អាហ្វហ្កានីស្ថាន-អាមេរិក​

អាមេរិក ចាប់ផ្តើម​ដកទ័ព ដំណាក់កាល​ចុងក្រោយ​​បង្អស់ ចេញ​ពី​អាហ្វហ្កានីស្ថាន

រូបថតឯកសារ ថ្ងៃទី​ ២៤ធ្នូ ២០១៧ មូលដ្ឋានទ័ពអាមេរិក នៅ Bagram ខាងជើងក្រុងកាប៊ូល ប្រទេសអាហ្វហ្កានីស្ថាន
រូបថតឯកសារ ថ្ងៃទី​ ២៤ធ្នូ ២០១៧ មូលដ្ឋានទ័ពអាមេរិក នៅ Bagram ខាងជើងក្រុងកាប៊ូល ប្រទេសអាហ្វហ្កានីស្ថាន AP - Rahmat Gul

នៅថ្ងៃសៅរ៍ទី១ឧសភានេះ សហរដ្ឋអាមេរិក បានចាប់ផ្តើមដកទ័ពចេញ​ពីអាហ្វហ្កានីស្ថាន ក្នុងដំណាក់កាលចុងក្រោយ​បង្អស់។​ នេះគឺការបោះជំហាន ឈានទៅបិទបញ្ចប់សង្រ្គាម ដែលបានអូសបន្លាយ​ អស់រយៈពេល​២០ឆ្នាំ។ តែយ៉ាងណា សម្រាប់អាហ្វហ្កានីស្ថាន វាគឺជា​ការបើទំព័រ កាលៈទេសៈថ្មីមួយទៀត ដែលពោរពេញដោយ​ភាព​មិន​ប្រាកដប្រជា ទាក់ទិននឹងបញ្ហាស្ថិរភាព​សន្តិសុខ។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី ១ឧសភា គឺជាថ្ងៃនិម្មិតរូប ដែលបានកំណត់ នៅក្នុងកិច្ចព្រមព្រៀង ទីក្រុងដូហាន កាលពីខែ​កុម្ភៈ ឆ្នាំ២០២០។ ពីនេះដល់ថ្ងៃទី ១១ កញ្ញា ២០២១ អាមេរិក​នឹងត្រូវដកកម្លាំងទ័ព ចេញឲ្យ​អស់ ពីអាហ្វហ្កានីស្ថាន។

កាលពីពាក់កណ្តាល​ខែ​មេសា លោកចូ បៃដិន បាន​បញ្ជាក់ថា ដល់ពេលហើយ ដែលសហរដ្ឋ​អាមេរិកត្រូវ​ដកទ័ព ចំនួន​២៥០០នាក់ ដែលនៅសេសសល់ ចេញពីអាហ្វហ្កានីស្ថាន ដើម្បីបិទបញ្ចប់​ទំព័រសង្រ្គាមដ៏វែងអន្លាយ អស់រយៈពេល​២០ឆ្នាំមកនេះ។

ក៏ប៉ុន្តែ​ ទំព័រកាលៈទេសៈថ្មីនេះ បាន​ធ្វើឲ្យ​អាហ្វហ្កានីស្ថាន ស្ថិតនៅក្នុង​បរិបទមួយ​មិន​ប្រាកដប្រជា ដោយ​សារតែត្រូវ​ប្រឈមមុខជាមួយ ក្រុមតាលីបង់​ និងក្រុមភេរវកម្មអ៊ីស្លាមនិយមផ្សេងទៀត តែម្នាក់ឯង។ លោក Mark Milley មេបញ្ជាការកងទ័ព​អាមេរិក បានទទួលស្គាល់ថា ចលាចល អសន្តិសុខ​ជាយថាហេតុ អាចនឹងកើតមាននៅអាហ្វហ្កានីស្ថាន ក្រោយ​ពេល​គ្មានវត្តមាន​កងទ័ពអាេមរិក។​

លោក Mena Nowrozi​ បុគ្គលិកម្នាក់នៃវិទ្យុឯកជនមួយ នៅក្រុងកាប៊ូល បាន​ប្រាប់អ្នក​យកព័ត៌មាន​​បារាំង AFP ថាប្រជាជន​អាហ្វហ្កានីស្ថានមួយចំនួន មានការបារម្ភណាស់ ព្រោះខ្លាចភពខ្មៅ​ងងឹត​បង្កឡើងដោយ​ក្រុមតាលីបង់ ត្រលប់មកវិញ។ លោកថា ក្រុម​តាលីបង់​ មិនបានផ្លាស់ប្តូរទេ គឺនៅតែដដែល។ លោក​បន្ថែមថា​ សហរដ្ឋអាមេរិក គួរណាតែទុកកងទ័ពនៅ ១ឆ្នាំ ២ឆ្នាំទៀត មិនគួរដកចេញ​អស់នៅពេលនេះទេ។

គួរកត់សំគាល់ថា នៅក្រោយ​​ពេលចុះកិច្ចព្រមព្រៀងសន្តិភាព ជាមួយ​រដ្ឋាភិបាលអាេមរិក នៅដូហា កាលពីខែកុម្ភៈ ឆ្នាំ​២០២០ ក្រុមតាលីបង់ បានកាត់បន្ថយ​ការវាយ​ប្រហារដោយ​ផ្ទាល់ ទៅលើ​កងទ័ពបរទេសមែន ក៏ប៉ុន្តែក្រុមតាលីបង់ នៅតែបន្តវាយ​ប្រហារ ទៅលើ​កងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ ​​យ៉ាងណាក៏ដោយ លោក Ashraf Ghani​ ប្រធានាធិបតីអាហ្វហ្កានីស្ថាន បាន​អះអាងថា កងទ័ពអាហ្វហ្កានីស្ថាន មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារសន្តិសុខ។ លោក​បានផ្តល់ក្តីសង្ឃឹមថា នៅពេល​អស់កងទ័ពអាមេរិក គឺក្រុមតាលីបង់ អស់មាន​លេសអ្វី​ប្រយុទ្ធទៀតហើយ។

ទោះយ៉ាងនេះក្តី លោក Nishank Motwani អ្នកវិភាគឯករាជ្យ ម្នាក់​បាន​​លើកឡើងថា ក្នុងអំឡុង​ពេល​ ដែល​អាមេរិក​ដកទ័ពដំណាក់​កាលចុងក្រោយ​នេះ ក្រុមតាលីបង់ អាចនឹងបង្កើនការវាយ​ប្រហារ​ ដើម្បីធ្វើ​ឲ្យ​អាមេរិក ដែលចាញ់សង្រ្គាមកាន់តែ​អាម៉ាស។ លោក Andrew Watkins អ្នកវិភាគនៅ International Crisis Group បានលើកឡើងថា ក្នុង​អំឡុងប៉ុន្មានសប្តាហ៍ទៅមុខទៀតនេះ អាចនឹងមានការវាយ​ប្រយុទ្ធគ្នា រវាងក្រុមតាលីបង់ និងកងទ័ពអាហ្វហ្កានីស្ថាន ដើម្បី​ប៉ាន់​ស្មានកម្លាំងគ្នាទៅវិញទៅមក បន្ទាប់ពីគ្មាន​វត្តមាន​របស់​កងទ័ពអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI