ហុងកុង-កូវីដឥណ្ឌា

ជំងឺកូវីដ១៩៖ ប្រទេស​កាន់តែច្រើន​ចាប់ផ្តើម​បិទព្រំដែន លែងទទួល​ជើងហោះហើរ​ពី​ឥណ្ឌា

ប្រជាជន​ឥណ្ឌា​ធ្វើតេស្ត​នៅ​ទីក្រុង​ញូវដេលីនៅថ្ងៃទី ១៨​មេសា ២០២១
ប្រជាជន​ឥណ្ឌា​ធ្វើតេស្ត​នៅ​ទីក្រុង​ញូវដេលីនៅថ្ងៃទី ១៨​មេសា ២០២១ AP - Manish Swarup

ប្រឈម​នឹង​ការឆ្លង​រីករាលដាល ជំងឺកូវីដ ក្នុង​ចំនួន​ដ៏ច្រើន​លើសលុប​នៅប្រទេស​ឥណ្ឌា ហុងកុង អង់គ្លេស និង​សិង្ហបុរី បាន​សម្រេច​បន្តបន្ទាប់គ្នា បិទព្រំដែន​ផ្លូវ​អាកាស​ជាមួយ​ប្រទេស​ឥណ្ឌា។ នៅ ថ្ងៃ​អង្គារ ម្សិលមិញ អាជ្ញាធរ​ហុងកុង បាន​សម្រេច​បិទទ្វារ លែង​ទទួល​ជើងហោះហើរ​ពី ប្រទេស​ហ្វីលីពីន ប៉ាគីស្ថាន និង​ឥណ្ឌា នៅបន្ទាប់​ពី​គេ​រកឃើញ អ្នកដំណើរ ចំនួន ៥៣នាក់ មកពីប្រទេស​ឥណ្ឌា មាន​ផ្ទុក​ជំងឺកូវីដ ១៩។ អាមេរិក​ឯណោះវិញ បាន​ណែនាំ​ប្រជាជន​របស់ខ្លួន មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅប្រទេស​ឥណ្ឌា នោះបើទោះបី​ជា​ពួកគេ បាន​ទទួល​ចាក់វ៉ាក់សាំង​កូវីដ​រួចហើយ​ក្តី។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អង្គារ សិង្ហបុរី និង​ហុងកុង បាន​ធ្វើ​តាម​ប្រទេស​អង់គ្លេស ដែល​បាន​សម្រេច​បិទព្រំដែន​ហោះហើរ​ជាមួយ​ប្រទេស​ឥណ្ឌា ដែល​កំពុង​ក្លាយ​ជា​ជង្រុកជំងឺ​ឆ្លងរាតត្បាត​កូវីដ ១៩ ជាមួយ​នឹង​ចំនួន​ឆ្លងថ្មី ជាង ២សែននាក់ ក្នុង​រយៈពេល​តែមួយថ្ងៃ។

នៅពេល​សិង្ហបុរី រឹតបន្តឹង​ដំណើរ​ចេញចូល​ជាមួយ​ប្រទេស​ឥណ្ឌា និង​បន្ថែម​រយៈពេល​ចត្តាឡីស័ក ដល់ ៣​សប្តាហ៍ សម្រាប់​អ្នកដំណើរ​មកពី​បរទេស អាជ្ញាធរ​ហុងកុង​ឯណោះវិញ បាន​សម្រេច​ នៅ​ថ្ងៃ​អង្គារ បិទ ព្រំដែន​អាកាស​មិន​ទទួល​យក​យន្តហោះ​មកពី​ប្រទេស​ប៉ាគីស្ថាន ហ្វីលីពីន និង​ឥណ្ឌា សម្រាប់​រយៈពេល ១៤​ថ្ងៃ។

នៅថ្ងៃ​អង្គារ អាជ្ញាធរ​ហុងកុង រកឃើញថា នៅក្នុង​ចំណោម​អ្នកដំណើរ​មក​ពីទីក្រុង​ញូវដេលី យ៉ាងហោច មនុស្ស​៥៣នាក់ បានធ្វើតេស្ត ឃើញ មាន វិជ្ជមានជំងឺកូវីដ ១៩។ ៥៣នាក់ នេះ​ជា​ចំនួន​ដ៏ច្រើន​សម្រាប់​ទីក្រុង​ហុងកុង ដែល​មាន​អ្នកឆ្លង​ថ្មី ​ប្រមាណ តែ ៥០នាក់ ប៉ុណ្ណោះ ក្នុង​រយៈពេល ៤ខែ​ចុងក្រោយនេះ។ អ្នកដំណើរ​ដែល​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូវីដ បានធ្វើដំណើរ​តាមយន្តហោះ របស់​ក្រុមហ៊ុន​ឥណ្ឌា​Vistara ចូល​ទៅ​ទីក្រុង​ហុងកុង តាំង​ពី​ថ្ងៃ​ទី ៤​មេសា​ម្ល៉េះ។ ប៉ុន្តែ ពួកគេ ដែល​សុទ្ធតែ​មាន​លិខិត​បញ្ជាក់​តេស្ត​អវិជ្ជមាន មុន​ឡើងយន្តហោះ ត្រូវ​បាន​អាជ្ញាធរ​ហុងកុង ចាប់​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ ចាំបាច់​រយៈពេល ៣សប្តាហ៍ នៅ​សណ្ឋាគារ។

ទីក្រុង​ហុងកុង ដែលមាន​ប្រជាជន​រស់នៅ​ណែនណាន់​តាន់តាប់ ដល់​ទៅ ជាង ៧លាននាក់ អាច​ទប់ស្កាត់ ការចម្លង រាលដាល​ជំងឺកូវីដ ដោយសារ វិធានការ​ធ្វើ​ចត្តាឡីស័ក​ដ៏​តឹងរ៉ឹងបំផុត​ក្នុងលោក ហើយនិង​កាតព្វកិច្ច​ពាក់ម៉ាស នៅក្នុង​ចំណោម​ប្រជាជន​ទូទៅ។ ចាប់តាំង​ពី​ផ្ទុះកើតមាន​ជំងឺកូវីដ ក្នុង​ពិភពលោក​នៅ ខែ​កុម្ភៈ ឆ្នាំ មុន ហុងកុង មាន​អ្នកជំងឺកូវីដ ១១ ៧០០នាក់ និង មាន​អ្នកស្លាប់​ដោយសារ​កូវីដ ២០៩នាក់។ ក្រឡេក​ទៅមើល​ឥណ្ឌាវិញ ឥណ្ឌា​បាន​ក្លាយ​ជា​ប្រទេស​ឆ្លងធំទី ២​ក្នុងលោក បន្ទាប់ពី​អាមេរិក នៅ​ក្រោយ​ឥណ្ឌា រកឃើញ អ្នកឆ្លងកូវីដ​ថ្មី ប្រមាណ ២សែននាក់ ក្នុង​មួយថ្ងៃ។ ឥណ្ឌា​ដែល​ហាក់ទប់​លែងជាប់ រលកជំងឺកូវីដ លើកទី ៣ បាន​រឹតបន្តឹង ការនាំចេញ​វ៉ាក់សាំង និង​ថ្នាំ​សំខាន់ៗ​សម្រាប់​ព្យាបាល​ជំងឺកូវីដ និង​បិទខ្ទប់ ទីក្រុងធំៗ ឡើងវិញ សាជាថ្មី។ ក្នុង​កាលៈទេសៈ ដែល​ករណី​ឆ្លង កើនឡើង​ដល់​ចំនុច​មួយ​ខ្ពស់ ហួស​សមត្ថភាព​ទទួល​បាន​របស់​មន្ទីរពេទ្យ ឥណ្ឌា ដាក់​ក្តី​រំពឹង​ខ្លាំង​លើ​វ៉ាក់សាំង​បង្ការ​កូវីដ។ ឥណ្ឌា​ដែល​មាន​កម្លាំង ផលិត​វ៉ាក់សាំង​ធំជាងគេ​ក្នុង​លោក បាន​ចាក់ វ៉ាក់សាំង ដូស​ទី​១​ឲ្យ​ប្រជាជន​របស់​ខ្លួន បាន​ប្រមាណ ១២៧​លាននាក់ ក្នុង​ចំណោម​ប្រជាជន សរុប ១,៣​ពាន់​លាន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI