បារាំង-ឥណ្ឌា

នៅ​ឥណ្ឌា ចំនួន​អ្នកស្លាប់​ដោយសារ​កូវីដ​បាន​កើនឡើង​ជិត ៤ពាន់នាក់ ក្នុង​មួយថ្ងៃ

គ្រឿងបរិក្ខាពេទ្យ​ដែលក្នុង​នោះ​មាន​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​៨គ្រឿង​របស់បារាំង​បាន​ទៅដល់​ទីក្រុង​ញូវដេលី នៅថ្ងៃអាទិត្យ​ទី ២ ឧសភា ២០២១
គ្រឿងបរិក្ខាពេទ្យ​ដែលក្នុង​នោះ​មាន​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​៨គ្រឿង​របស់បារាំង​បាន​ទៅដល់​ទីក្រុង​ញូវដេលី នៅថ្ងៃអាទិត្យ​ទី ២ ឧសភា ២០២១ AP - Lewis Joly

នៅ​ឥណ្ឌា ចំនួនអ្នកឆ្លងកូវីដ​បាន​ធ្លាក់ថយចុះ​បន្តិច​នៅ​ថ្ងៃអាទិត្យនេះ ប៉ុន្តែ ចំនួន​អ្នកស្លាប់​វិញ នៅតែ​កើនឡើង​ខ្ពស់ ដល់ ៣៦៨៩នាក់ ក្នុង​រយៈពេល​មួយថ្ងៃ​សៅរ៍ម្សិលមិញ ដែល​ធ្វើ​ឲ្យឥណ្ឌា​មាន​អ្នកស្លាប់​សរុប​ដោយសារ​កូវីដ ចំនួន ២១៥ ៥៤២នាក់។ ក្នុង​កាលៈទេសៈ​ដែល ឥណ្ឌា​កំពុង​ជួបគ្រោះ មហន្តរាយ ដោយសារ​កូវីដ ខ្វះ​ថ្នាំ ខ្វះអុកស៊ីសែន សម្រាប់អ្នកជំងឺ ជំនួយ​របស់​បារាំង ជា​ម៉ាស៊ីន​ផលិត​អុកស៊ីសែន បាន​ទៅ​ដល់​ទីក្រុង​ញូវដេលី នៅ​ថ្ងៃ​អាទិត្យនេះ។

ផ្សាយពាណិជ្ជកម្ម

ជំនួយ​សហគមន៍អន្តរជាតិ​នៅតែ​បន្ត​មាន​សម្រាប់​ឥណ្ឌា ដែល​កំពុង​ផុងជ្រៅ​ក្នុង វិបត្តិកូវីដ។ នៅ​ថ្ងៃអាទិត្យនេះ ឥណ្ឌា​បាន​ទទួល​ជំនួយ​គ្រឿង​បរិក្ខាពេទ្យ​របស់​បារាំង ទម្ងន់ ២៨​តោន ដែលនៅក្នុង​នោះ មាន​ម៉ាស៊ីន​ផលិត​អុកស៊ីសែន ចំនួន ៨គ្រឿង។

តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​បារាំង ម៉ាស៊ីន​ផលិត​អុកស៊ីសែន មាន​សមត្ថភាព ខ្លាំង អាច​បំពេញធុងអ៊ីស៊ីសែន ក្នុង​ល្បឿន ២ម៉ឺនលីត្រ​ក្នុង​មួយម៉ោង។ ជារួម ម៉ាស៊ីន​ផលិត​អុកស៊ីសែន​មួយគ្រឿងៗ អាច​ផ្គត់ផ្គង់ អុកស៊ីសែន ជាអចិន្ត្រៃយ៍​សម្រាប់ គ្រែព្យាបាល ចំនួន ២៥០ ក្នុង​រយៈពេល​ជាង ១០ឆ្នាំ។

ទៅតាម​ការស្នើសុំ​របស់​អាជ្ញាធរ​ឥណ្ឌា ម៉ាស៊ីន​ផលិត​អុកស៊ីសែន​នឹងត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យរដ្ឋ​ចំនួន​៨ ដែលនៅក្នុងនោះ មាន​៦ ស្ថិតនៅ​ទីក្រុង​ញូវដេលី។ សម្រាប់​ឯកអគ្គរដ្ឋទូតបារាំង​ប្រចាំប្រទេស​ឥណ្ឌា នៅ​ឆ្នាំមុន ឥណ្ឌា​បាន​ជួយ​បារាំង នៅពេល​បារាំង​ត្រូវការបន្ទាន់​ថ្នាំពេទ្យ សម្រាប់​ព្យាបាល​អ្នកជំងឺកូវីដ។ បារាំង​មិន​ភ្លេច​គុណបំបាច់​នេះឡើយ។ បារាំង​ចង់​បង្ហាញ​ផងដែរ ការសាមគ្គីភាព​ជាមួយ​ប្រទេស​ឥណ្ឌា​ដែល​កំពុង​ជួបការលំបាក​ខ្លាំង​នៅពេលនេះ។

ក្រៅពីម៉ាស៊ីន ផលិត​អុកស៊ីសែន ដែល​ឥណ្ឌាកំពុង ដាច់​ខ្វះខាតខ្លាំង ជំនួយ​បារាំង​មាន​ផងដែរ ម៉ាស៊ីន​ជំនួយផ្លូវដង្ហើម ២៨គ្រឿង ហើយ​និង​គ្រឿងបរិក្ខាពេទ្យ​ផ្សេងទៀត។

តាម​អាជ្ញាធរ​ឥណ្ឌា ចំនួនអ្នកឆ្លង​បាន​ធ្លាក់ថយ​ចុះបន្តិច នៅថ្ងៃ អាទិត្យនេះ ប៉ុន្តែ ចំនួន​អ្នកស្លាប់​វិញ គឺ​មាន​ច្រើនជាង ថ្ងៃ​មុនៗ ប្រមាណ ៣៦៨៩នាក់ ក្នុង​រយៈពេល ២៤ម៉ោង។ គិត​ ក្នុង​រយៈពេល មួយខែ មេសា ចំនួន​អ្នកឆ្លង កូវីដ​នៅ​ឥណ្ឌា មាន​ជាង ៧លាននាក់ ដែល​ធ្វើ​ឲ្យឥណ្ឌា មាន​អ្នកឆ្លងសរុប ជាង ១៨លាននាក់។

ដោយសារតែ​ចំនួនអ្នកឆ្លងកូវីដ​កើនឡើង លឿនខ្លាំង ប្រមាណ ជាង ៣សែននាក់ ក្នុង​មួយថ្ងៃៗ យ៉ាងដូច្នេះ មន្ទីរពេទ្យ​ឥណ្ឌា​ដែល​ជន់ជោរ​ដោយអ្នកជំងឺ ខ្វះសព្វ ខ្វះគ្រប់ តាំង​ពី​គ្រែ ថ្នាំ និង​ខ្យល់អុកស៊ីសែន។ នៅពេល​មន្ទីរពេទ្យ​ជាច្រើន​បាន​បិទទ្វារ លែង​អាច​ទទួល​យក​អ្នកជំងឺ ប្រជាជន​ឥណ្ឌា​បានស្វែងរក ថ្នាំ និង​អុកស៊ីសែន នៅ ផ្សារងងឹត ដើម្បី សង្រ្គោះសាច់ញាតិ​ជាទីស្រឡាញ់របស់ខ្លួន។ កង្វះ​អុកស៊ីសែន គឺ​ជា​ដើមហេតុ​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​អ្នកជំងឺកូវីដ​ជាច្រើន ដាច់​ខ្យល់ស្លាប់ នៅមុខ​មន្ទីរពេទ្យ ទាំង​មិនទាន់​បាន​ទទួល​ការព្យាបាល។ នៅទីក្រុង​ញូវដេលី វាលកប់ខ្មោច និង​ឈាបនដ្ឋាន ដំណើរការ មិនដាច់។ ដោយសារ ចំនួនអ្នកស្លាប់​មាន​ច្រើនពេកទៅ កន្លែង​ចតរថយន្ត ឬ ដីវាល​ល្មមៗ​បាន​ក្លាយ​ទៅ​ជា​កន្លែង​ដុតសាកសព​អ្នកជំងឺកូវីដ ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI