស់​ខ្លួនដើម្បី​ត្រៀម​បោះឆ្នោត​សភា​។ កម្មវិធីជួប​ជុំ​បែប​សាសនា​ដែល​មាន​មនុស្ស​ម្នា​ចូល​រួម​ដល់​ទៅ​រាប់​ពាន់​ រាប់​ម៉ឺន​នាក់​ ក៏​រក្សា​ទុក​ដដែល ដែល​អាច​ជាតំណាង​ហានិភ័យ​នាំ​ឱ្យ​ចំនួន​អ្នកឆ្លង​កូវីដ​១៩​កើន​ឡើង​កាន់​តែខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI