ចិន-អ៊ុយហ្គួរ

របាយការណ៍៖ អាជ្ញាធរចិន​កំពុង លុបបំបាត់​ជំនឿសាសនា​អ៊ីស្លាម​របស់​ប្រជាជន​អ៊ុយហ្គួរ

គ្រូជនជាតិ​អ៊ុយហ្គួរ ក្នុងថ្នាក់ រៀនមួយ ក្នុង​ខេត្ត​ស៊ីនជាំង  ខេត្ត មេសា ឆ្នាំ ២០២១
គ្រូជនជាតិ​អ៊ុយហ្គួរ ក្នុងថ្នាក់ រៀនមួយ ក្នុង​ខេត្ត​ស៊ីនជាំង ខេត្ត មេសា ឆ្នាំ ២០២១ AP - Mark Schiefelbein

របាយការណ៍​របស់​អង្គការការពារ​ជនជាតិអ៊ុយហ្គួរ មួយ​ដែល​មាន​ទីតាំង​នៅសហរដ្ឋអាមេរិកបាន ​បង្ហាញថា នៅខេត្ត​ស៊ីនជាំង អាជ្ញាធរ​ចិនបាន​រំលោភធ្ងន់ធ្ងរ​សិទ្ធិគោរព​សាសនា ដែលតាមពិត ត្រូវ​បានធានា ដោយ​រដ្ឋធម្មនុញ្ញ។ តាម​របាយការណ៍​របស់​អង្គការ Uyghur Human Right Project នៅ​ប្រទេស​ចិន ធ្វើ​ជា​អ៊ីម៉ាំ ឬគ្រូសាសនា​អ៊ីស្លាម គឺ​ងាយប្រឈម​នឹង​ការចាប់ដាក់ឃុំ ក្នុង​ពន្ធនាគារ។

ផ្សាយពាណិជ្ជកម្ម

ចាប់ខ្លួន ព្រោះតែ​បានរៀនទេវវិទ្យា នៅបរទេស។ ជាប់ពន្ធនាគារ​ក៏ដោយសារ ធ្វើជា​អ៊ីមាំ មានគម្ពីរ កូរ៉ាន ក្នុងដៃ។ តាមរបាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​អ៊ុយហ្គួរ នេះគឺ​ជាអ្វី​ដែលអ្នកកាន់សាសនា​អ៊ីស្លាម កំពុង​ជួបប្រទះ​នៅប្រទេស​ចិន។

របាយការណ៍ ដែលចងក្រោយឡើង ដោយ​ផ្អែក​ទៅលើ​សក្ខីកម្ម ឯកសារ​ទាក់ទង​នឹង​នីតិវិធី​តុលាការ ជាង ១០០០​ករណី ​បាន​បង្ហាញថា ប្រទេស​ចិន​បាន​រំលោភ​សិទ្ធិសេរីភាព​គោរពសាសនា ដែលធានា​ដោយ​រដ្ឋធម្មនុញ្ញ។

Peter Irwin អ្នកទទួលខុសត្រូវម្នាក់​នៃ​គម្រោង ការពារ​សិទ្ធិមនុស្ស​ឲ្យជនជាតិ​អ៊ុយហ្គួរ បាន​និយាយ​ថា ចំនួន​អ្នកកាន់សាសនា​អ៊ីស្លាម ដែល​អាជ្ញាធរចិន​ចាប់ឃុំខ្លួន អាច​មានច្រើនជាង តួលេខ​ដែល​អង្គការ​បាន​រកឃើញ ទៅទៀត។ នៅខេត្ត​ស៊ីនជាំង ការមាន​សម្ភារៈ ឧបករណ៍ ទាក់ទង​នឹង​សាសនា ត្រូវ​បានហាមឃាត់​ទាំងស្រុង។ គេ​អាច​ត្រូវប៉ូលិស​ចាប់ខ្លួន បើសិន មានគម្ពីកូរ៉ាន ក្នុង​ដៃ ឬ​បាន​ថតទុក អត្ថបទ​សាសនា​ក្នុង​ទូរស័ព្ទដៃ។ មួយវិញទៀត ការបង្រៀនអាន​គម្ពីកូរ៉ាន ទៅកូន គឺ​ជារឿង​ហាមឃាត់។

តាម​របាយការណ៍​ខាងលើ អ៊ីម៉ាំ ឬ​គ្រូដឹកនាំសាសនា​អ៊ីស្លាម និង​អ្នកកាន់​សាសនា​អ៊ីស្លាម ដែលមាន​កំណើត​ជា​ជនជាតិ​អ៊ុយហ្គួរ និង​កាហ្សាក់ នៅខេត្ត​ស៊ីនជាំង ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់ដាក់ពន្ធនាគារ។ នៅក្នុង​ចំណោមនោះ មាន ១៨នាក់​ស្លាប់​នៅក្នុង​ពេល​ជាប់ឃុំ។ តាម​អង្គការ Uyghur Human Rights Project ក្នុង​ចំណោម​ អ៊ីម៉ាំ គ្រូសាសនា​អ៊ីស្លាម ៣០០នាក់ ដែល​ត្រូវ​តុលាការ​ចិន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ មាន ៩៦% ត្រូវ​ជាប់ទោស ជាប់ពន្ធនាគារ លើសពី​៥ឆ្នាំ។ ដូច្នេះ គេ​អាច​និយាយ​បានថា មួយភាគបី នៃ អ៊ីម៉ាំ ឬ​អ្នកកាន់សាសនា​អ៊ីស្លាម ដែល​អង្គការ​បានស្វែងរកឃើញ​ដាន កំពុង​ជាប់ពន្ធនាគារ រយៈពេល​វែង ដោយសារ​តែ​ពួកគេ បាន​គោរពជឿ​អនុវត្ត សាសនា។

នៅមុន​ចេញផ្សាយ​របាយការណ៍​ស្តីពីការគាបសង្កត់​ផ្នែកសាសនា​នៅ ស៊ីនជាំង អាជ្ញាធរ​ចិនធ្លាប់​បាន​បដិសេធ​ការចោទប្រកាន់ និង​បានបង្ហាញ​វីដេអូ ទាក់ទង​នឹង​បុណ្យ​តមអាហារ របស់​អ្នកកាន់សាសនា​អ៊ីស្លាម​នៅ​ខេត្តស៊ីនជាំង។ នៅក្នុង​វីដេអូ គេឃើញ ប្រជាជន​អ៊ុយហ្គួរ រាំច្រៀង ប្រារព្ធ​ពិធីបុណ្យតម​អាហារ និង​ចូល​ទៅ​សូត្រធម៌​ជាធម្មតា នៅក្នុង​វិហារអ៊ីស្លាម ។

ប៉ុន្តែ សម្រាប់ ប្រធាន​សមាជពិភពលោក​នៃជនជាតិអ៊ុយហ្គួរ នោះគឺ​គ្រាន់តែ​ជារូបភាព​ឃោសនា ប្រឌិត បោកបញ្ឆោត ក្លែងបន្លំ​តែប៉ុណ្ណោះ។ នៅ​ថ្ងៃចាប់ផ្តើម​បុណ្យ​អាហារ ជនជាតិ​អ៊ុយហ្គួរ ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់បង្ខំ​ឲ្យទៅ​វិហារ ទៅលើ​បង្ហូតទង់ជាតិ​ចិន និង សូត្រធម៌ ​ដើម្បីចង់​បំភ័នភ្នែក​អន្តរជាតិ ក្នុង​ន័យថា ជនជាតិ​អ៊ុយហ្គួរ​កំពុង​សប្បាយរីករាយ​នឹង​សេរីភាព​សាសនា​នៅ​ប្រទេសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI