ចិន-កូវីដ១៩

ចិន​បរិហារ​​​អាមេរិករឿង​បំផុស​គំនិត​ថា​កូវីដ​ធ្លាយ​ពី​មន្ទីរ​ពិសោធន៍

ចិន​បរិហារ​អាមេរិក​ចំពោះ​ការ​បំផុស​គំនិត​ឱ្យ​ជឿ​ថា​មេរោគ​កូវីដ​១៩​ធ្លាយ​ពី​មន្ទីរ​ពិសោធន៍
ចិន​បរិហារ​អាមេរិក​ចំពោះ​ការ​បំផុស​គំនិត​ឱ្យ​ជឿ​ថា​មេរោគ​កូវីដ​១៩​ធ្លាយ​ពី​មន្ទីរ​ពិសោធន៍ AP

តើ​មេរោគ​កូវីដ​១៩ មាន​ប្រភព​មក​ពីណា ? នេះ​ជា​សំណួរ​ដែល​ពុំ​ទាន់​រក​ឃើញ​ចម្លើយ​ទេ។ ប៉ុន្តែ​តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​នេះ សម្មតិកម្ម​ដែល​ថា​មេរោគ​កូវីដ​១៩​ មាន​ប្រភព​ចេញពី​មន្ទីរពិសោធន៍​ចិន​ បាន​និង​កំពុង​ផុស​ផុល​ជា​ថ្មី​​នៅ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​សម្រាប់​ចិន​ នេះ​ជា​ការ​សម​គំនិត​របស់​អាមេរិក។ នៅ​ថ្ងៃពុធ​ទី ២៦​ ឧសភា ២០២១​នេះ ប៉េកាំង​បានបញ្ចេញ​ប្រតិកម្ម​ តាម​រយៈ​ក្រសួង​ការបរទេស​ ​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិកថា​ជា​អ្នក​​ផ្សព្វផ្សាយគំនិត​ នាំ​ឱ្យ​គេ​ជឿ​ថា​មេរោគ​បង្ក​ជំងឺរាតត្បាត​សកល​​កូវីដ​១៩​ធ្លាយ​ចេញ​ពី​មន្ទីរពិសោធន៍​មួយ​របស់​ចិន។

ផ្សាយពាណិជ្ជកម្ម

“នៅ​សហរដ្ឋ​អាមេរិក​ អ្នក​ខ្លះ​បាន​ផ្សព្វផ្សាយ​គំនិតឃុបឃិត ​ ខ្លះ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ ​ឱ្យ​គេ​ជឿ​ថា​មេរោគ​កូវីដ​១៩​ធ្លាយ​ចេញ​មន្ទីរពិសោធន៍”។ នេះ​ជា​សំដី​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន លោក ស្ហាវ លីជៀន Zhao Lijianទៅ​កាន់​អ្នកសារព័ត៌មាន។

បើ​តាម​លោក​ ស្ហាវ ដោយ​មាន​​របាយការណ៍​របស់​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​ ជា​សំអាង​ សារព័ត៌មាន​ Wall Street Jounal បាន​ថែម​ទាំង​ចុះ​ផ្សាយ​ថា​​មាន​អ្នក​ស្រាវជ្រាវ​ចិន​បី​នាក់​ ធ្វើកា​រនៅ​ក្នុង​មន្ទីរពិសោធន៍​ក្រុង​វ៉ូហាន បាន​ធ្លាក់​ខ្លួន​ឈឺ ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ដោយ​មាន​រោគ​សញ្ញា​ស្រដៀង​នឹង​រោគ​កូវីដ​១៩ កាលពី​ខែ​វិច្ឆិកា ២០១៩ ពោល​គឺ​មួយ​ខែ​មុន​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​ជា​ផ្លូវការ។ ​កាសែត​អាមេរិកដដែល​នេះ​​ក៏​បាន​បញ្ជាក់ផង​ដែរ ថា​អាការៈ​សញ្ញា​នោះ​ក៏​អាច​ជា​សញ្ញា​រោគ​នៃ​ជំងឺ​​រដូវ​ដែរ។ ដូច្នេះ​បើ​សហរដ្ឋ​អាមេរិក​ចង់​មាន​តម្លាភាព ពិត​ប្រាកដ អាមេរិក​គួរ​តែ​ធ្វើ​ដូច​ចិន ដោយ​អញ្ជើញអ្នក​ជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក ទៅ​អង្កេត​នៅ​មូលដ្ឋាន​ទ័ព​ Fort Detrick និង​គ្រប់​មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ​ នៅ​លើ​ពិភពលោក​​។ នេះ​បើ​តាម​ការ​បក​ស្រាយ​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ដដែល។

​មាន​ទី​តាំង​នៅ​ជិត​​ទីក្រុងវ៉ាស៊ីនតោន ​មូលដ្ឋាន​ទ័ព​Fort Detrick អាមេរិក ជា​មន្ទីរ​ពិសោធន៍​ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ជីវសាស្ត្រ។

សូម​បញ្ជាក់​ថា ប្រតិកម្ម​របស់​ចិន​​ធ្លាក់​មក​ជួន​ចំពេល​ដែល​សេណារីយ៉ូ​នៃ​ការ​លេច​ធ្លាយ​មេរោគ​កូវីដ​១៩​ពីមន្ទីរពិសោធន៍​ក្រុង​វ៉ូហាន បាន​ផុស​ផុល​ជា​ថ្មី នៅ​សហរដ្ឋ​អាមេរិក​ផង និង​ក្រោយ​ពី​បណ្តា​ប្រទេស​ជាច្រើន​រាប់​ទាំង​សហគមន៍​អ្នក​វិទ្យាសាស្ត្រ​ផង បាន​អំពាវនាវ​​ នៅ​លើ​វេទិកា​មហាសន្និបាតប្រចាំ​ឆ្នាំ​​លើក​ទី​៧៤ ឱ្យ​អង្គការ​សុខភាព​ពិភពលោកបន្ត​​បើក​អង្កេត​ស៊ីជម្រៅ​រក​ប្រភព​កូវីដ។

ក្រោយ​បេសកកម្ម​បួន​សប្តាហ៍​នៅ​វូហាន​ កាលពី​ខែ​មករា អ្នក​ជំនាញ​អង្គការ​សុខភាពពិភពលោក​បាន​ចេញ​របាយការណ៍​នៅ​ខែ​មីនា ថា​ដូច​ជា​ពុំ​អាច​មាន​​សេណារីយ៉ូ​ធ្លាយ​មេរោគ​ពី​មន្ទីរ​ពិសោធន៍ទៅ​កើត​ទេ។ តែ​​រដ្ឋបាល​អាមេរិក សម័យលោក​ត្រាំ​ ជឿ​លើ​គំនិត​នេះខ្លាំងណាស់ ហើយ​​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​បាន​អះអាង​កាលពី​ខែ​មីនាដែរ​ ថាមិន​គួរមើល​រំលង​សេណារីយ៉ូ​​នេះ​ទេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI