ចិន-អូស្ត្រាលី

រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី​ថា « គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ » របស់ចិ​ន គឺ​ជា​ឧបករណ៍​​ឃោសនា​នយោបាយ​

ស្តង់ស្រាទំពាំងបាយជូរអូស្ត្រាលី ​នៅក្នុង​ពិពណ៌ពាណិជ្ជកម្មអន្តរជាតិចិន (CIIE) ក្រុងសៀងហៃ ថ្ងៃទី ២០​ វិច្ឆិកា ២០២០
ស្តង់ស្រាទំពាំងបាយជូរអូស្ត្រាលី ​នៅក្នុង​ពិពណ៌ពាណិជ្ជកម្មអន្តរជាតិចិន (CIIE) ក្រុងសៀងហៃ ថ្ងៃទី ២០​ វិច្ឆិកា ២០២០ AP - Mark Schiefelbein

គម្រោងផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​របស់ចិន គឺជាឧបករណ៍ឃោសនានយោបាយ របស់បក្សកុម្មុយនីស្តចិន។ នេះគឺជាការលើកឡើង របស់​លោករដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី នៅថ្ងៃទី​២២មេសា។ សូមបញ្ជាក់ថា រដ្ឋាភិបាល​អូស្ត្រាលី បានសម្រេចលុបចោល​កិច្ចសន្យា ដែលអាជ្ញាធរដ្ឋអូស្ត្រាលីមួយ​​ បានចុះជាមួយ​ចិន នៅក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនេះ។ ប្រការនេះ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន រិះគន់អូស្ត្រាលីជាខ្លាំង ថាគ្មានភាពស្មោះត្រង់។

ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅតាម​វិទ្យុមួយ លោក Peter Dutton រដ្ឋមន្ត្រីក្រសួងការពារជាតិ អូស្ត្រាលីបានលើកឡើងថា លោកក៏ដូចជារដ្ឋាភិបាលអូស្ត្រាលី មានការបារម្ភណាស់ ដែលឃើញ​រដ្ឋបាល នៃរដ្ឋមួយចំនួននៅអូស្ត្រាលី បានចុះកិច្ចសន្យាជាមួយ​ចិន នៅក្នុង​គម្រោង​ផ្លូវមួយខ្សែក្រវ៉ាត់មួយ។ លោក​បន្ថែមថា រដ្ឋាភិបាលអូស្ត្រាលី មិនអាចអនុញ្ញាតឲ្យ​មានកិច្ចសន្យារបៀបនេះបាន​ទេ ព្រោះធាតុពិត គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន គឺជាឧបករណ៍ឃោសនានយោបាយ របស់បក្សកុម្មុយនីស្តចិន។ លោក​បានអះអាងថា បញ្ហាគឺមិន​មែនប្រជាជនចិនទេ តែគឺទស្សនវិស័យ និងមហិច្ឆតា របស់គណបក្សកុម្មុយនីស្តចិន ដែលរដ្ឋាភិបាលអូស្ត្រាលីព្រួយ​បារម្ភ។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធទី២១មេសា រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសលុបចោលកិច្ចសន្យាដែលតំណាងអាជ្ញាធរដ្ឋវិកតូរីយ៉ា របស់អូស្ត្រាលី បានចុះជាមួយចិន ចូលរួម​នៅក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ។ ការលុបចោលកិច្ចសន្យានេះ គឺ​ដោយ​ផ្អែកលើច្បាប់ថ្មីមួយ ដែលរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋសភាអូស្ត្រាលី  បានអនុម័តកាលពីឆ្នាំមុន ដោយ​បើកផ្លូវឲ្យ​រដ្ឋាភិបាលសហព័ន្ធ លុបចោលកិច្ចសន្យាណា ដែលអាចប៉ះពាល់ ដល់សន្តិសុខជាតិ។

ស្ថានទូត​ចិន​ប្រចាំអូស្ត្រាលី បានចេញលិខិតប្រកាសមួយ នៅថ្ងៃពុធ ដោយ​បាន​ចាត់ទុក ការសម្រេចរបស់​រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី ថាជាការសម្រេច ដែលគ្មានហេតុផល ហើយ​បង្ករឿងជាមួយចិន។ ស្ថានទូតចិនបន្ថែមថា​ ប្រការនេះបង្ហាញឲ្យ​ឃើញថា អូស្ត្រាលីគ្មានភាពស្មោះត្រង់ នៅក្នុង​ចេតនាស្តារទំនាក់ទំនង រវាងអូស្ត្រាលីនិងចិនទេ។

នៅថ្ងៃព្រហស្បតិ៍នេះ លោករដ្ឋមន្ត្រី​ការពារជាតិអូស្ត្រាលី បានឆ្លើយតបទៅកាន់ការលើកឡើង របស់ស្ថានទូតចិន ថាអូស្ត្រាលីធ្វើអ្វី ដែលអូស្ត្រាលីគិតថាត្រឹមត្រូវ ហើយដែល​បំរើប្រយោជន៍ជាតិអូស្ត្រាលី។ អូស្ត្រាលីមិនញញើតខ្លាច ការគំរាមរបស់នរណាផ្សេងឡើយ។

គួររំលឹកថា ទំនាក់ទំនងរវាងចិននិងអូស្ត្រាលី បានអាប់អួរ ខ្មៅទៅៗ តាំងតែពីឆ្នាំ​២០១៨មក បន្ទាប់​ពីអូស្ត្រាលីបានសម្រេច ហាមឃាត់​ក្រុមហ៊ុន Huawei មិនឲ្យចូលរួមក្នុងទីផ្សារ​ដំឡើងប្រព័ន្ធបច្ចេកវិទ្យា​​5G។ ជាការឆ្លើយតបវិញ​ ចិនបានចាត់វិធានការពិន័យសងសឹងជាច្រើន ទៅលើផលិត​ផល​អូស្ត្រាលី ដូចជាស្រូវសាឡី សាច់គោ និង ស្រាទំពាាំងបាយជូរជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI