ចិន-អវកាស

រ៉ូបូ​អវកាស​របស់ចិន បាន​ចុះចត​ដោយ​ជោគជ័យ លើ​ភព​ព្រះអង្គារ

គម្រូរ៉ូបូ Zhurong ដែលយាន Tianwen-1 នាំទៅចុះនៅភពព្រះអង្គារ ត្រូវបានដាក់តាំងបង្ហាញ​នៅទីក្រុងប៉េកាំង។ ថ្ងៃទី ១៤ ឧសភា ២០២១
គម្រូរ៉ូបូ Zhurong ដែលយាន Tianwen-1 នាំទៅចុះនៅភពព្រះអង្គារ ត្រូវបានដាក់តាំងបង្ហាញ​នៅទីក្រុងប៉េកាំង។ ថ្ងៃទី ១៤ ឧសភា ២០២១ AP - Ng Han Guan

យានអវកាសរបស់ចិន ឈ្មោះ Tianwen-1 បានចុះចតដោយជោគជ័យ នៅលើភពព្រះអង្គារ នៅថ្ងៃសៅរ៍ទី១៥ឧសភានេះ។ នេះបើផ្អែកតាមការផ្សាយ របស់បណ្តាញទូរទស្សន៍ចិន CCTV។ បេសកកម្មនេះ គឺអ្នកវិទ្យាសាស្ត្រចិន មានបំណងស្រាវជ្រាវពីសណ្ឋានដី នៅលើភពព្រះអង្គារ ព្រមទាំង​តឹកតាងផ្សេងៗ ដែលអាចបញ្ជាក់ពី​ទម្រង់នៃជីវិតណាមួយ ដែលធ្លាប់មាននៅលើភពក្រហមនេះ។

ផ្សាយពាណិជ្ជកម្ម

បណ្តាញទូរទស្សន៍ CCTV បានផ្សាយ​ថា យានទម្រ Tianwen-1 បានផ្ញើរលកសញ្ញា មកកាន់ផែនដី ដែលបញ្ជាក់ថាយាននេះ បានចុះចតបានជោគជ័យនៅលើភពព្រះអង្គារ។ ការចុះចតបានសម្រេចនៅវេលាម៉ោង ៧និង១៨នាទីព្រឹក ម៉ោងនៅក្រុងប៉េកាំង ដោយ​យាននេះបានចុះនៅ តំបន់មួយ ដែលគេដាក់ឈ្មោះថា "Utopia Planitia » ស្ថិតនៅផ្នែកខាងជើងនៃភពព្រះអង្គារ។ នេះបើផ្អែកតាមការបញ្ជាក់ របស់ទីភ្នាក់ងារអវកាសចិន។

គួរកត់សំគាល់ថា ការបញ្ជាយានអវកាស ឲ្យចុុះចតនៅលើភព​ព្រះអង្គារ ដែលមានចំងាយប្រមាណ​២០០លានគីឡូម៉ែត្រ ពីភពផែនដី គឺមិនមែនជារឿងងាយស្រួលទេ។ ចិន គឺជាប្រទេសអាស៊ីដំបូងគេបង្អស់។ កាលពីឆ្នាំ​២០១១ ចិនបាន​សាកល្បងសហការជាមួយរុស្ស៊ី ដើម្បីបង្ហោះយានរ៉ូបូទៅ​ភពព្រះអង្គារ ក៏ប៉ុន្តែគម្រោងនេះ ត្រូវបិទចោលទៅវិញ ហើយក៏បានជំរុញឲ្យចិន ប្តេជ្ញាធ្វើបេសកកម្មនេះ តែម្នាក់ឯង។

បេសកកម្មយាន Tianwen-1 បានចាប់ផ្តើមនៅខែ​កក្កដា ឆ្នាំ២០២០​ ដោយយាននេះ មានផ្គុំដោយ​៣ផ្នែក គឺផ្នែកដែលផ្តាច់ខ្លួនអណ្តែតលើខ្សែគន្លងរបស់ភពព្រះអង្គារ ជើងទម្រចុះចត និងរ៉ូបូ  « Zhurong » ដែលមានទំងន់២៤០គីឡូក្រាម។ រ៉ូបូ  « Zhurong » មានតួនាទីថតរូបភាព និងស្រាវជ្រាវពីសណ្ឋានដី នៅលើភពព្រះអង្គារ និងស្វែងរកតឹកតាង អំពីទម្រង់ជីវិត ដែលធ្លាប់មាននៅលើភពក្រហមនេះ។ រ៉ូបូនេះ មានបំពាក់ដោយផ្ទាំងកញ្ចក់ ដើម្បីផលិតថាមពលអគ្គិសនី ហើយអាចមានថាមពលដើរបាន​៣ខែ មានកាម៉េរ៉ាសម្រាប់ថតរូប មានប្រព័ន្ធរ៉ាដា និងប្រព័ន្ធឡាហ្សែរផងដែរ ដើម្បីវិភាគបរិយាកាស និង​ ថ្ម នៅលើភពព្រះអង្គារ។

គួររំលឹកថា ចិនកំពុងតែផ្តោតការប្រឹងប្រែងបំផុត នៅក្នុងវិស័យស្រាវជ្រាវអវកាស ដើម្បីតាមឲ្យទាន់សហរដ្ឋអាេមរិក រុស្ស៊ី និងអឺរ៉ុប។ ឆ្នាំ​២០២២ ចិននឹងចាប់ផ្តើម ផ្គុំស្ថានីយ៍អវកាសមួយរបស់ខ្លួន នៅលើខ្សែគន្លងផែនដី។ ចិនក៏មានគម្រោងបង្ហោះនាំមនុស្សទៅកាន់ឋានព្រះចន្ទផងដែរ ក្នុងរវាង១០ឆ្នាំខាងមុខ។ លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានឆក់ឱកាសនេះអបអរ និងឃោសនាកាន់តែខ្លាំង អំពីមោទនភាពនៃស្នាដៃរបស់​គណបក្សកុម្មុយនីស្តចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI