បារាំង-សមយុទ្ធជប៉ុន

ជប៉ុនរៀបចំ​សមយុទ្ធ​យោធា​លើកទី​១ ដែល​មាន​ការចូលរួម​ពីកងទ័ព​បារាំង

ជប៉ុន​បង្កើន​សមយុទ្ធដើម្បី ពង្រឹង​សមត្ថភាព​កងទ័ពការពារ​ជាតិ​ជប៉ុន ក្នុង​បរិបទ​ដែល​ជប៉ុន​ឃើញ​ចិន​ជា​គ្រោះថ្នាក់​គំរាមកំហែង​សន្តិសុខជាតិ​ជប៉ុន។ រូបថត សមយុទ្ធ​នៅ ភាគខាងនិរតី​ក្រុង​​តូក្យូ នៅ ឆ្នាំ ២០២០
ជប៉ុន​បង្កើន​សមយុទ្ធដើម្បី ពង្រឹង​សមត្ថភាព​កងទ័ពការពារ​ជាតិ​ជប៉ុន ក្នុង​បរិបទ​ដែល​ជប៉ុន​ឃើញ​ចិន​ជា​គ្រោះថ្នាក់​គំរាមកំហែង​សន្តិសុខជាតិ​ជប៉ុន។ រូបថត សមយុទ្ធ​នៅ ភាគខាងនិរតី​ក្រុង​​តូក្យូ នៅ ឆ្នាំ ២០២០ AP - Eugene Hoshiko

ជប៉ុន​នឹងធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​កងទ័ព​បារាំង និង​អាមេរិក នៅ ខែ​ក្រោយ។ តាម​រដ្ឋមន្រ្តី ការពារ​ជាតិ​ជប៉ុន លោក Nobuo Kishi ដែល​បាន​និយាយ​ប្រាប់​អ្នកកាសែត នៅថ្ងៃ​សុក្រនេះ បារាំង នឹង​ចូលរួម​ជាលើក​ទី១ នៅក្នុង​សមយុទ្ធ​ជប៉ុន អាមេរិក ដែល​នឹង​រៀបចំ ធ្វើឡើង​នៅ​ភាគនិរតី​ប្រទេស​ជប៉ុន ពី ថ្ងៃ​ទី ១១ រហូត​ដល់​ថ្ងៃទី ១៧​ឧសភា ខែក្រោយ។

ផ្សាយពាណិជ្ជកម្ម

ដោយ​ធ្វើ​សមយុទ្ធរួមគ្នា ក្នុង​ទ្រង់ទ្រាយ​ដ៏ធំ ជាមួយ បារាំង និង​អាមេរិក ជប៉ុន​កំពុង​ព្យាយាម​ពង្រីក ដែន​សហប្រតិបត្តិការ​យោធា​របស់ខ្លួន​ជាមួយ​ប្រទេស​មហាអំណាច​ផ្សេងទៀត ក្រៅពី​សម្ព័ន្ធមិត្ត​អាមេរិក ដើម្បីទប់ទល់​នឹង​ការពង្រីក​ឥទ្ធិពល​យោធា​របស់​ចិន នៅក្នុង​សមុទ្រ​ចិនខាងកើត។

តាមរដ្ឋមន្រ្តី​ការពារ​ជាតិ​ជប៉ុន នេះជា​លើកទី១ ដែល​កងទ័ព​បារាំង​ចូលរួម​ធ្វើ​សមយុទ្ធ នៅ ក្នុង​ទឹកដី ជប៉ុន។ បារាំង ដែល​មានចក្ខុវិស័យ ដូច​ជប៉ុន និង​អាមេរិក សម្រាប់ ដំណើរចរដោយ​ សេរី និង​ទូលំទូលាយ នៅ​ឥណ្ឌូប៉ាស៊ីហ្វិក។

សមយុទ្ធ រយៈពេល ៧ថ្ងៃ ពី​ថ្ងៃ​ទី ១១​ដល់​ថ្ងៃទី ១៧ ឧសភា ដែល​នឹង​ធ្វើឡើង នៅ​មូលដ្ឋាន​ទ័ព​ជប៉ុន​ក្នុង​តំបន់​Kyushu នៅ​ខេត្ត​ណាហ្កាសាគី នឹង​មាន​ផងដែរ ប្រតិបត្តិការ​វាយប្រយុទ្ធ​ដោយ​ប្រើ​រថពាសដែក​ដែល​អាច​បើកបរ ក្នុង​ទឹក និង​នៅលើ​ដីគោក។ តាមប្រភព​យោធា​ជប៉ុន កងទ័ពជើងទឹក និង​កងទ័ព​ជើងគោក បារាំង ដែល​ចូលរួម​ជាលើកទី១ ក្នុង​សមយុទ្ធ​រួមគ្នា ជាមួយ​ជប៉ុន និង​អាមេរិក នឹងទទួលបន្ទុក ខាង​ផ្នែក ដឹកជញ្ជូន ​ពង្រាយ និង​បញ្ជូន ទ័ព​តាមរយៈ ឧទ្ធម្ភាគចក្រ និង​រថភ្លើង សម្រាប់ ការប្រយុទ្ធគ្នា នៅ​ទីក្រុង។

ដោយ​ពង្រឹង​សហប្រតិបត្តិការ​រវាង​គ្នា  បារាំង អាមេរិក និង​ជប៉ុន ចង់​កែលម្អ​ឲ្យ​ប្រសើរ​ឡើង យុទ្ធសាស្រ្ត និង​ជំនាញ របស់​កងទ័ព ដើម្បី ប្រយុទ្ធ​ការពារ ដីកោះ ឆ្ងាយៗ នៅនាយសមុទ្រ។ នេះ​ជា​ប្រសាសន៍​របស់​រដ្ឋមន្រ្តីការពារ​ជាតិ​ជប៉ុន។

បារាំង​មាន​វត្តមាន ក្នុង​សមយុទ្ធរួម​ជាមួយ ជប៉ុន និង​អាមេរិក ព្រោះថា បារាំង សំឡឹង​ឃើញ ប្រយោជន៍​ជាយុទ្ធសាស្រ្ត របស់​ខ្លួន នៅ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ជាទី​ដែល​បារាំង មាន​ដែនដីកោះ នាយសមុទ្រ​របស់ខ្លួន ដូចជា កោះRéunion នៅ មហាសមុទ្រ​ឥណ្ឌា ឬ ប៉ូលីណេស៊ី នៅ ភាគខាងត្បូង​ប៉ាស៊ីហ្វិក​ជាដើម។ ចំណែក​ជប៉ុន​វិញ បាន​ស្វែងរក​ការគាំទ្រ និង​បង្កើន​ការសហការ​ជាមួយ សម្ព័ន្ធមិត្ត លោក​ខាងលិច នៅក្នុង​ហេតុផល​ថា ជប៉ុន ព្រួយបារម្ភ ពី​សកម្មភាព គំរាមកំហែង និង​ញុះញង់កាន់តែច្រើន​របស់​យោធា​ចិន នៅក្រោយ ជប៉ុន ចូលគ្រប់គ្រង រដ្ឋបាល ដែនដីកោះ ស៊ិនកាគូ ដែល​ចិន​ទាមទារ​ជា​កម្មសិទ្ធិ នៅ​សមុទ្រ​ចិន​ខាងកើត ក្រោម​ឈ្មោះថា កោះទាវយុ។

នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ាស៊ីនតោន កាលពី សប្តាហ៍មុន នាយករដ្ឋមន្រ្តី ជប៉ុន លោក​ស៊ូហ្កា បាននិយាយ​សន្យារួមគ្នា​ជាមួយ ប្រធានាធិបតី អាមេរិក លោក​ចូ បៃដិន​ថា ប្រទេស​ទាំងពីរ​កៀកស្មារ​ដើម្បី​ប្រឆាំង​ចិន និង​បង្កើនការសហការ​គ្នា​បន្ថែមទៀត ជាពិសេស នៅក្នុង​វិស័យ​បច្ចេកវិទ្យា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI