ចិន-ឧស្ម័នផ្ទះកញ្ចក់

ចិនតែម្នាក់ឯង ​បញ្ចេញ​ឧស្ម័នកាបូនិក ច្រើនជាង ប្រទេស ៣៧ បូកបញ្ចូលគ្នា

រូបភាពឆ្នាំ​២០១០ បង្ហាញ​កម្មករចិន​នៅ​ក្បែររោងចក្រ​ដុតធ្យូងថ្ម នៅ​ Changchun ក្នុង​ខេត្ត​Jilin ប្រទេស​ចិន
រូបភាពឆ្នាំ​២០១០ បង្ហាញ​កម្មករចិន​នៅ​ក្បែររោងចក្រ​ដុតធ្យូងថ្ម នៅ​ Changchun ក្នុង​ខេត្ត​Jilin ប្រទេស​ចិន ASSOCIATED PRESS

មហាអំណាច​សេដ្ឋកិច្ច​លេខ​២​ក្នុង​ពិភពលោក ចិន​បាន​ក្លាយ​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័នកាបូនិក ច្រើនជាងគេ​ក្នុង​លោក។ តាមរបាយការណ៍​របស់​ក្រុមស្រាវជ្រាវ​អាមេរិកាំងឈ្មោះ Rhodium Group (ដែល​ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍ ទី ៦ ឧសភា) នៅ​ឆ្នាំ ២០១៩ ចិន​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ប្រមាណ ២៧ភាគរយ​នៃ​ឧស្ម័នផ្ទះកញ្ចក់ សរុប ក្នុង​ពិភពលោក ពោល ច្រើនជាង ចំនួន ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ក្រុមប្រទេស​សមាជិក របស់​អង្គការ​OCDE ទាំងអស់​បូកបញ្ចូល​គ្នា។

ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រតិបត្តិការ​និង​អភិវឌ្ឍ​សេដ្ឋកិច្ច OCDE មាន ៣៧​ប្រទេស ដែលនៅក្នុង​នោះ មាន​អាមេរិក សមាជិក​ទាំង​២៧​របស់សហភាពអឺរ៉ុប អូស្ត្រាលី និង​ជប៉ុន​ជាដើម ដែល​សុទ្ធសឹង​ជា​ក្រុម​ប្រទេស​មហាឧស្សាហកម្ម ពូកែ​ខាង​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។ តាម​របាយការណ៍​របស់​ក្រុមស្រាវជ្រាវ​អាមេរិកាំង Rhodium Group សហរដ្ឋអាមេរិក​ដែល​ជាប់ចំណាត់ថ្នាក់​លេខ ២ បន្ទាប់​ពី ប្រទេស​ចិន បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ (ឧស្ម័នកាបូនិក និង​ឧស្ម័នមេតាន) ប្រមាណ​១១% ចំណែក សហភាព​អឺរ៉ុប​បញ្ចេញ ៦,៤% នៅពេល​ជប៉ុន បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ២,២%។ បូកសរុប​មកឃើញថា សមាជិក​ទាំង ៣៧​ប្រទេស របស់​អង្គការ​OCDE បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ មិនដល់​ប្រទេស​ចិន​តែម្នាក់ឯង ផង នៅ​ឆ្នាំ ២០១៩។

ជាទូទៅ ចិន​មិន​ដែល​ផ្សព្វផ្សាយ​ឲ្យទៀងទាត់​ទិន្នន័យ​ស្តីពី​បរិមាណ ឧស្ម័នកាបូនិក ឬ​មេតាន ដែល​ខ្លួន​បញ្ចេញ​ទៅក្នុង​បរិយាកាស​នោះទេ។ ប៉ុន្តែ នៅក្នុង​របាយការណ៍ ដែល​ចិនដាក់​ជូន​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ ២០១៩ ចិន​បាន​អះអាងថា ខ្លួន​បាន​បញ្ចេញ ឧស្ម័ន​ផ្ទះកញ្ចក់ ក្នុង​មួយឆ្នាំៗ ប្រមាណ ១២,៣ gigatons ឬ ជាង ១២ពាន់លានតោន ពោលគឺ​កើនឡើង ៥៣% ក្នុងរយៈពេល​តែ ១០ឆ្នាំ។

តាម​របាយការណ៍​របស់​Rhodium Group ចិន​បាន​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ដល់ទៅ ២៧% នៅ​ឆ្នាំ ២០១៩។ គេវាយតម្លៃថា នៅ​ឆ្នាំ ២០២០ ដើម្បី​ជំរុញ​សេដ្ឋកិច្ច ក្រោយ​កូវីដ ចិន​អាច​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ច្រើនជាង​ឆ្នាំ​២០១៩ ពោល​គឺ​កើនឡើង ប្រមាណ ១,៧% នៅពេល បណ្តារប្រទេស​អភិវឌ្ឍ​ផ្សេងទៀត អាក់ខាន មិនបាន​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដោយសារ​សេដ្ឋកិច្ច​ជាប់គាំង ក្នុង​សម័យកូវីដ។

ទោះចិន បាន​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ច្រើន ជាង ក្រុមប្រទេស​សមាជិក ទាំង ៣៧ របស់​OCDE បូកបញ្ចូល​គ្នា ប៉ុន្តែ បើគិត​តាំង​ពី​សម័យ បុរេ​ឧស្សាហកម្ម ( ឆ្នាំ ១៨៩០) ចំនួន​ឧស្ម័នផ្ទះកញ្ចក់​ដែល​ចិន បញ្ចេញ នៅមាន​ចំនួន​តិចនៅឡើយ បើប្រៀបធៀប​នឹង​ក្រុមប្រទេស​អភិវឌ្ឍ ដែលបាន បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ តាំង​ពី ១៧០​ឆ្នាំ​មកនេះ។

នៅ​ចុងឆ្នាំ ២០២០ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​ធ្លាប់​បាន​ប្រកាសនៅ​អង្គការ​សហប្រជាជាតិ​ថា ចិន​នឹង​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​កាបូនិក ចាប់ ពី​ឆ្នាំ ២០៣០ និង​អាច​អនុវត្ត​អព្យាក្រិតកាបូន ឬ ហ្សេរ៉ូ កាបូន នៅ​ឆ្នាំ​២០៦០។ គេ​រំពឹងថា ប្រមុខរដ្ឋ​ចិន​នឹងប្រកាស​ផែនការ​សំខាន់​មួយទៀត នៅឆ្នាំនេះ ដើម្បី ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ។ ប៉ុន្តែ នៅ​ក្នុងជំនួបកំពូល​ស្តីពីអាកាសធាតុ​ផ្តួចផ្តើម​ដោយ​ប្រធានាធិបតីអាមេរិក លោក​ស៊ី ជីនពីង​បាន​បញ្ជាក់ថា ចិន នឹង​ កាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម ដែល​ជា​ប្រភព​បញ្ចេញ​ឧស្ម័នកាបូនិក ចាប់ពី​ឆ្នាំ ២០២៦ ប៉ុន្តែ មិនមែន នៅពេល​ឥលូវនេះ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI