អាហ្វហ្កានីស្ថាន-អូស្ត្រាលី

អូស្ត្រាលី​ប្រកាស​បិទ​ស្ថានទូត នៅកាលៈទេសៈដែល​អាមេរិក​ដកទ័ព​ពីអាហ្វហ្កានីស្ថាន

នៅទីក្រុង Leipzig កងទ័ពអាល្លឺម៉ង់​ដែលស្ថិតក្នុងក្របខ័ណ្ឌរបស់អូតង់  ទាញបញ្ចេញ​​ឧទ្ធម្ភាគចក្រពីក្នុង​យន្តហោះ ដែល​ហោះមកពីអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី ១៨ឧសភា ២០២១ នៅក្នុង​បរិបទ​ដកកងទ័ពបរទេស​ចេញពីអាហ្វហ្កានីស្ថាន។
នៅទីក្រុង Leipzig កងទ័ពអាល្លឺម៉ង់​ដែលស្ថិតក្នុងក្របខ័ណ្ឌរបស់អូតង់ ទាញបញ្ចេញ​​ឧទ្ធម្ភាគចក្រពីក្នុង​យន្តហោះ ដែល​ហោះមកពីអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី ១៨ឧសភា ២០២១ នៅក្នុង​បរិបទ​ដកកងទ័ពបរទេស​ចេញពីអាហ្វហ្កានីស្ថាន។ REUTERS - MATTHIAS RIETSCHEL

នៅចំពោះមុខ​អនាគត​ និងសន្តិសុខ​មិនច្បាស់លាស់ ដោយសារ​ការដកកម្លាំងទ័ព​បរទេស ជាពិសេស ទ័ពអាមេរិកាំង រដ្ឋាភិបាល​អូស្ត្រាលី បាន​ប្រកាស កាលពីថ្ងៃ​អង្គារ​ ទី ២៥ ឧសភា​ថា នឹង​បិទស្ថានទូត របស់ខ្លួន នៅ​អាហ្វហ្កានីស្ថាន​មួយរយៈសិន។ ដោយ​ប្រកាស​ ធានា​ការពារ​សន្តិសុខ ដល់​មន្រ្តីទូតបរទេស ក្នុង​ទីក្រុង​កាប៊ូល ក្រសួងការបរទេស​អាហ្វហ្កានីស្ថានសង្ឃឹមថា អូស្ត្រាលី​ផ្លាស់ប្តូរជំហរ ចំណែក ពួកឧទ្ទាម​តាលីបង់ ដែល បង្កើនការវាយប្រហារ ខិតចូលជិត រដ្ឋធានី​កាប៊ូលរួចហើយនោះ បានសន្យាថា ក្រុមខ្លួន​នឹង​មិនបង្កគ្រោះថ្នាក់​ដល់​ជនបរទេស​នោះទេ។ តើ​ការប្រកាស​បិទស្ថានទូត​អូស្ត្រាលី នឹង​ជះផលយ៉ាងណា​ទៅលើ​អនាគត​អាហ្វហ្កានីស្ថាន?

ផ្សាយពាណិជ្ជកម្ម

អូស្ត្រាលី​ជា​ប្រទេស​លោកខាងលិច ដំបូងគេ ដែល​ប្រកាស​បិទស្ថានទូត​របស់ខ្លួន នៅទីក្រុង​កាប៊ូល ដោយសារ​តែ​ហេតុផល ដកកងទ័ពអាមេរិក​ចេញពី​ទឹកដី​អាហ្វហ្កានីស្ថាន។

តាម​ការប្រកាស​របស់​នាយករដ្ឋមន្រ្តី អូស្ត្រាលី ស្កុត ម៉ូរីសុន កាលពី​ថ្ងៃ​អង្គារ ស្ថានទូត​អូស្ត្រាលី នៅទីក្រុង​កាប៊ូល នឹង​បិទទ្វារ​បណ្តោះអាសន្ន ចាប់​ពីថ្ងៃទី ២៨​ឧសភា។ ប្រមុខរដ្ឋាភិបាល​អូស្ត្រាលី​មិនបាន​បញ្ជាក់ថា តើ​ស្ថានទូត​នឹង​បើកទ្វារ​វិញ នៅថ្ងៃ​ណានោះទេ ប៉ុន្តែ គ្រាន់តែ​បញ្ជាក់ថា អូស្ត្រាលី នឹង​ផ្តើម​ទំនាក់ទំនង​ការទូត​ឡើងវិញ ជាមួយ​អាហ្វហ្កានីស្ថាន នៅពេលណា​ដែល​កាលៈទេសៈ​អំណោយផល។

តាម​លោក​នាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន រដ្ឋាភិបាល​អូស្ត្រាលីបានទទួលដំណឹង ថា នឹង​គ្មាន វិធានការ​ធានា​សន្តិសុខ គ្រប់គ្រាន់ សម្រាប់​មន្រ្តីទូត​នៅអាហ្វហ្កានីស្ថាន​នោះទេ។ តាម​លោក​ស្កុត ម៉ូរីសុន​ដដែល នៅពេល​ណា កងទ័ព​អាមេរិក​ចាកចេញ​អស់​ពីអាហ្វហ្កានីស្ថាន នោះ បញ្ហា​សន្តិសុខ នឹង​កាន់តែមិន​ប្រាកដប្រជា នៅអាហ្វហ្កានីស្ថាន។

អាមេរិក និង​អូតង់​បាន​ចាប់ផ្តើម ដកបណ្តើរៗ កងទ័ព​របស់ខ្លួន ចេញពី​អាហ្វហ្កានីស្ថាន តាំង​ពី​ថ្ងៃ​ទី ១​ឧសភា និង​គ្រោង​ដកឲ្យអស់ នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា​ខាងមុខ នៅក្នុង​គម្រប់ខួប ២០ឆ្នាំ នៃ ភេរវកម្ម​វាយប្រហារ​ក្រុងញូវយ៉ក។

ពីចំណែក​អូស្ត្រាលីវិញ ដែល​បាន​ដកទ័ព ជាបន្តបន្ទាប់ ​នៅ​សល់​ទាហាន​របស់ខ្លួន ប្រមាណ ៨០នាក់​ប៉ុណ្ណោះ ដែល​កំពុង​ឈរជើង នៅ​អាហ្វហ្កានីស្ថាន។

មន្រ្តីទូត​របស់​ប្រទេស​លោកខាងលិច កំពុង​ព្យាយាម​ពុះពារ ស្វែងរក​ការធានា​សន្តិសុខ​សម្រាប់​បុគ្គលិកស៊ីវិល​របស់ខ្លួន នៅក្រោយ ការដកកងទ័ព​អាមេរិក​ចេញពីអាហ្វហ្កានីស្ថាន។ សម្រាប់ អ្នកទទួលខុសត្រូវ ផ្នែកសន្តិសុខ សម្រាប់​ជនបរទេស នៅកាប៊ូល ដែលដកស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP គោលបំណង​សំខាន់​របស់ទូត​ប្រទេស​លោកខាងលិច គឺ​នៅបន្ត​បេសកកម្ម​មនុស្សធម៌ ជួយ​ប្រជាជន​អាហ្វហ្កានីស្ថាន ប៉ុន្តែ បើសិន បុគ្គលិក​ស៊ីវិល​របស់ពួកគេ មិនអាច​ទទួល​បាន​ការធានា​ផ្នែក​សន្តិសុខទេ នោះ គឺគ្មានហេតុផលអ្វីដែល គេ​នៅបន្ត ឈរជើង នៅអាហ្វហ្កានីស្ថាន​ទៀតនោះទេ។

នៅថ្ងៃ​អង្គារ ក្រសួងការបរទេស​អាហ្វហ្កានីស្ថាន​បាន​ចេញសេចក្តីថ្លែងការណ៍ ធានា​បន្ត ការពារ​សន្តិសុខ​សម្រាប់ មន្រ្តីទូត​បរទេស និង​សង្ឃឹមថា អូស្ត្រាលី​នឹង​ផ្លាស់ប្តូរ​ជំហរ​ឡើងវិញ។

សម្រាប់លោក Nishank Motwani ​អ្នកជំនាញ​កិច្ចការ​អាហ្វហ្កានីស្ថាន ដែល​ប្រចាំការ​នៅ​អូស្រា្តលី គេមិននឹកស្មានដល់ថា រដ្ឋាភិបាល​អូស្ត្រាលី ប្រកាស​បិទស្ថានទូត នៅពេលនេះទេ។ ក្រុមតាលីបង់ នឹង​ចាត់ទុក ការប្រកាសបិទ ស្ថានទូតអូស្ត្រាលី​នៅកាប៊ូល ថា ជាជ័យជំនះ​មួយ​សម្រាប់​ក្រុមខ្លួន។ ក្រុមឧទ្ទាម តាលីបង់​ដែលទាមទារ​បានសម្រេច ឲ្យ​អាមេរិក ដកកងទ័ព​ចេញពីអាហ្វហ្កានីស្ថាន នៅ​ខែ​ឧសភានេះ បាន​បង្ខិត​ខ្លួន ចូល​កាន់តែជិត រដ្ឋធានី កាប៊ូល តាមរយៈ ការបង្កើន ការវាយប្រហារ និង​ដណ្តើម​ទីតាំង​សំខាន់ៗ របស់​កងទ័ពរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ ក្នុងកាលៈទេសៈ ដែល​សន្តិសុខ និង​សុវត្ថិភាព មិន​ច្បាស់លាស់ នៅក្រោយ ការដកកងទ័ពអាមេរិក​ចេញពីអាហ្វហ្កានីស្ថាន អនាគត​ស្ថានទូត ត្រូវ​ពឹងផ្អែក​ទៅលើ​ទីតាំង​ជា​យុទ្ធសាស្រ្ត ពោល​គឺ​ ក្នុង​តំបន់​បៃតង ដែល​ស្ថិតក្រោម​ការការពារ​យ៉ាងមាំទាំ ពី​ការវាយប្រហារ​ភេរវកម្ម ហើយនិង​ស្ថិតនៅក្បែរ ព្រលានយន្តហោះ​ដើម្បី ងាយស្រួល ជម្លៀស​មនុស្ស ក្នុងគ្រាអាសន្ន។

នៅពេល​ក្រុមតាលីបង់​ចូលកាន់កាប់​ទីក្រុង​កាប៊ូល នៅ​ឆ្នាំ ១៩៩០ ពួកនេះ​បានចូល​ក្នុង​ទីស្នាក់ការ​របស់​អង្គការ​សហប្រជាជាតិ និង​បាន​ចាប់ជំរិត សម្លាប់យ៉ាងសាហាវឃោឃៅ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក​Najibullah Ahmadzai។ នៅក្រោមការដឹកនាំ​របស់​ពួកតាលីបង់ នៅឆ្នាំ ១៩៩៨ មន្រ្តីទូត​អ៊ីរ៉ង់ ១០នាក់ ត្រូវ​ក្រុមប្រដាប់អាវុធ ចូលសម្លាប់ នៅក្នុង​ស្ថានកុងស៊ុល នៅទីក្រុង Mazar-i-Sharif ភាគខាងជើង អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI