ចិន-អាមេរិក-សមុទ្រចិនខាងត្បូង

ចិនអះអាង​ថា បាន​បណ្តេញ​នាវា​ចម្បាំង​មួយគ្រឿង​របស់​អាមេរិក ចេញ​ពី​ប្រជុំ​កោះ​ប៉ារ៉ាសែល

នាវាបាញ់មីស៊ីល Curtis Wilbur របស់កងទ័ពជើងទឹកអាមេរិក ចូលចតនៅកំពង់ផែក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង
នាវាបាញ់មីស៊ីល Curtis Wilbur របស់កងទ័ពជើងទឹកអាមេរិក ចូលចតនៅកំពង់ផែក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង AP - Jo Jong-ho

ក្រសួងការពារជាតិចិន បានបញ្ជាក់ប្រាប់បណ្តាញ​ព័ត៌មានថា ខ្លួនបានបណ្តេញនាវាចម្បាំងមួយគ្រឿងរបស់អាេមរិក ដែលបានបើកចូលមកក្នុងតំបន់ប្រជុំកោះប៉ារ៉សែល ក្នុងសមុទ្រចិនខាងត្បូង ដែលជាតំបន់កាន់កាប់របស់ចិន។ កងទ័ពចិន អះអាងថា នាវាចម្បាំងអាមេរិក ជាអ្នកធ្វើខុស ដែលបានចូលមកបំពាន ក្នុងដែនទឹករបស់ចិន។ ទង្វើបែបនេះ គឺអាចធ្វើឲ្យ​មានការយល់ច្រឡំ និងគ្រោះថ្នាក់ជាយថាហេតុណាមួយ។

ផ្សាយពាណិជ្ជកម្ម

នាវាបាញ់មីស៊ីល Curtis Wilbur របស់កងទ័ព​អាេមរិក បានបើកចូលមកក្នុងតំបន់ប្រជុំកោះប៉ារ៉ាសែល ហើយត្រូវបាន​កងទ័ពចិន បណ្តេញចេញទៅវិញ។ នេះបើផ្អែកតាមការអះអាង របស់​លោក Tian Junli អ្នកនាំពាក្យ​បញ្ជាការដ្នានកងទ័ពជើងទឹកចិន ទទួលបន្ទុកភូមិភាគ​ខាងត្បូង។ នាវាចម្បាំង និងយន្តហោះចម្បាំងរបស់ចិន បានចេញប្រតិបត្តិការ ធ្វើឲ្យ​នាវាចម្បាំងអាមេរិក ដកថយទៅវិញ។ មន្ត្រីចិនរូបនេះ បន្ថែមថា ទង្វើរបស់កងទ័ពជើងទឹកអាមេរិកនេះ គឺបង្ហាញពីការខ្វះការ​ទទួល​ខុសត្រូវ គ្មានភាពជំនាញ ហើយវាបង្ហាញថា សហរដ្ឋអាមេរិក គឺជា​អ្នកដើរបង្ករឿង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

គួររំលឹកថា កាលពីសប្តាហ៍មុន នាវាចម្បាំងដដែលនេះរបស់អាេមរិក បានបើកឆ្លងកាត់ ច្រកសមុទ្រតៃវ៉ាន់ ដែលប្រការនេះ បានធ្វើ​ឲ្យ​ចិន​ក្តៅច្រឡោតយ៉ាងខ្លាំង។ វិបត្តិ​សមុទ្រចិនខាងត្បូង និង​ ការដណ្តើម​ដែនអធិបតេយ្យ រវាងចិន ជាមួយ​ តៃវ៉ាន់ ជប៉ុន ហាក់កំពុងតែកម្រើកឡើងវិញ ជាបណ្តើរៗ ជាមួយ​នឹងវត្តមាន កាន់តែចំហរ របស់នាវាចម្បាំងអាមេរិក។

សូមរំលឹកថា ប្រទេសជុំវិញសមុទ្រចិនខាងត្បូង មានហ្វ៊ីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប៊្រុយណេ និងវៀតណាម សុទ្ធតែជាប់វិវាទជាមួយចិន ក្នុងការដណ្តើមគ្នាកាន់កាប់ដែនសមុទ្រ។ សហរដ្ឋអាមេរិក ក្រៅពីបានចេញមុខការពារតៃវ៉ាន់ កាន់តែច្បាស់ បានអះអាងថា អាមេរិក នឹងឈរការពារសេរីភាពចរាចរណ៍ផ្លូវសមុទ្រ។

កាលពីថ្ងៃពុធ លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បាន​ថ្កោលទោសថា នាវាចម្បាំងរបស់អាមេរិក បានចល័តចុះឡើង យ៉ាងញឹកញាប់ នៅច្រកសមុទ្រតៃ​វ៉ាន់។ ទង្វើនេះ មិនមែនជា​ការបង្ហាញការការពារ សិទ្ធិសេរីភាព​ចរាចរណ៍ផ្លូវសមុទ្រទេ តែវាគឺជាទង្វើរករឿង បំផ្លាញស្ថិរភាព និងសន្តិភាព នៃតំបន់នេះទៅវិញទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI