ភូមា-រដ្ឋប្រហារ

ក្រុមប្រឹក្សាសន្តិសុខ​ទាមទារ​ឲ្យភូមា គោរព​និង​អនុវត្ត​​ផែនការ​ដោះស្រាយ​​វិបត្តិ​ស្នើ​ដោយ​អាស៊ាន

បាតុករប្រឆាំងរបបសិក ធ្វើបាតុកម្មនៅក្រុងចាការតា ថ្ងៃទី២៤មេសា ក្នុងពេលដែល​ក្រុមប្រទេសអាស៊ានបើកការប្រជុំ ជាមួយលោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។
បាតុករប្រឆាំងរបបសិក ធ្វើបាតុកម្មនៅក្រុងចាការតា ថ្ងៃទី២៤មេសា ក្នុងពេលដែល​ក្រុមប្រទេសអាស៊ានបើកការប្រជុំ ជាមួយលោក ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ AP - Tatan Syuflana

កាលពីថ្ងៃសុក្រទី៣០មេសា ក្រុម​ប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បាន​បើកការប្រជុំមួយ​ទៀត ស្តីពីបញ្ហាភូមា។ នៅក្រោយ​ការប្រជុំនេះ ក្រុម​ប្រឹក្សាសន្តិសុខ បានសម្រេចជាឯកច្ឆ័ន ទាមទារ​ឲ្យ​របបសិកភូមា គោរព និងអនុវត្តជាបន្ទាន់ នូវផែនការ​ដោះស្រាយ​វិបត្តិ ស្នើដោយ​ក្រុម​ប្រទេសអាស៊ាន។ ក្នុងនោះមាន​ការបញ្ឈប់ការបង្ក្រាបដោយ​ហិង្សាទៅលើ​បាតុករ និង​ការនុញ្ញាតឲ្យ​តំណាង​អាស៊ានចូលទៅភូមា ដើម្បីពិនិត្យ​ស្ថានការណ៍។

ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សាសន្តិសុខបានទាមទារ ឲ្យ​របបសិក​ភូមា ត្រូវតែគោរព និងអនុវត្តឲ្យ​បាន​ឆាប់ជាទីបំផុត នូវ​ផែនការដោះស្រាយ​វិបត្តិ​ទាំងង៥ចំណុច ដែលក្រុមប្រទេសអាស៊ាន បាន​ស្នើនៅក្នុងកិច្ចប្រជុំ​នៅក្រុងចាការតា កាលពីថ្ងៃទី២៤មេសា។ ផែនការទាំងនោះ​ មានជាអាទិ៍ ការបញ្ឈប់​ជាភ្លាមនូវ​អំពើហិង្សា ព្រមទាំងបើកផ្លូវ ឲ្យ​តំណាងរបស់អាស៊ាន ចូលទៅភូមា ដើម្បីពិនិត្យស្ថានការណ៍ ហើយឈានទៅបើកផ្លូវចរចានយោបាយ។

គួរបញ្ជាក់ សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខនេះ គឺបានធ្វើ​ឡើង បន្ទាប់ពី​មានការប្រជុំ​បិទទ្វារកាលពីព្រឹក​ថ្ងៃសុក្រ ទី​៣០មេសា។ មន្ត្រីទូតម្នាក់បានបញ្ជាក់ថា សេចក្តីសម្រេចនេះ មាន​លក្ខណៈធូរស្រាលជាងអត្ថបទដំបូងទីមួយ ដោយសារតែ ចិន និង រុស្ស៊ីបានទាមទារ កុំឲ្យ​ប្រើពាក្យធ្ងន់ៗពេក ទៅលើ​កងទ័ពភូមា។ ប្រភពដដែលអះអាងថា ក្រុមប្រឹក្សាសន្តិសុខ គ្មានជំរើសអ្វីផ្សេងទេ ក្រៅតែពី​សុខចិត្តធ្វើតាមការទាមទាររបស់ចិន។ ធ្វើបែបនេះ គឺដើម្បីឲ្យ​មាន​ការសម្រេចជាឯកច្ឆ័ន្ទ ចេញជាសេចក្តីប្រកាសរួមមួយ។

គួរកត់សំគាល់ថា នៅក្នុងអត្ថបទទីមួយ ដែលបណ្តាញ​ព័ត៌មាន​បារាំង AFP ទទួលបាន​ គឺមានសរសេរសថា ក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការប្រើកម្លាំងបង្រ្កាបបាតុករ​​​ស្លូតត្រង់ ពីសំណាក់​កងទ័ពភូមា និងទាមទារឲ្យ​កងទ័ពត្រូវតែអត់ធ្មត់។​ ក៏ប៉ុន្តែឃ្លាទាំងនេះ ត្រូវ​គេលុបចេញវិញ នៅក្នុងអត្ថបទចុងក្រោយ។​

សូមរំលឹកថា គិតមកត្រឹមពេលនេះ ក្រុមប្រឹក្សាសន្តិសុខ បានចេញសេចក្តីប្រកាសចំនួន៤មកហើយ ទាក់ទិននឹងវិបត្តិនៅភូមា។ នៅក្នុងសេចក្តីប្រកាសចុងក្រោយ កាលពីថ្ងៃសុក្រ ក្រុមប្រឹក្សាសន្តិសុខ ក៏បានស្នើផងដែរ ឲ្យ​របបសិកភូមា ត្រូវបើកទ្វារទទួលលោកស្រី Christine Schraner Burgener ប្រេសិតពិសេសតំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការភូមា។

គួរបញ្ជាក់ដែរថា កាលពីពេលប្រជុំនៅក្រុងចាការតា លោកស្រី Christine Schraner Burgener បានជួបនិយាយ​ដោយផ្ទាល់ ជាមួយ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង និងបានស្នើសុំចូលទៅភូមា តែត្រូវបាន​មេរបបសិកភូមារូបនេះ បដិសេធ។ យោងតាម​ប្រភព​ពីមន្ត្រីការទូតអាស៊ានម្នាក់ បានអះអាងថា រដ្ឋាភិបាលប្រ៊ុយណេ ដែលជាប្រធានវិលជុំអាស៊ានបច្ចុប្បន្ននេះ មានគម្រោងស្នើទៅរបបសិក​ភូមា ឲ្យ​អនុញ្ញាត​ការធ្វើដំណើររួមគ្នាតែម្តង រវាង​លោកស្រី​ប្រេសិតតំណាងអង្គការ​សហប្រជាជាតិ និង​អ្នក​តំណាង​អាស៊ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI