ភូមា-ជប៉ុន-សារព័ត៌មាន

ជប៉ុន​ជំរុញ​ឲ្យ​ភូមា​ដោះលែង​អ្នក​កាសែត​ជប៉ុន​ដែល​របប​សឹក​ចាប់​ឃុំ​ខ្លួន

នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកកាសែតជនជាតិជប៉ុនលោកយូគិ គិតាហ្សូ លើកដៃឡើងនៅពេលដែលលោកត្រូវបានប៉ូលិសនាំខ្លួនទៅទីស្នាក់ការប៉ូលិស Myaynigone ក្នុងសង្កាត់ Sanchaung នៃទីក្រុងរ៉ង់ហ្គូន។
នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកកាសែតជនជាតិជប៉ុនលោកយូគិ គិតាហ្សូ លើកដៃឡើងនៅពេលដែលលោកត្រូវបានប៉ូលិសនាំខ្លួនទៅទីស្នាក់ការប៉ូលិស Myaynigone ក្នុងសង្កាត់ Sanchaung នៃទីក្រុងរ៉ង់ហ្គូន។ AP

ប្រទេសជប៉ុន​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ភូមា​ដោះលែង​អ្នក​កាសែត​ជប៉ុន​ម្នាក់​ដែល​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​នៅឯ​ទីក្រុងរ៉ង់ហ្គូន​។ អ្នក​កាសែត​ជប៉ុនម្នាក់នេះ​ ស្ថិត​ក្នុង​ចំណោម​អ្នកយក​ព័ត៌មាន​យ៉ាងតិច​ ៦៥​ នាក់​ផ្សេងទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ ក្នុង​អំឡុង​ពេល​នៃ​ការ​បង្ក្រាប​របស់​កង​ទ័ពភូមា ទៅលើ​បាតុករ​ប្រឆាំង​នឹង​រដ្ឋប្រហារ​។

ផ្សាយពាណិជ្ជកម្ម

របប​យោធា​ភូមា​នៅតែ​បន្តការ​បង្ក្រាប​ហិង្សា​លើ​ចលនា​បាតុកម្ម​របស់​ប្រជាជន​ដែល​នៅ​តែ​បន្ត​ពុះពារ​មិន​ខ្លាចស្លាប់​ ចេញ​ធ្វើការ​តវ៉ាប្រឆាំង​នឹង​ការទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោក​ស្រីអ៊ុងសាន ស៊ូជី​។ មកទល់នឹងពេលនេះ​ មាន​ស្លាប់​បាតុករ​យ៉ាង​ហោច​ ៧៣៧​នាក់​ ហើយ​វិស័យ​សារព័ត៌មានវិញ​កំពុង​រងការវាយប្រហារ​ខ្លាំង​។

អ្នក​កាសែត​ឯករាជ្យ​ជប៉ុន​ម្នាក់​ឈ្មោះ ​យូគិ គិតាហ្សូមិ (Yuki Kitazumi) ត្រូវ​បាន​អាជ្ញាធរ​ភូមា​ឃុំ​ខ្លួន​កាលពីថ្ងៃអាទិត្យ​ម្សិលមិញ​។ អ្នកនាំពាក្យស្ថានទូត​ជប៉ុនម្នាក់​បាន​អះអាថា​លោក​គិតាហ្សូមិ​ ត្រូវបាន​គេបញ្ជូន​ចេញទាំងយប់​ពី​ទីស្នាក់ការ​ប៉ូលិស​ទៅកាន់​ពន្ធនាគារ​អ៊ីនសេន​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​។

អ្នកនាំ​ពាក្យ​ស្ថានទូតជប៉ុន​ដដែលរូបនេះ​បានប្រាប់​ទីភ្នាក់​ងារព័ត៌មាន​ AFP នៅថ្ងៃ​ចន្ទ​ ១៩ មេសា​នេះ​ថា​លោក​គិតាហ្សូមិ​ មិន​ទាន់​ត្រូវ​បាន​ចោទប្រកាន់​នៅឡើយទេ​ ហើយ​មន្ត្រីទូត​កំពុង​ស្វះ​ស្វែង​សុំការ​អនុញ្ញាត​ឲ្យ​ចូលទៅជួបគាត់​នៅក្នុង​ពន្ធនាគារ​អ៊ីនសេន​ ដែល​គេ​ល្បី​ឈ្មោះថា​ជាកន្លែង​សម្បូរដាក់ទៅដោយ​អ្នកទោសនយោបាយ​ជាច្រើន​ក្នុង​ប្រទេសភូមា​។

គួរគូសបញ្ជាក់ថា​ នាខណៈពេលនេះ​រដ្ឋាភិបាលជប៉ុន​កំពុង​ខ្នះខ្នែងជាខ្លាំង​ដើម្បី​ជួយ​ឲ្យ​អ្នកកាសែត​ឯករាជ្យ​ជប៉ុន​លោក​គិតាហ្សូមិ​ រួច​ខ្លួនពី​ការឃុំឃាំង​។ ហេតុផល​នៃ​ការចាប់ខ្លួន​ និង​ឃុំ​ខ្លួន​យ៉ាងណានោះ ស្ថានទូតជប៉ុន​នៅទាន់មិនដឹងច្បាស់នោះទេ​ និង​កំពុង​ធ្វើការ​សិក្សា​ព័ត៌មាន​លម្អិត​ជុំវិញរឿងនេះ​។

យ៉ាងណាក៏ដោយ​ ជប៉ុន​កំពុង​ជំរុញ​ឲ្យរបបសឹកភូមា​ដោះលែង​អ្នកកាសែត​ជាមុនសិន​ ហើយ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ការពារ​ជនជាតិ​ជប៉ុន​របស់ខ្លួន​។

គួរជ្រាបថា​ នេះជាលើកទី ២ ហើយ​ដែល​អ្នកកាសែតជប៉ុន​លោក គិតាហ្សូមិ​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​ដោយរបបសឹកភូមា​ចាប់តាំងពី​រដ្ឋប្រហារមក​។ កាលពីខែកុម្ភៈ​លោក​ត្រូវ​បាន​គេ​វាយ​ដំ​ និង​ត្រូវគេ​ឃុំឃាំង​រយៈពេលខ្លី​ក្នុងអំឡុង​ពេល​នៃ​ការបង្ក្រាប​ទៅលើក្រុមអ្នកតវ៉ា​ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បានដោះលែង​ឲ្យមានសេរីភាពវិញ​។

បច្ចុប្បន្ននេះ វិស័យ​សារព័ត៌មាន​នៅក្នុងប្រទេសភូមា​កំពុង​រងការ​វាយប្រហារ​គួរឲ្យបារម្ភ​។ ចាប់តាំង​ពី​ឡើងកាន់អំណាច​មក របបយោធា​ព្យាយាម​រឹត​បន្តឹង​ការគ្រប់គ្រង​លើ​លំហូរ​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជាច្រើន​។ យ៉ាងហោចណាស់​ មាន​អ្នកកាសែត​និង​អ្នក​ថតរូប​ចំនួន ៣៤ នាក់​កំពុងជាប់ឃុំឃាំង​នៅទូទាំង​ប្រទេសភូមា​។ នេះបើយោង​តាម​ក្រុម​ឃ្លាំមើល​របស់​សមាគម​អាស៊ាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI