ភូមា-ភាពក្រីក្រ

អង្គការ​សហប្រជាជាតិ​ថា ភាពក្រីក្រនឹងអាច​កើនឡើងទ្វេរដង នៅភូមា នៅ​ឆ្នាំ២០២២

ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅ​ភូមា នៅ​ទីក្រុង​រ៉ង់ហ្គូន នៅខែ​មីនា ឆ្នាំ ២០២១
ក្រុមបាតុករ​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅ​ភូមា នៅ​ទីក្រុង​រ៉ង់ហ្គូន នៅខែ​មីនា ឆ្នាំ ២០២១ AP

ពាក់កណ្តាល​នៃ​ប្រជាជន ភូមា​នឹង​ធ្លាក់ខ្លួន រស់នៅ​ក្រោមខ្សែ​បន្ទាត់ភាពក្រីក្រ នៅ​ដើម​ឆ្នាំ ក្រោយ ឆ្នាំ ២០២២។ នេះបើតាម​ការលើកឡើង​របស់ កម្មវិធី​ដើម្បី​អភិវឌ្ឍ​របស់អង្គការ​សហប្រជាជាតិ UNDP។ តាម​សេចក្តីថ្លែងការណ៍​របស់​UNDP ចេញផ្សាយ​នៅថ្ងៃ​សុក្រ ភាពក្រីក្រ​នឹង​អាច​កើនឡើង​ទ្វេរដង នៅភូមា ដោយសារ​តែ​វិបត្តិកូវីដ​១៩​ផង និង​ដោយសារ​វិបត្តិនយោបាយ ដែលកើតចេញ​មក​ពី​រដ្ឋប្រហារ​យោធា ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​ស្របច្បាប់ របស់​លោកស្រី អ៊ុងសាន ស៊ូជី។

ផ្សាយពាណិជ្ជកម្ម

វិបត្តិកូវីដ​១៩ បូកផ្សំ​នឹង​វិបត្តិនយោបាយ ដែលកើតចេញ​មកពី​រដ្ឋប្រហារ​យោធា នៅ​ដើម ខែ កុម្ភៈ ឆ្នាំនេះ នឹង​រុញច្រាន​ប្រជាជន​ភូមា ប្រមាណ ២៥លាននាក់ ឲ្យ​ធ្លាក់ខ្លួន រស់នៅ​ក្រោម​ខ្សែបន្ទាត់ក្រីក្រជាតិ ពីពេលនេះ ទៅ​ដើម​ឆ្នាំ​ក្រោយ។

តាម​សេចក្តីថ្លែងការណ៍​របស់​កម្មវិធី​ដើម្បី​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ ដោយមាន​ប្រជាជន​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប អាច​ធ្លាក់ខ្លួន ក្រីក្រ នៅ​ដើម​ឆ្នាំក្រោយ ភូមា​បាន​ដើរថយក្រោយ អស់​១៦ឆ្នាំ។

គួរកត់សំគាល់ថា នៅ​ចន្លោះ​ឆ្នាំ ២០០៥ និង​ឆ្នាំ ២០១៧ ភាពក្រីក្រ​នៅភូមា​បាន​ធ្លាក់ថយចុះ ពី ៤៨% មក​នៅ​តិចជាង ២៥% ដោយមកពី នយោបាយ​កែទម្រង់សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ស៊ីវិល ដឹកនាំ​ដោយ​លោកស្រី​អ៊ុងសាន ស៊ូជី។ ប៉ុន្តែ សេដ្ឋកិច្ច​ភូមា​ដែល​កំពុងដើរអូសជើង ដោយសារ​វិបត្តិកូវីដហើយនោះ ត្រូវ ធ្លាក់ចុះ​ដុនដាប​មួយកម្រិតធំទៀត ដោយសារ​រដ្ឋប្រហារ​យោធា នៅ​ដើមខែ​កុម្ភៈ ឆ្នាំ នេះ។

ដោយធ្វើ​បាតុកម្មប្រឆាំង រដ្ឋប្រហារ​យោធា​ភូមា ប្រជាជន​ភូមា ដែលក្នុងនោះ មានតាំង​ពី​មន្រ្តីរដ្ឋការ បុគ្គលិក ក្រុមហ៊ុន ឯកជន និង​នយោជិក កម្មករ​ជាច្រើនសែន​នាក់​បានធ្វើ​កូដកម្ម​មិន​ត្រលប់​ចូលធ្វើការ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ភូមា ត្រូវជាប់គាំងស្ទះ មិន​ដំណើរការ។

ដោយសារ​គ្មាន​មនុស្ស​ធ្វើការ មន្ទីរពេទ្យ សាលារៀន មួយចំនួន ជាពិសេស ធនាគារ ត្រូវ​បិទទ្វារ ផ្អាក​មិនដំណើរការ ដែលជាហេតុធ្វើ​ឲ្យ​គេ​ខ្វះខាត​សាច់ប្រាក់​ចរាចរ នៅទីផ្សារ។ នៅតំបន់​ខ្លះ​របស់​ភូមា ការដឹកនជញ្ជូន​ទំនិញ​ត្រូវ​អាក់ខាន ដោយសារ​តែ​បាតុកម្ម និងការបង្រ្កាប​ដ៏ហិង្សា​របស់​ពួកកងទ័ព។ ការណ៍នេះ​ធ្វើ​ឲ្យ​ទំនិញចាំបាច់ ដូចជា​ស្បៀងអាហារ ថ្នាំពេទ្យ ឡើងថ្លៃ​កប់ពពក។

ប្រធាន​កម្មវិធី​ដើម្បីអភិវឌ្ឍ​របស់អង្គការ​សហប្រជាជាតិ លោក Achim Steiner បាន​វាយតម្លៃ ថា គ្មាន​ស្ថាប័ន​ប្រជាធិបតេយ្យ​ដំណើរការ​ត្រឹមត្រូវ ភូមា​កំពុង​ប្រឈម​នឹង​ការដើរ​ថយក្រោយ ទៅ​រកភាពក្រីក្រ ក្នុង​កម្រិតមួយ ដែល​ភូមា មិនបានជួបប្រទះ អស់​មួយជំនាន់មួយ​មកហើយ។

របាយការណ៍​ស្តីពីស្ថានភាព​ក្រីក្រនៅ​ភូមា ធ្លាក់​ចំពេល​ដែល​ប្រជាជន​ភូមា​ជាច្រើន​ពាន់​នាក់ កំពុង​រត់ភៀសខ្លួន ចាកចោល​ផ្ទះសម្បែង ដើម្បី​រត់គេចពី​ការតាមចាប់ខ្លួន និងការវាយប្រហារ​របស់​កងទ័ព​ភូមា។ នៅ​ថ្ងៃ​សុក្រ កងទ័ព​ភូមា​បានបន្ត​បើកការវាយប្រហារ​ផ្លូវអាកាស​ទៅលើ​តំបន់​របស់​ពួកកាឈីន នៅជាប់ព្រំដែន​ចិន និង​តំបន់ ជាប់​ព្រំដែន​ថៃ ​ដែល​គ្រប់គ្រង​ដោយ​ពួកឧទ្ទាម ការ៉ែន។ កងទ័ពភូមា​បាន​បើក​ការវាយប្រហារ​ទៅលើ​ពួកឧទ្ទាមការ៉ែន នៅ​បន្ទាប់ពី​ក្រុមនេះ បាន​វាយដណ្តើម​យក​ទីតាំង​យោធា​របស់​កងទ័ពភូមា ដើម្បី​សងសឹក​ កងទ័ព ដែលបើក​ការបង្រ្កាប​បង្ហូរឈាម​ទៅលើ​បាតុករ ភូមា។ នៅក្នុង​តំបន់​របស់​ពួកឧទ្ទាម​ការ៉ែននេះ ក៏មានផងដែរ ក្រុមប្រឆាំង​ភូមា ដែល​បាន​ភៀសខ្លួន ចូល​ទៅកាន់​អាវុធ​ជាមួយ​ពួកឧទ្ទាម​ការ៉ែន ដើម្បី​ប្រយុទ្ធតទល់​នឹង​កងទ័ព​ភូមា។ តាម​ការិយាល័យ​សម្របសម្រួល​ដើម្បីមនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ ចាប់តាំង​ពី​មាន​ការប្រយុទ្ធគ្នា នៅ​ខែ មីនា មនុស្ស​ជាង ៣ម៉ឺននាក់​បាន​រត់ភៀសខ្លួន​ទៅក្នុង​ទឹកដី​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI