ឥណ្ឌា-កូវីដ១៩

លោកអង់តូនី ហ្វូឈី ​ថា​ឥណ្ឌា​គួរតែ​បិទ​ប្រទេស​មួយរយៈ ដើម្បី​​កាត់ផ្តាច់​​​ការ​ឆ្លង​​រាលដាល​​​កូវីដ​១៩

ទីវាលមួយក្នុងក្រុងញូដេលី ត្រូវគេរៀបចំធ្វើជាទីបូជាសពអ្នកជំងឺកូវីដ១៩។ ក្រុងញូួដេលី ថ្ងៃទី ២៤មេសា ២០២១
ទីវាលមួយក្នុងក្រុងញូដេលី ត្រូវគេរៀបចំធ្វើជាទីបូជាសពអ្នកជំងឺកូវីដ១៩។ ក្រុងញូួដេលី ថ្ងៃទី ២៤មេសា ២០២១ AP - Altaf Qadri

ការឆ្លងរាលដាលកូវីដ​១៩ នៅប្រទេសឥណ្ឌា មានសណ្ឋាន កាន់តែធ្ងន់ធ្ងរ ដោយ​២៤ម៉ោងចុងក្រោយ មានអ្នកឆ្លងថ្មីបន្ថែម ប្រមាណ​៤សែននាក់។ អាជ្ញាធរក្រុងញូដេលី បានសម្រេច​បិទខ្ទប់ទីក្រុង​នេះ ចំនួន​១សប្តាហ៍បន្ថែមទៀត ចាប់ពីថ្ងៃចន្ទក្រោយទៅ។ ដោយឡែក លោកវេជ្ជបណ្ឌិត អង់តូនី ហ្វូឈី អ្នកជំនាញ​ផ្នែកជំងឺឆ្លង ដ៏ល្បីរបស់អាមេរិក បាន​លើកឡើងថា រដ្ឋាភិបាលឥណ្ឌា គួរណាតែ​បិទខ្ទប់ប្រទេសទាំងមូល មួយ​រយៈសិន ទើបអាចកាត់ផ្តាច់ ​ការឆ្លងរាលដាលដ៏លឿនរហ័សនេះបាន។

ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​នៅក្នុង​បទសម្ភាសន៍ របស់​សាព័ត៌មាន​ Indian Express លោកវេជ្ជបណ្ឌិត អង់តូនី ហ្វូឈី (Antony Fauci) ទីប្រឹក្សាពិសេសផ្នែកសុខាភិបាល របស់សេតវិមានអាមេរិក បានលើកឡើងថា អ្វីដែលចាំបាច់បំផុត សម្រាប់ឥណ្ឌានៅពេលនេះ គឺត្រូវតែ​មាន​ឧុកស៊ីសែន បរិក្ខាពេទ្យ ព្រមទាំង​ថ្នាំសង្កូវគ្រប់គ្រាន់​ ដើម្បីសង្គ្រោះជីវិតអ្នកជំងឺកូវីដ​១៩។ លោក​បាន​សង្កត់ធ្ងន់ថា អ្វីដែលចាំបាច់ និងបន្ទាន់បំផុតមួយទៀតនោះ គឺការបិទខ្ទប់ប្រទេសទាំងមូល ដើម្បីកាត់ផ្តាច់ កម្លាំងឆ្លងរាលដាលរបស់កូវីដ​១៩។

លោក​បន្ថែមថា គ្មាននរណាម្នាក់សប្បាយចិត្ត ឬចង់ឃើញប្រទេសត្រូវបិទខ្ទប់ទេ តែវាជារឿងចាំបាច់ដែលត្រូវធ្វើ ក្នុងកាលៈទេសៈបែបនេះ។ ការបិទខ្ទប់ប្រទេសទាំងស្រុង មិនចាំបាច់ដល់ទៅ​ច្រើនខែនោះទេ គឺត្រឹមតែ​ប៉ុន្មានសប្តាហ៍ គឺវាអាចទប់កម្លាំងសន្ទុះ នៃការឆ្លងរាលដាលបាន។

សូមបញ្ជាក់ថា យោងតាមតួលេខ២៤ម៉ោងចុងក្រោយ ថ្ងៃសុក្រទី​៣០មេសា ឥណ្ឌាមានអ្នកឆ្លងថ្មីបន្ថែមជាង​៤សែននាក់ និងស្លាប់ជាង៣៥០០នាក់។ គ្រាន់តែក្នុង​ខែមេសាកន្លងទៅ អ្នកឆ្លងកូវីដ​១៩ នៅឥណ្ឌាបាន​កើន​៧លាន​នាក់បន្ថែមទៀត។ ប្រព័ន្ធសុខាភិបាលឥណ្ឌា កំពុងតែត្រូវបោកសង្គ្រប់ក្រោម​លំហូរជន់ជោរ ដូចទឹកបាក់ទំនប់ នៃចំនួន​អ្នកជំងឺកូវីដ​១៩។

ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលឥណ្ឌា មិន​បានបង្ហាញ​ឆន្ទៈ ចង់បិទខ្ទប់ប្រទេសទាំងស្រុកនោះទេ។ ការបិទខ្ទប់មួយរយៈ កាលពី​ឆ្នាំ​២០២០ នៅពេលដែលកូវីដ​១៩ ចាប់ផ្តើមផ្ទុះឡើងដំបូង បានធ្វើសេដ្ឋកិច្ច​ឥណ្ឌាខាតបង់យ៉ាងច្រើន។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ គឺមានតែក្រុងញូដេលី ដែលមាន​ប្រជាជន​ប្រមាណ​២០នាក់ទេ ដែលបាន​បិទខ្ទប់។ លោក Arvind Kejriwal ប្រធានរដ្ឋបាលក្រុងញូដេលី បានប្រកាសនៅថ្ងៃសៅរ៍ទី​១ឧសភា ថាការបិទខ្ទប់នឹងបន្តថែមមួយសប្តាហ៍ទៀត គិតចាប់ពីថ្ងៃចន្ទទី៣ឧសភា។ ២៤ម៉ោងចុងក្រោយ នៅក្រុងញូដេលី មានអ្នកឆ្លងកូវីដថ្មីបន្ថែម ចំនួន​២ម៉ឺ៧ពាន់​នាក់ និងមាន​ស្លាប់​៣៧៥​នាក់។ យោងតាមអ្នកជំនាញ កម្រិតឆ្លងរាលដាលនៅញូដេលី មាន​ប្រមាណ​៣៣% ដែលនេះមានន័យថា ចំនួន​អ្នកឆ្លងពិតជាក់ស្តែង អាចមានច្រើនជាងតួលេខផ្លូវការ។ ក្រៅពីគ្មានឧុកស៊ីសែន មន្ទីរពេទ្យឥណ្ឌា គ្មានបន្ទប់ គ្មានគ្រែគ្រប់គ្រាន់ សម្រាប់ទទួលអ្នកជំងឺកូវីដទេ។ អ្នកជំងឺជាច្រើន បាន​ដេកស្លាប់នៅខាងមុខមន្ទីរពេទ្យ ដោយ​មិនអាចទទួលបាន​ការព្យាបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI