ឥណ្ឌូណេស៊ី-កូវីដ១៩

ឥណ្ឌូណេស៊ី ៖ អ្នក​ជំនាញ​ព្រួយ​ខ្លាច​ផ្ទុះ​​ករណី​កូវីដ១៩​ដូច​នៅ​ឥណ្ឌា ក្រោយ​បុណ្យ​តម​អាហារ

ប៉ូលិស​ត្រួតពិនិត្យ​​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី នាឱកាស​​បុណ្យ​តមអាហារ​
ប៉ូលិស​ត្រួតពិនិត្យ​​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ឥណ្ឌូណេស៊ី នាឱកាស​​បុណ្យ​តមអាហារ​ © Antara Foto/Abriawan Abhe, via REUTERS

​មាន​ពលរដ្ឋកាន់​សាសនាអ៊ីស្លាម​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ឥណ្ឌូណេស៊ីកំពុង​ខ្វាយខ្វល់​ខ្លាច​ផ្ទុះ​ករណី​កើត​កូវីដ​១៩ ខ្លាំង​ដូច​នៅ​ឥណ្ឌា​ ក្រោយ​ពិធីបុណ្យ​តមអាហារ​ ដែល​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៣​ឧសភា នេះ។ ថ្ងៃ​បញ្ចប់​ពិធី​បុណ្យសាសនា​ដែលតែង​តែមាន​ប្រជាពលរដ្ឋ​ធ្វើ​បំលាស់​ទី​ខ្លាំង​បំផុត។ ទោះបី​ជា​រដ្ឋាភិបាល​បាន​​ចេញបម្រាម​មិន​ឱ្យ​ធ្វើ​ដំណើរ​តាំង​តែ​ពី​ថ្ងៃទី ៦ ឧសភា​មកក៏​ដោយ ក៏​នៅ​មាន​ពលរដ្ឋ​ប្រមាណ​១៨​លាន​នាក់​ធ្វើ​​ចរាចរណ៍​ទៀត​នាឱកាសនេះ។

ផ្សាយពាណិជ្ជកម្ម

បទ​ភ្លេង​បែប​កំញើញ វីដេអូថត​បង្ហាញពី​រនាំង​បាំង​ផ្លូវ ប៉ូលិស​ចាំ​ឆែក​ និង​រំលឹក​បម្រាម​មិន​ឱ្យ​ធ្វើ​ដំណើរ លើក​លែង​តែ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ដឹកជញ្ជូន មាន​បង្ហោះ​ផ្សាយ​តាម​ប្រព័ន្ធ​សង្គម។ ​រដ្ឋាភិបាល​បានដាក់​ពង្រាយ​ ប៉ូលិស/ទាហាន​ ១៦៦០០០នាក់​ តាម​​ផ្លូវ​ជាតិ ចាំ​ត្រួតពិនិត្យ។ ​ប៉ុន្តែពលរដ្ឋ​ឥណ្ឌូណេស៊ីខ្លះ​នៅ​តែ​បំពាន​ការ​ហាមឃាត់ ខ្លះ​បាន​គេចទៅ​ជិះ​​តាម​ផ្លូវ​តូចៗ ឬ ឡើង​សំងំ​ក្នុង​ឡាន​ដឹកទំនិញ ... ជា​សរុប​​​ពលរដ្ឋ​ឥណ្ឌូណេស៊ី​​ល្មើស​បម្រាម​ជា​ច្រើន​លាន​នាក់​ កំពុ​ងបំភ័យ​អ្នកជំនាញ​ផ្នែក​រោគរាតត្បាត ដែល​យល់​ថា ឥណ្ឌូណេស៊ី អាច​នឹង​ជួប​ស្ថានការណ៍​ដូច​ឥណ្ឌា។ ​ម្យ៉ាង​ទៀត មេរោគ​កូវីដ​១៩​បំប្លែងខ្លួន​ ឥណ្ឌា អង់គ្លេស ឬ​អាហ្វ្រិកខាង​ត្បូង បាន​មក​ដល់​ឥណ្ឌូណេស៊ី​ហើយ។

កាលពី​ឆ្នាំ​២០២០ ថ្ងៃ​បុណ្យ​បញ្ចប់​ការ​តម​អាហារ​ដែល​ជា​ថ្ងៃ​ឈប់​នៅ​ឥណ្ឌូណេស៊ី និង​ជា​ថ្ងៃ​ឈប់​តែ​ម្តង​គត់​សម្រាប់​ពលករ​ជា​ច្រើន​ក្នុង​វិស័យ​មិន​ផ្លូវការ​ បាន​មក​បំប៉ោង​អត្រា​ឆ្លង​កូវីដ​១៩ យ៉ាង​ខ្លាំង។ ចំនួន​អ្នក​ឆ្លង​ថ្មី​ ប្រចាំ​ថ្ងៃ​បាន​កើន​ឡើង​ទ្វេ​មួយ​ជាពីរ ក្រោយ​បុណ្យ​តម​អាហារ​ពីរ​សប្តាហ៍។

មួយ​ឆ្នាំក្រោយមក ឥណ្ឌូណេស៊ី មិនទាន់​អាច​គ្រប់គ្រង​វីរុស​ដ៏កំណាច​នេះ​បាន​ទេ និង​មានការ​ធ្វើ​តេស្ត​វិភាគ​រក​កូវីដ​តិច​តួច​បំផុត​ក្នុងមួយ​ថ្ងៃៗ។ បើ​និយាយ​អំពី​លទ្ធភាព​ព្យាបាល​វិញ ​មន្ទីរ​ពេទ្យ​ផ្នែក​ព្យាបាល​ថែទាំ​អ្នកជំងឺ​ធ្ងន់​ មាន​ត្រឹម​​បី​កន្លែង​ប៉ុណ្ណោះ សម្រាប់​ប្រជាជន​១០ម៉ឺននាក់​។ ឥណ្ឌូណេស៊ី​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​លំដាប់​ទី​បួន​នៅ​លើ​ពិភពលោក ប្រឈម​កាន់​តែ​ខ្លាំង​ឡើង​នឹង​ករណី​កូវីដ​១៩។ តាំង​ពី​ខែ​ធ្នូ​២០២០​មក កន្លែង​កប់​ខ្មោច​ថ្មី​ត្រូវ​បាន​សាងសង់​ឡើង​នៅក្រុង​ហ្សាការតា ព្រោះ​កន្លែង​ចាស់​ពេញ​ណែន​ដោយ​អ្នក​ស្លាប់​នឹង​កូវីដ​១៩​អស់​ទៅ​ហើយ។ ការ​​ចាក់​ថ្នាំ​បង្ការ​ ក៏​យឺត​យ៉ាវ​ខ្លាំង។ មានជន​ឥណ្ឌូណេស៊ី តែ​៤%​ប៉ុណ្ណោះ​បាន​ទទួល​វ៉ាក់សាំង​មួយម្ជុលដំបូង។ ហេតុផល​មួយ​ទៀត​គឺ​ប្រជាជន​ឥណ្ឌូណេស៊ី ចំនួន​៨០%​មាន​ទម្លាប់​ព្យាបាល​ដោយ​ខ្លួន​ឯង​ នៅពេល​ធ្លាក់​ខ្លួន​ឈឺ។

មាន​ទីតាំង​ភូមិសាស្ត្រ​​ជា​ប្រជុំ​កោះ ជា​អំណោយ​ទានធម្មជាតិ​សម្រាប់​​ឥណ្ឌូណេស៊ី បិទខ្ទប់​កុំ​ឱ្យ​មានការ​ចម្លង​ ប៉ុន្តែ​ពេល​នេះ​ឥណ្ឌូណេស៊ី​ បាត់​ឱកាស និង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជាង​ពេលណា​ៗ​ទាំង​អស់​។ ឥណ្ឌូណេស៊ីហាក់​កំពុង​ឈរ​លើ​មាត់​ជ្រោះ​នៃ​ភាព​អាសន្ន ព្រោះបើ​តាម​រដ្ឋមន្ត្រី​ក្រសួង​គ្រប់គ្រង​រោគរាតត្បាត ​ក្នុង​ការធ្វើ​តេស្ត​ ​លើអ្នកដំណើរ ដោយ​ចោះ​ៗ ៦១%វិជ្ជមាន​កូវីដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI