អាមេរិក-កូរ៉េខាងជើង

សហរដ្ឋអាមេរិក អំពាវនាវ​ឲ្យ​​​កូរ៉េខាងជើង យល់ព្រម​បើក​ផ្លូវ​​ចរចា​ការទូត

លោករដ្ឋមន្រ្តីការបរទេសអាេមរិក Antony Blinken ពេលជួបប្រជុំជាមួយ​លោក​រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង Chung Eui-yong ក្នុងឱកាស​កិច្ចប្រជុំ​ G7 នៅទីក្រុងឡុងដ៍ ថ្ងៃទី៣ ឧសភា ២០២១
លោករដ្ឋមន្រ្តីការបរទេសអាេមរិក Antony Blinken ពេលជួបប្រជុំជាមួយ​លោក​រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង Chung Eui-yong ក្នុងឱកាស​កិច្ចប្រជុំ​ G7 នៅទីក្រុងឡុងដ៍ ថ្ងៃទី៣ ឧសភា ២០២១ AP - Ben Stansall

នៅក្នុងឱកាសបើក​​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃ​ក្រុម​ប្រទេសសេដ្ឋកិច្ច​នាំមុខ G7 នៅទីក្រុង​ឡុងដ៍ កាលពីថ្ងៃចន្ទ ទី​៣ឧសភា លោកអង់តូនី ប្លីងកិន រដ្ឋមន្ត្រី​ការបរទេសអាេមរិក បាន​ធ្វើ​បទបង្ហាញ អំពី​គោល​នយោបាយ​របស់រដ្ឋបាល ​លោក​ចូ បៃដិន ក្នុងការដោះស្រាយ​សំណុំរឿងកូរ៉េខាងជើង។ ជាគោលនយោបាយ​ ដែលរដ្ឋាភិបាលអាមេរិក និង​ផ្តល់អាទិភាព ដល់ការបើកផ្លូវចរចាបែបការទូត។ ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាន​អំពាវនាវ ឲ្យ​កូរ៉េខាងជើង ត្រូវ​យល់ព្រមទទួលយកមធ្យោបាយ​​តាមផ្លូវការទូតនេះ បើសិន​ជាកូរ៉េខាងជើង មានចេតនាដោះស្រាយ​បញ្ហាពិតមែននោះ។

ផ្សាយពាណិជ្ជកម្ម

នៅទីក្រុងឡុងដ៍ លោកអង់តូនី ប្លីងកិន បានជួប​និយាយ​គ្នា​ដាច់ដោយ​ឡែក ជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស កូរ៉េខាងត្បូង និងជប៉ុន។ ក្នុងចំណោមសំណុំរឿង ដែលគេលើក​មកនិយាយ នៅក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7​ គឺមានជាអាទិ៍ សំណុំរឿងកូរ៉េខាងជើង បញ្ហាវិបត្តិនៅភូមា ព្រមទាំង​បញ្ហាឥទ្ធិពលរបស់ចិន និងរុស្ស៊ី។

ទាក់ទិននឹង​បញ្ហាកូរ៉េខាងជើង លោក រដ្ឋមន្ត្រីការបរទេសអាេមរិក បាន​ថ្លែងថា លោកសង្ឃឹមថា កូរ៉េខាងជើង នឹងឆក់យកឱកាសដ៏ល្អនេះ ដើម្បីចាប់ចាប់ផ្តើម វែកផ្លូវចរចាការទូត ជាមួយ​នឹងសហរដ្ឋអាេមរិក ដើម្បីឈានទៅ​ដោះស្រាយ​សំណុំរឿងនុយក្លេអ៊ែរ។ លោក​បានបន្ថែមថា អាេមរិកបាន​បើកទ្វារចំហរ បង្ហាញឆន្ទៈយ៉ាងច្បាស់ហើយ ថាចង់ផ្តល់អាទិភាព​ដល់មធ្យោបាយ​ការទូត។ ដូច្នេះអំណេះតទៅ អ្វីៗគឺស្ថិតនៅលើកូរ៉េខាងជើង ថាតើចង់ដើរចូលតុចរចា ដែរឬទេ។ លោក​បាន​បញ្ជាក់​ថា ភាគីសហរដ្ឋអាមេរិក កំពុងរងចាំ ទទួលដំណឹងពីកូរ៉េខាងជើង ថាតើឆ្លើយតបយ៉ាងណា ហើយនិង​យល់ព្រមធ្វើអ្វីខ្លះ ឲ្យជាក់ស្តែង ដើម្បី​ផ្តល់សង្ឃឹមដល់មធ្យោបាយ​ការទូតនេះ។

គួរបញ្ជាក់ថា យោងតាមប្រភពពីក្រសួងការបរទេសអាេមរិក បាន​ឲ្យដឹងថាកូរ៉េខាងត្បូង ព្រមទាំង​ជប៉ុន បានស្រុះស្រួលគ្នាជាមួយ​ រដ្ឋាភិបាលលោកចូ បៃដិន ក្នុងការកំណត់កម្មវត្ថុរួមមួយ គឺឈានទៅរុះរើទាំងស្រុង នូវកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

កាលពីសប្តាហ៍មុននេះ លោកស្រី​ ជេន សាគី អ្នកនាំពាក្យសេតវិមាន​អាមេរិក បានបញ្ជាក់ថា ក្នុងការដោះស្រាយ​សំណុំរឿងកូរ៉េខាងជើង គឺរដ្ឋបាល​លោក ចូ បៃដិន ចង់ប្រើវិធីចរចាការទូត ដែលឆ្លើយតបនឹងតថៈភាពពិតជាក់ស្តែង មួយដំណាក់កាលម្តង។ ពោលគឺ ​មិនចង់​ធ្វើដោយ​តក់ក្រហល់ ដើម្បីចង់បាន​កិច្ចព្រមព្រៀងធំមួយភ្លាមៗ ដូចកាលជំនាន់លោកដូណាល់ ត្រាំទេ តែក៏មិនសំងំអត់ធ្មត់យូរ ដូចកាលជំនាន់​លោកអូបាម៉ាដែរ។

គួរកត់សំគាល់ថា រហូតមកទល់ពេលនេះ ភាគីកូរ៉េខាងជើង បាន​ប្រកាសបិទផ្លូវចរចាទាំងអស់ ជាមួយសហរដ្ឋអាមេរិក។ លោក Kwon Jong Gun មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង បាន​ចាត់ទុក « នយោបាយ​ចរចាតាមផ្លូវ​ការទូត » ដែលស្នើដោយលោកចូ បៃដិន ថាគឺជារឿងបោកប្រាស់ លាក់ពុត ដើម្បី​តែធ្វើបាប គំរាម និង​កៀបសង្កត់មកលើកូរ៉េខាងជើងតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI