ភូមា-នយោបាយ

អ្នកជំនាញ៖បារាំងត្រូវជួយប្រជាជនភូមាដែលកំពុងប្រឈមនឹងសេចក្តីរន្ធត់ និងសោកនាដកម្ម

ក្រុម​បាតុករ​ភូមា
ក្រុម​បាតុករ​ភូមា AFP - STR

នៅ​ក្នុង​ប្រទេស​ភូមា ជាង ៣ខែ​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុង សានស៊ូជី ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​បាតុករ និង​កម្លាំង​កងទ័ព​កំពុង​បន្ត​មាន​យ៉ាង​ក្តៅ​គគុក។ ជាក់ស្តែង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ មេសា អ្នក​នាំ​ពាក្យ​កងទ័ព​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា មូលដ្ឋាន​យោធា​ផ្លូវអាកាស​ចំនួន​ពីរ​ពិត​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ដោយ​រ៉ូកែត​ចំនួន ៣គ្រាប់​ពី​ក្រុម​ជន​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ។ តែ​ការ​វាយប្រហារ​នោះ​មិន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស និង​បាន​បង្ក​ឲ្យ​រង​ការ​ខូចខាត​តិចតួច។ គួរ​បញ្ជាក់​ថា ក្រៅ​ពី​ចលនា​បាតុកម្ម​មហាជន កងទ័ព​ក៏​កំពុង​ប្រឈម​មុខ​នឹង​ក្រុម​ឧទ្ទាមប្រដាប់​អាវុធ​នៃ​ជនជាតិ​ភាគតិច​នៅ​តំបន់​ព្រំដែន​ប៉ែក​ខាង​ជើង និង​ប៉ែក​ខាង​កើត​ប្រទេស​ដែរ។ លោក​ហ្គី លុយបេក អ្នក​ស្រាវជ្រាវ និង​អ្នក​ជំនាញ​ភូមា​ជនជាតិ​បារាំង​បាន​យល់​ឃើញ វា​ល្មម​ដល់​ពេល​ដែល​បារាំង​ទទួល​ស្គាល់​រដ្ឋាភិបាល​ស៊ីវិល​ឯកភាពជាតិ​ភូមា​ដើម្បី​ជួយ​ប្រជាជន​ភូមា​ដែល​កំពុង​ប្រឈម​នឹង​សេចក្តីរន្ធត់ និង​សោកនាដកម្ម។

ផ្សាយពាណិជ្ជកម្ម

« បារាំង​ត្រូវ​តែ​សម្រេច​ចិត្ត​ឥឡូវ​នេះ ជា​ផ្លូវការ​ដើម្បី​ទទួល​ស្គាល់ និង​គាំទ្រ​រដ្ឋាភិបាល​ស៊ីវិល​ឯកភាពជាតិ​ភូមា។ រដ្ឋាភិបាល​ស៊ីវិល​ឯកភាពជាតិ​ភូមា​នេះ​មាន​ហេតុផល​គ្រប់គ្រាន់​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ។ អ្វី​ដែល​គេ​បាន និង​កំពុង​បន្ត​សង្កេត​ឃើញ​នៅ​ភូមាន​ពេល​នេះ​គឺ​ថា របបសឹក​មិន​បាន​ធ្វើ​អ្វី​ក្រៅ​តែ​ពី​ការ​បន្ត​សម្លាប់​មនុស្ស​ទេ។ កងទ័ព​បាន​បន្ត​ចាប់ និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ថ្នាក់ដឹកនាំ​ស៊ីវិល​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ។

ប្រជាជន​បាន​រង​ការ​ធ្វើ​បាប និង​តាម​ប្រម៉ាញ់​ពី​សំណាក់​កងទ័ព​រហូត​ដល់​ផ្ទះ​សម្បែង​របស់​ពួក​គេ ហើយ​ការ​សម្លាប់​រង្គាល​បាន​លាត​សន្ធឹង​រហូត​ដល់​ទីជនបទ​ដាច់​ស្រយាល​ដែល​នៅ​មិន​ទាន់​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​របបសឹក​ទៀត​ផង។ ពួក​ទាហាន​ពិត​ជា​បាន​ប្រព្រឹត្ត​នូវ​ទង្វើ​ឃោរឃៅ ព្រៃផ្សៃ​ខ្លាំង​ណាស់ ពោល​ដូច​ជា​ពួក​ព្រាយបីសាច​អ៊ីចឹង។ អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​គឺ​រន្ធត់ និង​អាក្រក់​ហួសប្រមាណ។

ដូច្នេះ​សម្រាប់​យើង គួរ​ណាស់​តែ​រុញ​យើង​ឲ្យ​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បាន​ជា​រឿង​របៀប​នេះ​អាច​កើត​មាន​ឡើង​បាន?។ ដូច្នេះ​វា​ល្មម​គ្រប់គ្រាន់​ហើយ​ប៉ុណ្ណឹង វា​ល្មម​ដល់​ពេល​ដែល​យើង​ត្រូវ​ជួយ​គិត​គូរ​ហើយ។ យ៉ាង​ហោច​ណាស់​នៅ​ក្នុង​ជំហាន​ដំបូង គេ​ត្រូវ​ចាប់​ផ្តើម​ឲ្យ​មាន​កិច្ចសន្ទនា។ ខ្ញុំ​គិត​ថា យើង​គួរ​តែ​យក​គំរូ​តាម​ចលនា​បាតុកម្ម​គាំទ្រ​ចលនា​ស៊ីវិល​ដែល​បាន​ធ្វើ​ឡើង​នៅ​អាមេរិក និង​នៅ​អង់គ្លេស​នា​ពេល​ថ្មីៗ​នេះ។

បារាំង​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ក៏​ត្រូវ​មាន​វត្តមាន​ដូច​គ្នា​នេះ​ដើម្បី​គាំទ្រ​ឲ្យ​ពេញ​ទំហឹង​លើ​រដ្ឋាភិបាល​ស៊ីវិល​ឯកភាពជាតិ​ភូមា​ដែល​បាន​បង្កើត​ឡើង​ក្នុង​ថ្ងៃទី១ ឬទី២ កុម្ភៈ។ បារាំង​ត្រូវ​ចូលរួម​ជួយ​ប្រជាជន​ភូមា​ដែល​កំពុង​ប្រឈម​នឹង​សេចក្តីរន្ធត់ និង​សោកនាដកម្ម »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI