ភូមា-អាស៊ាន

ជំនួប​កំពូល​អាស៊ាន​ស្តីពី​បញ្ហាភូមា គឺជា​តេស្ត​សាកភាព​រឹងមាំ ​និង​ទំនុកចិត្ត​របស់​សមាគម​អាស៊ាន

សកម្មជនប្រជាធិបតេយ្យ​ភូមា លើកបដា អំពាវនាវ កុំឲ្យ​អាស៊ានទទួល លោកឧត្តមសេនីយ៍​ មីន អ៊ុងឡាំង នៅក្នុង​ជំនួប​កំពូល​ឲ្យ​សោះ ។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី២០មសេា ២០២១
សកម្មជនប្រជាធិបតេយ្យ​ភូមា លើកបដា អំពាវនាវ កុំឲ្យ​អាស៊ានទទួល លោកឧត្តមសេនីយ៍​ មីន អ៊ុងឡាំង នៅក្នុង​ជំនួប​កំពូល​ឲ្យ​សោះ ។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី២០មសេា ២០២១ AP

នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ក្រុម​ប្រទេសអាស៊ាន​ នឹងបើកជំនួបកំពូលមួយ នៅទីក្រុងចាការតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីនិយាយអំពីបញ្ហាវិបត្តិនៅភូមានេះ ដោយ មានវត្តមាន​របស់លោកឧត្តមសេនីយ៍ មីន​ អ៊ុងឡាំង មេទ័ពភូមាផងដែរ។ តើសមាគមអាស៊ាន ពិតជាមានសង្ឃឹម ថាអាចជួយ​ដោះស្រាយ​បញ្ហាភូមានេះដែរឬទេ?

ផ្សាយពាណិជ្ជកម្ម

ចំនួនមនុស្ស​ស្លាប់ ដោយ​ការបង្រ្កាប​របស់កងទ័ពភូមា មានកាន់​តែច្រើនឡើងៗ។ យោងតាមតួលេខចុង​ក្រោយ​របស់អង្គការ ជួយ​អ្នកទោសនយោបាយ​នៅភូមា អ្នកស្លាប់មានចំនួន​ ៧៣៩នាក់ គិតចាប់ពីថ្ងៃរដ្ឋប្រហារ​១កុម្ភៈមក។ ចំណែក​មនុស្សជាប់ឃុំវិញ មាន​ប្រមាណ​៣៣០០នាក់។ លោក  Tom Andrews អ្នករាយ​ការណ៍​អង្គការសហប្រជាជាតិប្រចាំនៅភូមា បានលើកឡើងថា របបសិកភូមា បានប្រើកម្លាំង​កាន់តែខ្លាំង ដើម្បីបំបាក់រាក់ការជួបជុំតវ៉ាទាំងអស់។

បញ្ហាវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនៅភូមា គឺជាកាលៈតេសៈមួ​យដ៏លំបាក សម្រាប់សមាគមអាស៊ាន។ វាប្រៀបបីដូចជាការធ្វើតេស្តមួយ ដើម្បី​បង្ហាញឲ្យពិភពលោក ឃើញ​ថា សមាគមអាស៊ាន ពិតជាមានការសាមគ្គីគ្នា ហើយពិតជាអាចមាន​លទ្ធភាព ជួយ​គូសវាស​ផ្លូវដើរ ដើម្បីដោះស្រាយវិបត្តិនៅភូមា។

ក្រោម​ការជ្រោមជ្រែងរបស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ជំនួបកំពូលពិសេសមួយ នឹងរៀបចំឡើង នៅថ្ងៃសៅរ៍ទី២៤មេសា នៅទីក្រុងចាការតា។ លោក មីន អ៊ុងឡាំង នាយឧត្តមសេនីយ៍​កំពូល នៃកងទ័ពភូមា ត្រូវបាន​អាស៊ាន​អញ្ជើញឲ្យ​ចូលរួម ក្នុងកិច្ចប្រជុំនេះ។ វាក៏ជាលើកទីមួយដែរ សម្រាប់លោក មីន អ៊ុងឡាំង ដែលត្រូវចេញក្រៅប្រទេស តំណាងឲ្យ​របបសិក បន្ទាប់ពីបានធ្វើរដ្ឋប្រហារ នៅថ្ងៃទី​១កុម្ភៈ។ លោកស្រី Christine Schraner Burgener ប្រេសិតពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការភូមា ក៏នឹងធ្វើដំណើរទៅក្រុងចាការតាដែរ ដើម្បី​តាមដានការប្រជុំអាស៊ាន។

ដោយឡែក វត្តមានរបស់តំណាងកងទ័ពភូមាតែម្ខាំង នៅក្នុង​ការប្រជុំនេះ បានធ្វើ​ឲ្យ​អាស៊ាន ត្រូវគេរិះគន់រួចទៅហើយ។ ក្រុម​អ្នកប្រជាធិបតេយ្យភូមា ដែល​បាន​បង្កើតរដ្ឋាភិបាលស្រមោលមួយ បានថ្លែងសោកស្តាយថា អាស៊ានមិនបានអញ្ជើញពួកគេឲ្យ​ចូលរួមទេ បើទោះបីធាតុពិត គឺពួកគេ ជាអ្នកតំណាងឲ្យ​ប្រជាជនភូមារាប់សិបលាននាក់ ដែលបានធ្វើ​បាតុកម្ម​ប្រមាណ​ជាង​២ខែមកនេះ។

តាមលិខិត​ប្រកាស​របស់​​ក្រសួង​ការបរទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ លោកប្រាយុទ្ធ ចាន់អូចា បានទូរស័ព្ទទៅនិយាយជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី ដោយ​បានទទួលស្គាល់ថា ស្ថានភាពពេលនេះលំបាក បញ្ហាភូមាពិបាក​ដោះស្រាយ​ ហើយ​វិបត្តិអាចធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសន្តិភាព​នៃតំបន់អាស៊ានតែម្តង។

លោក Tanee Sangrat អ្នកនាំពាក្យ​ក្រសួងការបរទេសថៃ បានលើកឡើងថា ប្រទេសសមាជិកអាស៊ាន​ ដឹងយ៉ាងច្បាស់ ថាសហគមន៍​អន្តរជាតិ រំពឹង និងផ្តល់ក្តីសង្ឃឹមមកលើអាស៊ាន ក្នុងការរកច្រកផ្លូវ​ដើរជាក់ស្តែងមួយ​ សម្រាប់ដោះស្រាយ​វិបត្តិភូមា។ លោក​បានបន្ថែមថា សម្រាប់គ្រានេះ វាគឺជា​តួនាទីរបស់​ ប្រទេសសមាជិកអាស៊ាន និងភូមាខ្លួនឯងផ្ទាល់ ដែល​ត្រូវបង្ហាញ​ភាពសាមគ្គី និង​ភាពគួរឲ្យទុកចិត្តជូនទៅដល់សហគមន៍អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI