ភូមា

ក្រុមឧទ្ទាម​ការ៉ែន​ប្រកូកប្រកាសឲ្យ​មានការប្រមូលផ្តុំកម្លាំងគ្នា​ដើម្បី​ប្រឆាំង​របបសឹកភូមា

នៅឆ្នាំ ២០០៦ទាហានរបស់​ឧទ្ទាមការ៉ែនប្រារព្ធ​ខួប ៥៧ឆ្នាំ​នៃ​ការបំបែកខ្លួន​ចេញពី​រដ្ឋាភិបាល​ភូមា
នៅឆ្នាំ ២០០៦ទាហានរបស់​ឧទ្ទាមការ៉ែនប្រារព្ធ​ខួប ៥៧ឆ្នាំ​នៃ​ការបំបែកខ្លួន​ចេញពី​រដ្ឋាភិបាល​ភូមា ASSOCIATED PRESS - DAVID LONGSTREATH

ក្រុមឧទ្ទាម​ការ៉ែន​ដែល​បាន​ចេញមុខ​ គាំទ្រ​បាតុករភូមា បាន​អំពាវនាវ នៅថ្ងៃ​អាទិត្យ ឲ្យ​ក្រុមបំបែកខ្លួន​ផ្សេងទៀត ចូលរួម​ប្រមូលកម្លាំង​ជាមួយ​ក្រុមខ្លួន ដើម្បី​ប្រយុទ្ធតទល់​នឹង​របបសឹក​ភូមា។ នៅ​ថ្ងៃ អាទិត្យ ទី ២ ឧសភា បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារយោធាភូមា ត្រូវ​បាន​រៀបចំ​ឡើង​នៅទូទាំងប្រទេស ក្នុង​ទ្រង់ទ្រាយ​ដ៏ធំ កម្រ​នឹង​មាន ចាប់តាំង​ពី​ថ្ងៃ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី។ តាមទីភ្នាក់ងារព័ត៌មានអង់គ្លេស​Reuters ដែលបាន​ដកស្រង់​ប្រភព​ពីកាសែត​ភូមា មាន​មនុស្ស ៥នាក់ ដែល​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​របស់​កងទ័ព​ភូមា នៅថ្ងៃ​អាទិត្យ។

ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​ប្រឆាំង រដ្ឋប្រហារ​យោធា​ភូមា ដែល​មួយចំនួន នាំមុខ​ដោយ​ព្រះសង្ឃភូមា បានផ្ទុះឡើង​នៅ​ភូមិ ក្រុង​ជាច្រើន ពេញផ្ទៃប្រទេស​ភូមា នៅ​ថ្ងៃ​អាទិត្យ។ បាតុកម្ម​ ទ្រង់ទ្រាយ​ធំ ក្នុង​ប្រទេស កើតមាន​ជួនចំពេល​នឹង​បាតុកម្ម​របស់​សហគមន៍​ភូមា នៅទឹកដី​បរទេស ដែលនៅក្នុងនោះ មានផងដែរ តៃវ៉ាន់។

នៅក្នុងប្រទេស​ភូមា នៅក្នុង​ចំណោម មនុស្ស​៥នាក់ ដែលស្លាប់​ដោយសារ​ការបាញ់ប្រហារ បង្រ្កាប​របស់​កងទ័ពភូមា មាន​២នាក់ នៅ​តំបន់​ភាគ​កណ្តាលប្រទេស ២នាក់ នៅ​រដ្ឋ​ស្ហាន ភាគឦសាន​ភូមា ជាប់ជាមួយ​ប្រទេស​ថៃ និង​១នាក់ទៀត នៅ​រដ្ឋ​កាឈីន ជាប់ព្រំដែន​ចិន។

ចាប់តាំង​ពីកើតមាន​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារយោធា ភូមា កាលពី ៣ខែមុន កងទ័ព​ភូមា បានធ្វើការ​បង្រ្កាប បាញ់​គ្រាប់កាំភ្លើងពិត សម្លាប់​បាតុករភូមា យ៉ាងតិច ៧៥៩នាក់។ នៅ​បីខែ​មកនេះ កងទ័ពភូមា​បាន​ជាប់ដៃ​ប្រយុទ្ធផងដែរ ជាមួយ ពួកឧទ្ទាមទ័ពព្រៃ ការ៉ែន ដែល​មានអំណាច​គ្រប់គ្រង​តំបន់​ការ៉ែន នៅ​ភាគខាងកើត ជាប់​ប្រទេស​ថៃ។

ពួកឧទ្ទាម​ការ៉ែន ក្រោម​ឈ្មោះថា សហភាពជាតិ​ការ៉ែន ដែល​ចេញមុខ​ប្រយុទ្ធ វាយដណ្តើម​បន្ទាយ​ទាហាន​ភូមា ដើម្បី បុព្វហេតុ គាំទ្រ​ការទាមទារ​របស់​បាតុករភូមា បាន​អះអាងថា នៅ​មួយរយៈចុងក្រោយនេះ មាន​ពួកក្រុមប្រឆាំង​ភូមា ជាង ២ពាន់នាក់ ដែលបានរត់ភៀសខ្លួន​ពីការយាយីធ្វើបាប​របស់​កងទ័ព ដើម្បី ​ចូលរួម​ក្នុង​ក្រុមខ្លួន។

នៅថ្ងៃអាទិត្យ ពួកឧទ្ទាម​ការ៉ែន បានអំពាវនាវ​ឲ្យចលនា​តស៊ូជនជាតិ​ភាគតិច​ផ្សេងទៀត ក្នុង​រដ្ឋ​ការ៉ែន ចូលរួម​កម្លាំង​ជាមួយក្រុមខ្លួន ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កងទ័ពភូមា។

នៅក្នុងលិខិត​ផ្ញើទៅកាន់​ក្រុមឧទ្ទាមដទៃទៀត អ្នកទទួលខុសត្រូវ​កងទ័ព​ការ៉ែន លោក Baw Kyaw Heh បាន​បញ្ជាក់ថា “នៅក្នុង​បដិវត្តជាង​៧០ឆ្នាំ នេះជា​ឱកាស​ដ៏ល្អ ដែលគេ​ត្រូវ​ឆក់ចាប់​ឲ្យបាន ដើម្បី​ប្រយុទ្ធផ្តួលរំលំ​របបផ្តាច់ការយោធាភូមា”។

ភូមា​មាន​ក្រុមឧទ្ទាម​ជនជាតិភាគតិច ចំនួន ១៣៥ ដែល​គ្រប់គ្រង មួយភាគបី​នៃទឹកដី​ភូមា។ ចាប់តាំង​ពី​ភូមា​ទទួល​បាន​ឯករាជ្យ រួចផុត​ពីអាណានិគមអង់គ្លេស ឆ្នាំ ១៩៤៨ ការប្រយុទ្ធគ្នា​រវាង កងទ័ពភូមា និង​ពួកឧទ្ទាម​គ្រប់ជនជាតិ បានផ្ទុះឡើង យ៉ាង​តិច ២០ដង។ បន្ទាប់​ពី​ស្ងាត់​មអស់​ប៉ុន្មានឆ្នាំ ទៅតាម​កិច្ចព្រមព្រៀង​ស្តីពីបទឈប់បាញ់​រវាង​ភាគី​ជម្លោះទាំងពីរ ការប្រយុទ្ធគ្នា​បាន​កើតឡើង​វិញ ចាប់តាំង ពីខែមីនា នៅក្រោយ ក្រុមឧទ្ទាម​ការ៉ែន​ចេញមុខ គាំទ្រ ក្រុមបាតុករ​ភូមា ដែល​រងការបង្រ្កាបហិង្សា ពីសំណាក់កងទ័ពភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI