សេរីភាពសារព័ត៌មាន-កូវីដ១៩

RSF​៖ ការ​ងារ​ផ្នែក​សារ​ព័ត៌មាន​រង​ការ​រារាំង​ក្នុង​ប្រទេស​ជាង​១៣០​ក្នុង​បរិបទ​នៃ​វិបត្តិ​កូវីដ

បើតាមរបាយការណ៍អង្គការអ្នកកាសែតគ្មានព្រំដែនចេញផ្សាយនៅថ្ងៃអង្គារ ទី២០ មេសា ឆ្នាំ២០២១នេះ ការងារផ្នែកសារព័ត៌មានរងការរារាំងក្នុងប្រទេសជាង ១៣០ ក្នុងបរិបទនៃវិបត្តិកូវីដ។
បើតាមរបាយការណ៍អង្គការអ្នកកាសែតគ្មានព្រំដែនចេញផ្សាយនៅថ្ងៃអង្គារ ទី២០ មេសា ឆ្នាំ២០២១នេះ ការងារផ្នែកសារព័ត៌មានរងការរារាំងក្នុងប្រទេសជាង ១៣០ ក្នុងបរិបទនៃវិបត្តិកូវីដ។ Via REUTERS - VIDAL TARQUI/ANDINA

វិស័យ​ការងារ​ផ្នែក​សារព័ត៌មាន​ត្រូវ​បាន​រារាំង​ទាំងស្រុង​ឬ​ដោយផ្នែក​នៅក្នុង​បណ្តា​ប្រទេស​ជាង​ ១៣០​ នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​កូវីដ​១៩​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ (RSF) ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី២០​ មេសា ឆ្នាំ២០២១ នេះ។

ផ្សាយពាណិជ្ជកម្ម

សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​របស់​អង្គការអ្នកកាសែតគ្មានព្រំដែន​ បានរកឃើញថា​ ការងារ​ផ្នែក​សារព័ត៌មាន​ត្រូវ​បាន​រារាំងទាំងស្រុង​ឬ​យ៉ាងធ្ងន់ធ្ងរ​ នៅក្នុង​ប្រទេស​ចំនួន​ ៧៣ ខណៈ​ការ​រារាំងនៅក្នុងប្រទេស​ ៥៩ ផ្សេងទៀត​មាន​សភាព​ដោយផ្នែក​។ រដ្ឋាភិបាលនៃ​ប្រទេសជាច្រើន​ បានប្រើប្រាស់​វិធានការ​ទប់ស្តាត់​ការ​រាតត្បាតជំងឺ​ឆ្លង​កូវីដ​១៩​ ដើម្បី​បង្កើន​ការបង្ក្រាបទៅលើ​អ្នក​សារព័ត៌មាន​។

អគ្គលេខាធិការ​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​លោក គ្រីស្តូហ្វ ដឺល័រ​ (Christophe Deloire) បាន​មាន​ប្រសាសន៍​នៅក្នុង​សេចក្តីថ្លែង​ការណ៍មួយថា​ វិស័យ​សារព័ត៌មាន​ គឺជាវ៉ាក់សាំងដ៏​មានប្រសិទ្ធភាព​ល្អ​បំផុត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការផ្សព្វផ្សាយព័ត៌មាន​មិនពិត​។ ប៉ុន្តែ​វាជា​រឿង​គួរឲ្យសោកស្តាយណាស់​ដែល​ការផលិតនិង​ការចែកចាយ​ព័ត៌មាន​ ត្រូវ​បានរារាំង​ ជាញឹកញាយ​ដោយ​កត្តា​ជាច្រើន​ដូចជា​ កត្តានយោបាយ​ សេដ្ឋកិច្ច​ បច្ចេកវិទ្យា ​និង​ជួនកាល​សូម្បី​តែកត្តា​វប្បធម៌ក៏មាន​។

អេរីត្រេ​ កូរ៉េខាងជើង​ តួកម៉េនីស្ថាន ​ចិន និងជីប៊ូទី​ គឺជាប្រទេស​ស្ថិតក្នុងចំណាត់ថ្នាក់​បាតតារាង​ នៅក្នុង​របាយការណ៍​របស់​អ្នកកាសែតគ្មានព្រំដែន​នាឆ្នាំ២០២១នេះ​។ ចំណែក ប្រទេស​ន័រវែស​ ហ្វាំងឡង់​ ស៊ុយអែត​ ដាណឺម៉ាក​ និងកូស្តារីកា ជាប់ចំណាត់​ថ្នាក់ល្អជាងគេក្នុងការ​ផ្តល់​នូវសេរីភាពសារព័តមាន​។

ជាការគួរឲ្យកត់សម្គាល់​ កំណត់ត្រាសេរីភាពសារព័ត៌មាន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ីបានធ្លាក់​ចុះ​ខ្លាំងរហូតដល់ចំនួន ១៨ ចំណាត់ថ្នាក់​ ពោលគឺធ្លាក់មកនៅលេខរៀង​ ១១៩ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​។ មូលហេតុមួយផ្នែក​គឺបណ្តាលមកពី​ច្បាប់ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ​ដែលអនុញ្ញាតឲ្យ​រដ្ឋាភិបាលម៉ាឡេស៊ី អាចកំណត់ទ្រឹស្តីខ្លួនឯង​បាន ថាតើ​អ្វី​ជាព័ត៌មានពិត​ ហើយ​អ្វីទៅជា​ព័ត៌មាន​មិនពិត​។

អង្គការ​អ្នកកាសែត​គ្មានព្រំដែន​ បាន​បញ្ជាក់ថា​កម្រិតសេរីភាពសារព័ត៌មាន​ពិភពលោក​មានស្ថិរភាពធម្មតា​ នៅឆ្នាំកន្លងទៅ​ ប៉ុន្តែ​កម្រិតសេរីភាព​ បាន​ធ្លាក់ចុះ ១២% ចាប់តាំងពីចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ត្រូវបានបង្កើតឡើង​ដំបូងនៅក្នុងឆ្នាំ​ ២០១៣ មក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI