តៃវ៉ាន់-ចិន

កូវីដ១៩៖តៃវ៉ាន់ចោទចិនពីបទប្រើវ៉ាក់សាំងបង្ការកូវីដ១៩ ក្នុងគោលដៅនយោបាយ

ចិនតៃវ៉ាន់ចោទចិនដីគោកពីបទប្រើវ៉ាក់សាំងបង្ការកូវីដ១៩ ក្នុងគោលដៅនយោបាយ
ចិនតៃវ៉ាន់ចោទចិនដីគោកពីបទប្រើវ៉ាក់សាំងបង្ការកូវីដ១៩ ក្នុងគោលដៅនយោបាយ AP

តៃវ៉ាន់​កំពុង​ស្គាល់​សន្ទុះ​កំណើន​ករណី​ឆ្លង​កូវីដ១៩ តាំង​ពី​ប៉ុន្មាន​ថ្ងៃ​ដោយ​មាន​ជាង ១ ០០០ករណី​ក្នុង​តែ​មួយ​សប្តាហ៍។ សន្ទុះ​កំណើន​ករណី​ឆ្លង​នេះ​បាន​កើត​ឡើង ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​តៃប៉ិក​កំពុង​ជួប​បញ្ហា​កង្វះ​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ វ៉ាក់សាំង​ដែល​តៃវ៉ាន់​បាន​ប្រើ​មិន​មែន​ជា​វ៉ាក់សាំង​របស់​ចិនទេ តែ​ជា​វ៉ាក់សាំង Moderna AstraZeneca និង​វ៉ាក់សាំង​របស់​ខ្លួន​ដែល​នឹង​មាន​នា​រដូវ​ក្តរៅ​ខាង​មុខ។ នាយករង​មជ្ឈមណ្ឌល​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​តៃវ៉ាន់​បាន​រម្លឹក​ជា​ថ្មី​នា​ថ្ងៃ​សៅរ៍ ទី២២ ឧសភា​ថា តៃវ៉ាន់​ខ្វះ​ការ​ទុកចិត្ត​លើ​វ៉ាក់សាំង​ចិន។ ទន្ទឹម​គ្នា​នេះ ក្រុង​តៃប៉ិក​បាន​ឆ្លៀត​ចង្អុល​មុខ​ក្រុង​ប៉េកាំង​ពី​បទ​ប្រើ​វ៉ាក់សាំង​ក្នុង​គោលដៅ​នយោបាយ។

ផ្សាយពាណិជ្ជកម្ម

ប្រឈម​នឹង​បញ្ហា​កង្វះ​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ដែល​តៃវ៉ាន់​កំពុង​ជួប​ប្រទះ​ពេល​នេះ សំឡេង​គាំទ្រ​ចិន​នៅ​តៃវ៉ាន់​ឲ្យ​ប្រើ​វ៉ាក់សាំង​ចិន​កំពុង​បន្ត​មាន​ឡើង​យ៉ាង​ផុសផុល។ សម្រាប់​តៃវ៉ាន់ ចិន​កំពុង​ឆ្លៀត​ទាញ​ចំណេញ​នយោបាយ​ពី​បញ្ហា​កង្វះ​វ៉ាក់សាំង​នៅ​តៃវ៉ាន់​ដើម្បី​ឲ្យមាន​ការ​ប្រើ​វ៉ាក់សាំង​ចិន។ គួរ​រម្លឹក​ថា​ខណៈ​នេះ ក្នុង​ចំណោម​ប្រជាជន​តៃវ៉ាន់​សរុប​ទាំង ២៤លាននាក់ មាន​មិន​ដល់ ១% ផង​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ វ៉ាក់សាំង​ដែល​តៃវ៉ាន់​កំពុង​ប្រើ​គឺ​វ៉ាក់សាំង Moderna និង AstraZeneca ពោល​មិនមែន​វ៉ាក់សាំង​ចិន​ទេ។ តែ​វ៉ាក់សាំង​ដែល​តៃវ៉ាន់​កំពុង​រំពឹង​ខ្លាំង​ជាង​គេ គឺ​វ៉ាក់សាំង​ធ្វើ​ខ្លួន​ឯង​ដែល​សង្ឃឹម​មាន​នៅ​រដូវ​ក្តៅ​ខាង​មុខ។ ក្នុង​សប្តាហ៍​កន្លង​ទៅ តៃវ៉ាន់​បាន​ទទួល​វ៉ាក់សាំង​តែ ៣០០ ០០០ដូស​ប៉ុណ្ណោះ​ក្នុង​ចំនួន​វ៉ាក់សាំង ២០លានដូស​ដែល​ខ្លួន​បាន​កម្ម៉ង់ទិញ​ពី​មន្ទីរពិសោធន៍ Moderna និង AstraZeneca។

ការ​ផ្គត់ផ្គង់​មិន​ទាន់​ពេល ឬ​ការ​ពិបាក​ជញ្ជូន​ឲ្យ​តៃវ៉ាន់​ត្រូវ​បាន​រដ្ឋាភិបាល​តៃវ៉ាន់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​មួយ​ផ្នែក​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ តាម​ប្រភព​ផ្លូវការ​ចុះ​ផ្សាយ​ដោយ​កាសែត​តៃវ៉ាន់ ចិន​ប្រហែល​ជា​បាន​រារាំង​ចំនួន​ពីរ​ដង​លើ​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​ទៅ​ឲ្យ​តៃវ៉ាន់​តាម​រយៈ​យន្តការ​កូវ៉ាក់​របស់​អង្គការ​សុខភាពពិភពលោក។ ក្រុង​តៃប៉ិក​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​នា​ខែ​កុម្ភៈ​កន្លង​ទៅ​ថា ការ​ដែល​ខ្លួន​ចរចា​ទិញ​វ៉ាក់សាំង​ពី​មន្ទីរពិសោធន៍​អាល្លឺម៉ង់ BioNTech មិន​បាន​សម្រេច​ក៏​ដោយសារ​មាន​ការ​លូកដៃ​រាំរាំង​ពី​ចិន​ដែរ។ « ការ​ទទួល​បាន​វ៉ាក់សាំង​របស់​តៃវ៉ាន់​កំពុង​បន្ត​រារាំង​ដោយ​ចិន » នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​ប្រធានាធិបតី​តៃវ៉ាន់​កាល​ពី​ថ្ងៃ​ពុធ ទី១៩ ឧសភា។

តែ​ដើម្បី​ពន្លឿន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដោយ​បន្ត​មិន​ប្រើ​វ៉ាក់សាំង​ចិន តៃវ៉ាន់​កំពុង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ទទួល​បាន​ចំនួន​ដូស​ដែល​ខ្លួន​បាន​កម្មង់​ទិញ​ពី Moderna និង AstraZeneca។ ក្តី​សង្ឃឹម​មួយ​ទៀត​របស់​តៃវ៉ាន់​ក្នុង​ពេល​ដែល​កំពុង​រង់ចាំ​វ៉ាក់សាំង​ធ្វើ​ខ្លួន​ឯង គឺ​ការ​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​ខ្លះ​ពី​ក្នុង​ចំនួន​វ៉ាក់សាំង​ប្រមាណ ២០លានដូស​ដែល​រដ្ឋបាល​អាមេរិក​របស់​លោក​បៃដិន​សន្យា​ផ្តល់​ឲ្យ​ប្រទេស​ដែល​កំពុង​ជួប​បញ្ហា​កង្វះ​វ៉ាក់សាំង។ គឺ​ជា​ជំនួយ​មួយ​ដែល​អាមេរិក​ពិបាក​បដិសេធ ខណៈ​ដែល​អាមេរិក​កំពុង​ទប់​ឥទ្ធិពល​របស់​ចិន​ទៅ​លើ​តៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI