ឥណ្ឌា-កូវីដ១៩

ធនាគារជាតិ​ឥណ្ឌា ត្រៀម​ប្រាក់​​៦៧០០​លាន​ដុល្លារ សម្រាប់​កម្ចី​ការប្រាក់​ថោក​ក្នុង​វិស័យ​សុខភាព

ក្រុមគ្រួសារអ្នកជំងឺ កំពុងតវ៉ាជាមួយ​ភ្នាក់ងារសន្តិសុខ សុំឲ្យ​ទទួល​អ្នកជំងឺកូវីដ​១៩ ដែលរងចាំនៅខាងមុខមន្ទីរពេទ្យ។ មន្ទីរពេទ្យ Holy Family Hospital ក្រុងញូដេលី ថ្ងៃទី១ ឧសភា ២០២១
ក្រុមគ្រួសារអ្នកជំងឺ កំពុងតវ៉ាជាមួយ​ភ្នាក់ងារសន្តិសុខ សុំឲ្យ​ទទួល​អ្នកជំងឺកូវីដ​១៩ ដែលរងចាំនៅខាងមុខមន្ទីរពេទ្យ។ មន្ទីរពេទ្យ Holy Family Hospital ក្រុងញូដេលី ថ្ងៃទី១ ឧសភា ២០២១ REUTERS - DANISH SIDDIQUI

រលកឆ្លងរាលដាលកូវីដ​១៩ កំពុងបន្តបោកបក់​នៅប្រទេសឥណ្ឌា ដោយ​នៅក្នុង​២៤ម៉ោងចុងក្រោយ មានអ្នកឆ្លងថ្មីបន្ថែម ចំនួនប្រមាណ​​​៣៨២០០០នាក់ ចំណែកអ្នកស្លាប់វិញមាន​ប្រមាណ ​៣៧៨០នាក់។ ប្រព័ន្ធសុខាភិបាលឥណ្ឌា កំពុង​ស្ថិតនៅក្នុងសំពាធដ៏សែនធ្ងន់។ ដើម្បីជួយ​វិស័យសុខាភិបាល ធនគារជាតិឥណ្ឌា បានប្រកាសនៅថ្ងៃពុធនេះថា បានត្រៀមប្រាក់ចំនួន ៦៧០០លានដុល្លារ ដើម្បី​ផ្តល់កម្ចី ក្នុង​ការប្រាក់ថោក សម្រាប់វិស័យ​សុខភាព។

ផ្សាយពាណិជ្ជកម្ម

ប្រាក់ចំនួន៦៧០០លានដុល្លារ ត្រូវបាន​ត្រៀម សម្រាប់កំចី​ក្នុងការប្រាក់ថោក យកទៅប្រើ​ក្នុងវិស័យសុខភាព។ លោក​ Shaktikanta Das​ អគ្គទេសាភិបាលធនាគារជាតិឥណ្ឌា បានបញ្ជាក់ថា កម្ចី​នេះ គឺគេអាចស្នើសុំបាន​ពីនេះ រហូតដល់ខែមីនា ឆ្នាំ​២០២២។ លោក​បន្ថែមថា ប្រសិនបើ​វិបត្តិកូវីដ​នៅតែបន្ត ធនាគារជាតិ​ឥណ្ឌា នឹងចេញវិធានការ​ពិសេសបន្ថែមទៀត។

លោកទេសាភិបាលធនាគារជាតិឥណ្ឌា បានបញ្ជាក់ថា ល្បឿនដ៏លឿនរបស់កូវីដ​១៩ ដែលផ្តាច់ជីវិតប្រជាជនឥណ្ឌានាពេលបច្ចុប្បន្ននេះ គឺតម្រូវ​ឲ្យ​អាជ្ញាធរ ត្រូវតែ​ឆ្លើយ​តបជាមួយ​នឹងវិធានការពិសេស ដ៏ឆាប់រហ័ស នឹងធំមហិមាដែរ។ ប្រាក់​កម្ចីដែល​របស់ធនាគារជាតិនេះ​ គឺអនុញ្ញាតឲ្យ​ពង្រឹងសមត្ថភាព​ សង្គ្រោះ​ និង​ព្យាបាលអ្នកជំងឺនៅតាមមន្ទីរពេទ្យ។ ធនាគារទូទៅ អាច​ផ្តល់ប្រាក់កម្ចី យ៉ាងរហ័ស ក្នុងការប្រាក់ថោក ទៅឲ្យ​មន្ទីរពេទ្យនានា យកទៅទិញសម្ភារៈចាំបាច់ ឬអាចផ្តល់កម្ចីទៅឲ្យ​សហគ្រាសផលិតខ្យល់ឧុកស៊ីសែន ឲ្យ​បង្កើនពង្រីកការផលិត ឬក៏អាចផ្តល់កម្ចីដល់ប្រជាជនសាមញ្ញ ដែលត្រូវការ​យកទៅមើលជំងឺជាដើម។ ក្រៅពីវិធានការបន្ទាន់នេះ ធនាគារជាតិឥណ្ឌា ក៏នឹង​អនុគ្រោះឲ្យ​សហគ្រាសមួយចំនួន ក្នុងវិស័យពាណិជ្ជកម្ម ឲ្យ​អាចពន្យាពេលបន្ថែមទៀត ក្នុងការសងការប្រាក់។

សូមបញ្ជាក់ថា វិស័យសុខាភិបាលឥណ្ឌា មានភាពទ្រុឌទ្រោមជាទីបំផុត ជាមួយនឹង​ទំងន់ នៃវិបត្តិកូវីដ​១៩។ អ្នកជំងឺខ្លះ ដេកស្លាប់នៅខាងមុខមន្ទីរពេទ្យ នៅតាមចិញ្ចើមថ្នល់ ដោយ​សារតែពេទ្យគ្មានលទ្ធភាពទទួល។ គិតមកត្រឹមពេលនេះ ឥណ្ឌា មានអ្នកឆ្លងកូវីដ​១៩ សរុបប្រមាណ​២០លាន​៣សែន​នាក់ និងមានអ្នកស្លាប់ ប្រមាណ​២២២០០០នាក់។ អ្នកជំនាញខ្លះ បានថ្លែងការបារម្ភថា កម្រិតឆ្លងរាលដាល មួយថ្ងៃ​៥សែននាក់ នៅឥណ្ឌា អាចមានយូរថ្ងៃទៀត ដែលនឹងធ្វើឲ្យ​មនុស្សស្លាប់កាន់តែច្រើន។

ដោយសារតែចង់ការពារសេដ្ឋកិច្ច រដ្ឋាភិបាលសហព័ន្ធឥណ្ឌា ដឹកនាំដោយលោកណារិន្ទ្រ ម៉ូឌី បានបដិសេធ មិនព្រមចេញវិធានការបិទខ្ទប់ប្រទេសទាំងស្រុងមួយរយៈទេ បើទោះបីជាអ្នកជំនាញ​បាន​អំពាវនាវខ្លាំងក៏ដោយ។ កាលពីថ្ងៃអាទិត្យ លោក Uday Kotak ប្រធានសហព័ន្ធសហជីព​ឧស្សាហកម្មឥណ្ឌា (CII) បានអំពាវនាវ ឲ្យរដ្ឋាភិបាលត្រូវ​តែ​កាត់បន្ថយសកម្មភាពសេដ្ឋកិច្ច និងចរាចរណ៍មនុស្ស ដើម្បីកាច់បំបាក់កម្លាំងឆ្លងរាលដាល របស់កូវីដ​១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI