ជប៉ុន​ចាប់​បើក​សមយុទ្ធ​ជាមួយ​បារាំង អាមេរិក និង​អូស្ត្រាលី នៅ​សមុទ្រ​ចិនខាងកើត

កងទ័ពជប៉ុន​ក្នុង​សមយុទ្ធនៅ​ឆ្នាំ ២០១២ ជាមួយ កងទ័ព​អាមេរិក នៅក្នុង​ជាយក្រុង​តូក្យូ នៅក្នុង​​លំហាត់សឹក​ អន្តរាគមន៍ នៅក្នុង​ករណី​មាន​ការឈ្លានពាន​ពីប្រទេស​សត្រូវណាមួយ
កងទ័ពជប៉ុន​ក្នុង​សមយុទ្ធនៅ​ឆ្នាំ ២០១២ ជាមួយ កងទ័ព​អាមេរិក នៅក្នុង​ជាយក្រុង​តូក្យូ នៅក្នុង​​លំហាត់សឹក​ អន្តរាគមន៍ នៅក្នុង​ករណី​មាន​ការឈ្លានពាន​ពីប្រទេស​សត្រូវណាមួយ AP - Koji Sasahara

សមយុទ្ធយោធា ដែល​មាន​ជប៉ុន​ជា​ម្ចាស់ផ្ទះ បាន​ចាប់បើក ជាផ្លូវការ នៅថ្ងៃ​អង្គារ​ទី ១១ ឧសភា ដោយ​មានការចូលរួម ជាលើកទី១​ពីកងទ័ព​បារាំង។ នៅក្នុង​សមយុទ្ធដែល​ប្រព្រឹត្ត​ទៅ ពេញមួយសប្តាហ៍ នៅ​កោះ​Kyushu ភាគខាងលិច​ប្រទេស​ជប៉ុន នឹង​មានចូលរួម​ផងដែរ ពី​កងទ័ព​អាមេរិក និង​អូស្ត្រាលី ក្នុងគោលដៅ សំខាន់​មួយ គឺ​ទប់ទល់​មហិច្ឆតា​របស់​ចិន នៅក្នុង​តំបន់។

ផ្សាយពាណិជ្ជកម្ម

ជប៉ុន​ដែល​ស្ថិតក្នុង​សម្ព័ន្ធមិត្តចតុកោណ​ជាមួយ អាមេរិក ឥណ្ឌា និងអូស្ត្រាលី​រួចហើយ បាន​បោះដៃ ស្វាគម​ឲ្យ​បារាំង ចូលរួម​ជាលើកទី ១ ក្នុង​សមយុទ្ធ​យោធា​មួយ ដែល​ត្រូវ​ប្រព្រឹត្តទៅ នៅ​សមុទ្រ​ចិន​ខាងកើត។ បារាំងដែល​សំឡឹង​ឃើញ​ប្រយោជន៍​យុទ្ធសាស្រ្ត និង​មាន​ដែនដីនាយសមុទ្រ នៅមហាសមុទ្រ​ប៉ាស៊ីហ្វិក បាន​បង្ខិតខ្លួន ទៅ ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​ចតុកោណ (អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី) នៅ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។ ចំណែក​ជប៉ុន​វិញ ​ក៏​ត្រូវការ​មហាអំណាច​យោធា ដូចជា​បារាំង មួយ​បន្ថែម​ទៀត នៅក្នុង​បរិបទ​ដែល​ជប៉ុន​កំពុង​បារម្ភ​ពីការពង្រីកអំណាច និង​ឥទ្ធិពល​យោធា​របស់​ចិន នៅក្នុង​តំបន់។

សមយុទ្ធ ដែល​ប្រព្រឹត្តទៅ នៅ​កោះ Kyushu នៅ​ភាគខាងលិច​ប្រទេស​ជប៉ុន នឹងផ្តោត​ទៅលើ​លំហាត់សឹក​ជើងគោក ជើងទឹក និង​ជើងអាកាស។ តាម​អ្នកទទួលខុសត្រូវ​របស់​កងទ័ព​ជើងទឹក​បារាំង នៅក្នុង សមយុទ្ធ​ ជើងទឹក ដែល​ត្រូវ​ចាប់ផ្តើម​ នៅ​ថ្ងៃសុក្រ នឹង​មាន​នាវា​មុជទឹក​មួយគ្រឿង​របស់​ជប៉ុន នាវាចម្បាំង​១០គ្រឿង ដែលមាន​៦​គ្រឿង​ជា​របស់​ជប៉ុន មួយគ្រឿង​របស់អាមេរិក មួយគ្រឿង​របស់អូស្ត្រាលី និង​ពីរគ្រឿង របស់​បារាំង ដែលនៅក្នុង​នោះ ១​គ្រឿង ជា​នាវាដឹកឧទ្ធម្ភាគចក្រ។ ក្រៅតែពីមាន​យន្តហោះចម្បាំង យន្តហោះល្បាត​របស់អាមេរិក និង​ជប៉ុន សមយុទ្ធ​នៅលើដីគោក នឹង​មានការចូលរួម​ពី​ទាហាន​សរុប ៣០០នាក់ ដែលនៅក្នុងនោះ ៦០នាក់ ជាទាហាន​បារាំង។

ប្រធានបទ​សំខាន់​នៃសមយុទ្ធ​ផ្តោត​ទៅលើ​វិធីសាស្រ្ត​នាវាចរណ៍ ការប្រយុទ្ធប្រឆាំង​កប៉ាល់​យន្តហោះ និង នាវាមុជទឹក​របស់​សត្រូវ។ តាម​មន្រ្តីយោធា​បារាំង សមយុទ្ធ​ជើងគោក ដែល​ផ្តោត​ទៅលើ​ការប្រយុទ្ធ ធ្វើសង្រ្គាម​នៅ​ទីក្រុង​នឹងធ្វើឡើង ក្នុង​ក្របខ័ណ្ឌ រឹតត្បិត​បំផុត ដើម្បី សម្របតាម វិធានការ សុខភាព ក្នុង​កាលៈទេសៈ​កូវីដ។

សម្រាប់​ប្រធាន​វិទ្យាស្ថាន World Studies នៅ​សកលវិទ្យាល័យ Takushoku នៅទីក្រុង​តូក្យូ លំហាត់សឹក​រៀបចំ​ដោយ​ជប៉ុន​លើកនេះ មាន​ទម្រង់ ជា​ការប្រឆាំង​វាយបក​នៅ​ចំពោះមុខ ចរិត​ឈ្លានពាន របស់​ចិន នៅក្នុង​តំបន់។

នៅក្នុង​ជំនួបទ្វេភាគី​ជាមួយ ប្រធានាធិបតី​អាមេរិក កាលពី​ខែ​មេសា លោកនាយករដ្ឋមន្រ្តី​ជប៉ុន Yoshihide Suga បាននិយាយ​ថា តូក្យូ និង​វ៉ាស៊ីនតោន ប្រឆាំង​ដាច់ខាត​នឹង​ការប៉ុនប៉ង​របស់​ចិន ដែល​ចង់​ផ្លាស់ប្តូរ​លក្ខន្តិកៈដើម តាមរយៈ ការប្រើកម្លាំង ឬ​បំភិតបំភ័យ ប្រទេស​ដទៃ នៅ​សមុទ្រ​ចិនខាងត្បូង និង​ខាងកើត។ ទីក្រុង​ប៉េកាំង​វិញ បាន​វាយបក និង​រិះគន់​ការប៉ុនប៉ង​លូកដៃ ចូលកិច្ចការផ្ទៃក្នុង​របស់​ចិន ដូចជា​សំណុំរឿង​តៃវ៉ាន់ និង​ការញុះញង់ បំបែកបំបាក់​ នៅ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI